រដូវ​បុណ្យ​ភ្ជុំបិណ្ឌ

ចាប់​តាំង​ពី​សម័យ​បុរាណកាល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ គេ​តែងតែ​ប្រារព្ធ​នៅ​ក្នុង​រដូវវស្សា​ ព្រោះ​នៅ​ក្នុង​រដូវ​នេះ​ពពួក​ប្រេត​អាច​មាន​ឱកាស​ច្រើន​ក្នុង​ការ​ស្វែងរក​ ចំណី​អាហារ​ ជាង​រដូវ​ផ្សេងៗ​ទាំងអស់។​ ម្យ៉ាង​វិញ​ទៀត​នៅ​ក្នុង​វស្សានរដូវ​ អាហារ​របស់​ពួក​ប្រេត​ ដូចជា​ភក់​ជ្រាំ​ ស្លេស្ម៍​ កំហាក​ សាកសព​ និង​កាកសំណល់​អសោចិ៍​ សម្បូរ​នៅ​ក្នុង​ខែ​ភ្លៀង​ផ្គរ​ពព្រិច។​

នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈ ពេល​១៥​ថ្ងៃ​នេះ​ មាន​ពពួក​បេតជន​ (ពួក​ប្រេត)​ សាច់ញាតិ​ទាំង​ប្រាំពីរ​សណ្ដាន​ ព្រម​ទាំង​តំណ​ញាតិ​ច្រើន​មហាកប្ប​ ដែល​អត់​ឃ្លាន​អាហារ​អស់​រយៈ ពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ​ ត្រូវ​បាន​រួច​ផុត​ពី​ការ​ឃុំឃាំង​អនុញ្ញាត​ឲ្យ​មក​ស្វែង​រក​សាច់ញាតិ​នៅ​ តាម​វត្តអារាម​ផ្សេងៗ​ ដែល​នាំ​យក​ចំណីអាហារ​ផ្សេងៗ​ មក​ឧទ្ទិស​កុសល​ឲ្យ​ខ្លួន។​ ម្យ៉ាង​វិញ​ទៀត​ បើ​តាម​សម្ដី​ចាស់ៗ​បុរាណ​និយាយ​តៗ​គ្នា​ថា​ ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​ បើ​ពពួក​បេតជន​ទាំងអស់​នោះ​ដើរ​ស្វែងរក​ញាតិ​ចំនួន​៧​វត្ត​ នៅ​តែ​មិន​ឃើញ​នោះ​ ពពួក​ប្រេត​ទាំងអស់​នោះ​នឹង​ស្រែក​យំ​ទន្ទ្រាំ​ជើង​ ព្រោះ​តែ​ការ​ខក​បំណង​ និង​ភាព​ស្រេក​ឃ្លាន​ក្រហល់ក្រហាយ​ក្នុង​ចិត្ត។​ ជា​ពិសេស​ពពួក​បេតជន​ទាំងអស់​នោះ​ នឹង​ជេរ​ដាក់​បណ្ដាសា​ដល់​សាច់ញាតិ​ កូន​ចៅ​ជា​មិន​ខាន។

ការប្រារពពិធីបុណ្យភ្ជុំបិណ្ឌ ចំពោះ​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ​ បុរាណាចារ្យ​រាជបណ្ឌិត​ខ្មែរ​យើង​បាន​រៀបចំ​រយៈ​ពេល​១៥​ថ្ងៃ​ ដោយ​ចាប់​គិត​ពី​ថ្ងៃ​ទី​០១​រោច​ ដល់​ថ្ងៃ​ទី​១៥​រោច​ ខែ​ភទ្របទ​ ជា​ពិធី​មួយ​សម្រាប់​ឧទ្ទិស​កុសល​ទៅ​ដល់​បេតជន​ញាតិ​ដែល​បាន​ស្លាប់​ទៅ។

