ស្វែងយល់ពីប្រទីបដែលគេបណ្តែតក្នុងពិធីបុណ្យអុំទូក! តើជាទំនៀមទម្លាប់ខ្មែរពីដើមឬយ៉ាងណា?

អស់រយៈពេលជាច្រើនឆ្នាំមកហើយ  ប្រទីបជាច្រើនដែលបង្កើតឡើងស្ថាប័នរាជរដ្ឋាភិបាលបានបង្ហាញខ្លួនមកលើផ្ទៃទន្លេសាប ហើយបញ្ចេញរូបរាងដ៏ស្រស់សង្ហា ព្រមទាំងពន្លឺចែងចាំងគួរឲ្យគយគន់រាល់ពេលដល់ពិធីបុណ្យអុំទូក ​បណ្តែតព្រះទីប ​សំពះព្រះខែម្តងៗ។ ដោយគ្រប់ប្រទីបនីមួយៗសុទ្ធតែត្រូវបានតុបតែងឡើងជាមួយនឹងអត្ថន័យតំណាងឲ្យតួនាទី ទស្សនវិស័យ និងការសម្រេចបានរបស់ក្រសួងដែលបានបង្កើតវា។

ប្រទីបដែលបណ្តែតខ្លួននៅលើដងទន្លេសាបអស់ជាច្រើនម៉ោង អមទៅដោយភ្លើងកាំជ្រួចចម្រុះពណ៌នៅពេលរាត្រី បានបង្កើតជាទស្សនីយភាពដ៏អស្ចារ្យ ដែលគេអាចឃើញបានតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ។ សម្រាប់ទេសចរបរទេសទាំងឡាយដែលមិនបានមកទស្សនាការបណ្តែតប្រទីបនេះ ខណៈដែលកំពុងដើរកម្សាន្តនៅប្រទេសកម្ពុជា វាគឺជាការខាតបង់មួយដ៏ធំធេង។

ប្រទីបទាំងនេះមានប្រភពតាំងពីសម័យចក្រភពអង្គរ មកម្ល៉េះ ពោលគឺក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលបានធ្វើពិធីបុណ្យអុំទូក ជាលើកដំបូងដើម្បីអបអរសារទរជ័យជម្នះរបស់កងទ័ពជើងទឹករបស់ព្រះអង្គ ទៅលើកងទ័ពចាម និងដើម្បីរម្លឹកគុណទៅដល់ព្រះម៉ែគង្គារ និងព្រះធរណី។

Cambodia_water_festival_01

លោកប្រសាសន៍របស់លោកបណ្ឌិត ចិន្ត ច័ន្ទរតនា ជាប្រវត្តិវិទូកម្ពុជាមួយរូប និងជាប្រធានមូលនិធិកេរ្តិ៍តំណែលខ្មែរ បានថ្លែងថា ជីវិតរបស់ប្រជាជនកម្ពុជាមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងទឹក និងដី ហើយស្ទើរតែគ្រប់បុណ្យទាំងអស់មានទាក់ទងនឹងព្រះម៉ែគង្គា និងព្រះម៉ែធរណី។ ឯចំណែកការប្រើប្រាស់ភ្លើងនៅលើប្រទីបនេះ គឺប្រហែលជាព្រះមហាក្សត្រចង់ឲ្យប្រជាជនរបស់ព្រះអង្គបានសប្បាយនឹងទស្សនីយភាពដ៏អស្ចារ្យនៅពេលរាត្រីថ្ងៃបុណ្យ។

ទោះជាយ៉ាងណា លោកបណ្ឌិត មីសែល ត្រាណេ ជាប្រវត្ថិវិទូ និងជាតិពន្ទុវិទូដ៏ល្បីល្បាញរបស់កម្ពុជាបានច្រានចោលការលើកឡើងនេះ ដោយអះអាងថា មិនមានភស្តុតាងណាមួយដែលបង្ហាញថា ប្រទីបទ្រង់ទ្រាយធំក្នុងពីធីបុណ្យអុំទូកសព្វថ្ងៃនេះ ត្រូវបានគេប្រើតាំងពីសម័យអង្គរ ដូចមនុស្សជាច្រើនលើកឡើងឡើយ។


ប្រទីបដើមពិតប្រាកដ ជាកូនកន្ទោងធ្វើជារាងផ្កាឈូក និងមានដាក់ទៀនដុតបំភ្លឺនៅចំកណ្តាល ដែលប្រជាជនខ្មែរទូទៅចំណាំបណ្តែតនៅតាមទន្លេនៅពេលចេញវស្សា ទើបជាប្រទីបដែលមានកំណើតតាំងពីសម័យអង្គរពិតប្រាកដ ។ លោកបានលើកឡើងទៀតថា គោលបំណងនៃការបណ្តែតប្រទីបនេះវិញ គឺគ្រាន់តែដើម្បីបែរបន់សុំសំណាងល្អ និងសុំឲ្យកសិផលបានទិន្នផលខ្ពស់តែប៉ុណ្ណោះ។

បណ្តែតប្រទីប

លោកបណ្ឌិត មីសែល ត្រាណេ ថា ប្រទីបដែលយើងឃើញបណ្តែតពេលអុំទូករាល់ថ្ងៃនេះគឺ ទើបតែមាននៅពេលដែលព្រះរាជាពញ្ញាយ៉ាតផ្លាស់ទីរាជធានីពីអង្គរ មកចតុមុខ នៅឆ្នាំ ១៤៣១ ប៉ុណ្ណោះ។ ចំណែករឿងប្រទីបតំណាងក្រសួងនេះវិញ គឺកាន់តែថ្មីទៀត គឺប្រហែលជាកើតមាននៅសម័យអាណាព្យាបាលបារាំង នៅពេលដែលបារាំងបានបែងចែករដ្ឋាភិបាលខ្មែរឲ្យទៅជាស្ថាប័នជាច្រើន»។

ចុះប្រិយមិត្តយល់យ៉ាងណា?