នៅ​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ​ នៃ​ការ​កាន់​បិណ្ឌ​ ឬ​ដាក់​បិណ្ឌ​នេះ​ ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ទាំងអស់​ជាពិសេស​ក្រុម​នីមួយៗ​ដែល​បាន​រៀបចំ​ជា ​ក្រុម​ដោយ​លោក​តា​អាចារ្យ​ចាត់ចែង​នោះ​ ត្រូវ​បែងចែក​ចេញ​៣​ឬ​៤​ក្រុម​តូចៗ​ ដើម្បី​រៀបចំ​ធ្វើ​យាគូ​ ឬ​ធ្វើ​ភត្តាហារ​ជា​៣​ទៅ​៤​ឆ្នាំង​ ស្មើ​នឹង​៣​ទៅ​៤​មុខ​ម្ហូប។​

ពេល​ទូង​ស្គរ​ចំណាំ​វស្សា​ អ្នក​នៅ​ក្នុង​ក្រុម​វេន​នីមួយៗ​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ចង្ហាន់​ ហើយ​យាយ​តា​ចាស់ៗ​ក្នុង​ក្រុម​វេន​ ត្រូវ​ជ្រើស​រើស​យក​ផ្ទះ​ណាមួយ​ដើម្បី​ប្រមូល​នំនែក​រៀបចំ​បាយ​បិណ្ឌ​ បាយ​បត្តបូរ។​ រៀបចំ​រួច​ហើយ​ត្រូវ​នាំ​គ្នា​ទៅ​វត្ត​ស្ដាប់​លោក​សូត្រ​ថ្វាយ​បង្គំ​ធម៌​ សុខោ​ និង​ធម៌បរាភវសូត្រ។​

ចំណែក​ឯ​កូន​ចៅ​ដែល​នៅ​ផ្ទះ​ ត្រូវ​នាំ​គ្នា​ខិត​ខំ​ដុត​ដៃ​ដុត​ជើង​បបរ​ឬ​ស្លស្លុក​តាម​មុខ​ម្ហូប​នីមួយៗ ​ដោយ​ឡែក​ពី​គ្នា។​ លុះ​ដល់​ពេល​ព្រឹក​ព្រាង​អរុណោទ័យ​ត្រូវ​នាំ​គ្នា​រៀបចំ​ខ្លួន​ កណ្ដៀត​ យួរ​ កាន់​ ទូល​ រែក​ចង្ហាន់​ទៅ​វត្ត។

នៅ​ក្នុង​វត្ត​ លោក​តា​អាចារ្យ​ត្រូវ​រៀបចំ​ពី​ធី​រាប់បាត្រ​នៅ​លើ​ឧបដ្ឋាន​សាលា។​ បន្ទាប់​មក​លោក​អាចារ្យ​ជា​ប្រធាន​ ត្រូវ​នាំ​ពុទ្ធបរិស័ទ​វេរ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ វេរ​បាយ​បត្តបូរ។ល។​ លុះ​ដល់​ពេល​ព្រះសង្ឃ​ធ្វើ​បត្តានុមោទនគាថា​ចប់​ មេ​វេន​ក្រុម​នីមួយៗ​ត្រូវ​រៀបចំ​ម្ហូប​អាហារ​ ចំណី​ចូល​គំនាប់​ជូន​លោក​តា​អាចារ្យ​វត្ត​ ព្រម​ទាំង​ចាត់ចែង​ភោជនាហារ​ទទួល​ភ្ញៀវ​ដែល​អញ្ជើញ​ទៅ​បុណ្យ​នៅ​ក្នុង​ថ្ងៃ​ វេន​របស់​ខ្លួន​នោះ​ផង​ដែរ។

ការប្រគេនចង្ហានដល់ព្រះសង្ឃ ត្រូវបានធ្វើឡើងដើម្បីឧទិសកោសលឲ​ទៅ​ជីដូនជីតាង បងប្អូន និងញាតិទាំង៧សណ្តានដែលបានស្លាប់ក្លាយជាប្រេតហើយត្រួវបានជាប់ឃំនៅក្នុងនរក ។

ក្នុងការបើទ្វានរកនេះ ប្រេតខ្លះ មានឪកាសរួចផុតពីការជាប់​ទារុណកម្ម​នៅ​នរក ខណៈ​ដែលខ្លះទៀតត្រូវបានគេ​ដោះលែងឲនៅក្រៅនរកជាបណ្តោះអាសន្នដើម្បីទៅទទួលយកនូវចំណី និងកោសលផលបុណ្យដែលកូនចៅបានឧទិសឲ ហើយនឹងត្រូវ​ត្រឡប់​ទៅទទួលទុក្ខ​វេទនា​នៅក្នុងនរកបន្តទៀត បន្ទាប់ពីពិធីភ្ជុំបិណ្ឌនេះត្រូវបានបញ្ចប់។ ចំពោះញាតិសណ្តានដែលមិនបាននៅក្នុងនរកក៏ដោយក្តី ក៏ត្រូវបានគេចាត់ទុកថាអាចទទួលបាននូវកោសលពីពិធីការឧទិស​ក្នុង​ពិធី​បុណ្យនេះផងដែរ។

ដោយហេតុពុទ្ធសាសនិកមានការមមាញឹកចំពោះកិច្ចានុកិច្ចប្រចាំថៃ្ងនិងដើម្បីធានាថាព្រះសង្ឃត្រូវបានផ្គត់ផ្គង់ជាទៀងទាត់នោះទើបគេចែកជាក្រុមៗដាក់វេណគ្នាយកទេយ្យទានទៅប្រគេនព្រះសង្ឃរយៈពេល១៤ថៃ្ងចាប់ពីថៃ្ង១រោចដល់ថៃ្ង១៤រោចខែភទ្របទហើយអោយឈ្មោះថាវេណទី១.វេណទី១៤។រយៈពេល១៤ថៃ្ងនេះអោយឈ្មោះថាបុណ្យកាន់បិណ្ឌឬបុណ្យដាក់បិណ្ឌ ចំណែកថ្ងៃ១៥រោចដែលជាថ្ងៃចុងក្រោយនោះពុទ្ធសាសនិកពីគ្រប់វេណទាំងអស់បានមកជួបជុំគ្នាធ្វើទានចំពោះសង្ឃជាមួយគ្នាដើម្បី បញ្ចប់បុណ្យកាន់បិណ្ឌថ្ងៃទី១៥ត្រូវនឹងថ្ងៃ១៥រោចខែភទ្របទដែលជាថ្ងៃចុងក្រោយនេះអោយឈ្មោះថា ភ្ជុំបិណ្ឌ ឬថ្ងៃភ្ជុំបិណ្ឌ។

សូម​បញ្ជាក់​ដែរ​ថា​ ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​ មាន​រៀបចំ​កញ្ចប់​ចតុប្បច្ច័យ​ (ស៊ង)​ ប្រគេន​គ្រប់​ភិក្ខុ​សាមណេរ។​ ឯ​គណៈកម្មការ​វត្ត​បាន​ចាត់ចែង​នំ​អន្សម​ នំ​គម​ និង​បាយ​បត្តបូរ​ឲ្យ​ទៅ​សិស្ស​គណទុក​ប្រគេន​ភិក្ខុ​សាមណេរ​តាម​ចំណែក​ សម្រាប់​ធ្វើ​ចង្ហាន់​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់។​ ម្យ៉ាង​វិញ​ទៀត​ ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ កាល​ពី​សម័យ​បុរាណ​មាន​លេង​ល្បែង​ប្រណាំង​ក្របី​ សេះ​ ចាប់​ពី​២-៣​គូ​ ទៅ​តាម​តំបន់​រៀងៗ​ខ្លួន[ត្រូវការអំណះអំណាង]​ ​ដើម្បី​អបអរ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ឆ្លង​បង្ហើយ។​

លើស​ពី​នេះ​ទៅ​ទៀត​ក្របី​ សេះ​ និង​របស់​ដែល​ត្រូវ​ប្រកួត​ គេ​បាន​តុបតែង​លំអ​ដោយ​ប្រេង​ លាប​ពណ៌​រលើបរលោង​ មាន​ពាក់​ប្រឡៅ​ កណ្ដឹង​ត្រដោក​ ឬ​ចង្ក្រង​ជាដើម។[ត្រូវការអំណះអំណាង]​ ​កន្លែង​ខ្លះ​ទៀត​មាន​លេង​ល្បែង​ផ្សេងៗ​ខុស​ពី​នេះ​។​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ទំនៀមទម្លាប់​នេះ​ចេះ​តែ​បាត់ៗ​ រួញ​ថយ​បន្តិច​ម្ដងៗ​ សាសនា​កាន់​តែ​កន្លង​វែង​ទៅ​ នាំ​ឲ្យ​ការ​ប្រកាន់​ខ្ជាប់​ស្ទើរ​តែ​បាត់បង់​ច្រើន​ណាស់​ដែរ៕


បរាភវសូត្រ

បរាភវសូត្រ​ (អាន​ថា​ ប៉ៈ រ៉ា​ ភៈ​ វៈ​) តែង​​ត្រូវ​​បាន​ព្រះសង្ឃ​សូត្រ​នៅ​ក្នុង​ព្រះវិហារ​​ជា​រៀងរាល់​ថ្ងៃ​នា​ពេល​ទៀប​ភ្លឺ​ នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​​កាន់​បិណ្ឌ។ នៅ​ក្នុង​បរាភវសូត្រ​នេះ​​ជា​រឿយៗ​គេ​ឮ​ឃ្លា​មួយ​ដែល​ថា​ នាំ​ឲ្យ​វិនាស។ ឃ្លា​នេះ​ជា​ហេតុ​នាំ​​ឲ្យ​អ្នក​ខ្លះ​មាន​ទស្សនៈ​ថា​ ពួក​គេ​មិន​ហ៊ាន​ស្ដាប់​ធម៌​​បរាភវសូត្រ​ទេ​ ព្រោះ​ខ្លាច​វិនាស។

តាម​ពិត​បរាភវសូត្រ​មាន​ន័យ​ថា «មាត្រា​ដែល​ពោល​ពី​ធម្មជាតិ​ដែល​គ្មាន​ក្ដី​ចម្រើន​​ ឬ​ធម៌​ជា​ហេតុ​​នាំ​ឲ្យ​មាន​ក្ដី​វិនាស»។ សូត្រ​នេះ​មាន​នៅ​ក្នុង​គម្ពីរ​សុត្តន្តបិដកខុទ្ទកនិកាយ​​ សុត្តនិបាត​ តតិយភាគ​ទី​៥៤​ ទំព័រ​ទី​៣៦។

ធម៌​នេះ​យើង​អាច​អះអាង​ថា​ មិនមែន​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បាន​ដល់​នូវ​ក្ដី​វិនាស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បាន​ដឹង​ច្បាស់​​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​វិនាស​ ហើយ​ឲ្យ​គេ​ជៀសវាង​ ដើម្បី​គេច​ឲ្យ​ផុត​ពី​ក្ដី​​វិនាស​ហើយ​ ប្រសិន​បើ​គេ​មិន​បាន​ស្ដាប់​ធម៌​នេះ​ គេ​អាច​​នឹង​មិន​ដឹង​ពី​ហេតុ​​ដែល​នាំ​ឲ្យ​វិនាស​​ហេតុ​នេះ​អាច​នឹង​ប្រព្រឹត្ត​ខុស​ជា​​ហេតុ​នាំ​ឲ្យ​វិនាស​ទៅ​វិញ​ទេ។

ក្នុង​នោះ​ព្រះពុទ្ធ​បាន​បង្រៀន​ពី​ហេតុ​ផល​សាមញ្ញៗ​ និង​ជាក់ស្ដែង​​ដូចជា​ថា​ បុគ្គល​ដែល​មាន​វ័យ​ចំណាស់​ពេក​ហើយ​យក​មនុស្ស​ក្មេង​ជា​ប្រពន្ធ​ប្ដី​ភាព​ជា​បុគ្គល​អកត្ដញ្ញូ​ មិន​ដឹង​គុណ​ឪពុកម្ដាយ​ អ្នក​លេង​ល្បែង​ ៣​ប្រការ​ គឺ​​ល្បែង​ស្រី​ ល្បែង​ស្រា​ និង​ល្បែង​ភ្នាល់​គ្រប់​ប្រភេទ​ ភាព​ជា​អ្នក​ខ្ជិល​ច្រអូស​ជា​ដើម​ថា​ហេតុ​នាំ​មក​នូវ​ក្ដី​វិនាស។

ការ​បោះបាយ​បិណ្ឌ

នៅ​ព្រលឹម​ម៉ោង​៤ព្រឹក ប្រជាពលរដ្ឋ​តែងតែ​នាំគ្នា​ដើរ​ទៅវត្ដ​អារ៉ាម​នានា​នៅក្នុង​ភូមិ ឬ​នៅក្បែរ​ផ្ទះរបស់​ខ្លួន ជាមួយ​នឹងនំចំណី​ដែល​ធ្វើរួច​ជាស្រេច​ដាក់ក្នុង​ចាន ឬ​ស្បោង​ដើម្បី​ទៅវត្ដ។ ការ​បោះបាយ​បិណ្ឌ​ជាជំនឿ​អរូបិយ​មួយ​ផងដែរ ដែល​ប្រជាពលរដ្ឋ​ខ្មែរយើង​និយម​ធ្វើជា​រៀងរាល់​ព្រឹក ដើម្បី​បញ្ជូន​ឬឧទ្ទិស​កុសល​ឱ្យទៅ​ញាតិ​សន្ដាន​សាច់​សាលោ​ហិតដែល បាន​ចែកឋាន​ទៅ​បរលោក។

ការ​បោះ​បាយ​បិណ្ឌ (ការ​បោះ​ដុំ​បាយ) ជា​សកម្មភាព​មួយ​ដែល​មិន​​ទាន់​មាន​ឯកភាព​​គ្នា​នៅ​ក្នុង​សង្គម​ពុទ្ធសាសនិក​នៅ​ឡើយ​ ដោយ​អ្នក​ខ្លះ​បាន​ចាត់​ទុក​​ការ​បោះ​បិណ្ឌ​​​ជា​កិច្ច​​ដ៏​សំខាន់​មួយ​មិន​អាច​ខាន​បាន​នៅ​ក្នុង​រដូវ​បុណ្យ​កាន់​បិណ្ឌ​នេះ​ ខណៈ​ដែល​អ្នក​ខ្លះ​បាន​អះអាង​ និង​រិះគន់​ថា​ ការ​បោះ​បាយ​បិណ្ឌ​ជា​ទង្វើ​មិន​ត្រឹមត្រូវ​ ជា​ភាព​ខ្ជះខ្ជាយ​ជា​ការ​ធ្វើ​មិន​គោរព​ទាន​ជា​ដើម។

អ្នក​ដែល​​ជឿ​ថា​ បោះ​បាយ​បិណ្ឌ​​មាន​ប្រយោជន៍​គិត​ថា​ បោះ​បាយ​បិណ្ឌ​គឺ​បោះ​ឲ្យ​ពួក​ប្រេត​ (ហេតុ​នេះ​ទើប​នៅ​តំបន់​ខ្លះ​មិន​ហៅ​បាយ​បិណ្ឌ​ទេ​ តែ​ហៅ​ថា​បាយ​ប្រេត)។ ចំណែក​អ្នក​ពុទ្ធ​និយម​ខ្លះ​ទៀត​បាន​អះអាង​ថា​ ការ​បោះ​បាយ​បិណ្ឌ​ជា​ការ​​ធ្វើ​ទាន​មិន​ត្រឹមត្រូវ​តាម​ការ​បង្រៀន​របស់​ព្រះពុទ្ធ​ឡើយ។

ទន្ទឹមនឹងនេះ ដែរពួកគេបានធ្វើការអធិដ្ឋានទៅដល់សាច់ញាត្តិដែលស្លាប់និងបោះបាយបិណ្ឌនៅជុំវិញព្រះវិហារ។ ជាពិសេសពួកគេជឿថាវិញាណទាំង ឡាយណាដែលគ្មានសាច់ញាត្តិត្រូវបានគេដោះលែងពីឋាននរកឲ្យមកកាន់វត្តអារាមដើម្បីទទួលអាហារពីសាច់ញាត្តិរបស់ពួកគេនៅពេល យប់។ វិញាណពួកគេត្រូវត្រឡប់ទៅឋាននរកវិញនៅមុនពេលព្រះអាទិត្យរះ។ វិញាណអ្នកទាំងនោះគឺមានទំរង់ធំហើយខ្ពស់ដែលពួកគេ អាចបោះជំហាននៅលើប្រាសាទបាន។

ទោះជាយ៉ាងណាពួកគេមិនហានធ្វើដូច្នេះទេដោយខ្លាចថាពួកគេបានប្រព្រឹត្តអំពើបាបបន្ថែមទៀត ។ ពួកគេបានត្រឹមតែឈរយំហើយសុំអាហារ។ វិញាណទាំងនោះនឹងទៅគ្រប់៧វត្តដើម្បីរកមើលសាច់ញាត្តិនិងទទួលអាហារពីពួកគេ។ ប្រសិនបើវិញាណទាំងនោះមិនឃើញសាច់ញាត្តិរបស់ពួកគេមកវត្តទេនោះ ពួកគេនឹងដាក់បណ្ដាសាសាច់ញាត្តិរបស់ពួកគេ។ នេះហើយជា មូលហេតុដែលសាច់ញាត្តិគួរតែយកចង្ហាន់ទៅវត្តទោះបីជាច្រើនឫក៏តិចក៏ដោយក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ។

ការ​ពូនភ្នំ​ខ្សាច់​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

ទាក់ទិន​នឹង​ជំនឿ​ដែល​ពុទ្ធបរិស័ទ​លើកឡើង​អំពី​ការពូន​ភ្នំខ្សាច់ នៅអំឡុង​ពេល​បុណ្យភ្ជុំបិណ្ឌ​នេះ វាជា​ជំនឿ​មួយដែល​ខ្មែរយើង​ទូទៅ​យល់ថា វាល្អ​ហើយ​មាន​ប្រយោជន៍​ទើប​ពួកគាត់​ធ្វើ។ ហើយ​បានដាក់​លុយ​ទៅតាម​ភ្នំខ្សាច់​នីមួយៗ ព្រមទាំង​អុជធូប​ស្មាលា កំហុស​បាប​មួយ​ចំនួន​ដែលខ្លួន​បានសាង​ឡើង ដោយ​មិនបាន​ចាប់អារម្មណ៍​កន្លង​មក។ ការ​ពូនភ្នំ​ខ្សាច់នេះ​ក៏ជាការ​ឧទ្ទិសកុសល​មួយ​ជូនដល់​ឧបការីជន​ទាំងឡាយ​ដែលបាន​លាចាក​លោក​ផងដែរ។

ប្រភព៖ km.wikipedia.org