ទឺកធ្លាក់ អេនជេលីណាជូលី សំឡូតចាស់ ស្រស់ស្អាតត្រជាក់ស្រស់ស្រាយខ្លាំង តែមិនសូវមានអ្នកទៅលេងដល់

បាត់ដំបង៖ មនុស្សស្ទើរតែពាសពេញពិភពលោកបានដឹងរួចមកហើយថា ​តារាសម្តែងស្រីលំដាប់ហូលីវូត ​អ្នកនាង ​អេនជីលីណាចូលី  ស្រលាញ់ប្រទេសកម្ពុជាយើងខ្លាំងណាស់ ​តាមរយៈការងារសប្បុរសធម៌ជួយសង្គមខ្មែរជាច្រើន  យកកូនខ្មែរទៅចិញ្ចឹម ​ថែមទាំងបានចូលសញ្ជាតិខ្មែរយើងទៀតផង។

ហេតុតែស្រលាញ់ប្រទេសកម្ពុជាបែបនេះ ​អ្នកនាង ​អេនជីលីណាចូលី ​ថែមទាំងមានដីជាច្រើនកន្លែងនៅក្នុងស្រុកខ្មែរយើងផងដែរ ​ដោយភាគច្រើនដីទាំងនោះជាកន្លែងដាច់ស្រយាលសម្បូរព្រៃឈើ ​ធនធានធម្មជាតិ ​ព្រោះតែការទិញដីរក្សាទុកនេះគឺស្ថិតនៅក្នុងចំណែកមួយជួយថែរក្សាព្រៃឈើខ្មែរផងដែរ។

តែកាន់តែភ្ញាក់ផ្អើល ​និងមិនសូវមានអ្នកដឹងនោះ ​ដីមួយកន្លែងរបស់អ្នកនាង ​អេនជីលីណាចូលី ​ដែលស្ថិតនៅក្នុងស្រុកសំឡូតចាស់ ​ខេត្តបាត់ដំបង ​ក្រៅពីមានធម្មជាតិព្រៃឈើខៀវស្រងាត់  នៅក្នុងនោះក៏មានទឹកជ្រោះដ៏ស្រស់ស្អាតលាក់បំពួនផងដែរ ​គ្រាន់តែឃើញក៏ស្រស់ស្រាយ។

តាមរយៈគណនីហ្វេសប៊ុក Piak Lim ដែលបានចុះទៅផ្តិតរូបភាព ​និងទៅលេងផ្ទាល់ បានសរសេររៀបរាប់ថា៖ « ទឺកធ្លាក់ អេនជេលីណាជូលី ‍~ សំឡូតចាស់ ngelina Jolie. Waterfall ~ Samlaut, Battambang ទឹកធ្លាក់នេះស្ថិតនៅក្នុងដី ដែលជាកម្មសិទ្ធិឯកជន ដែលមានពេលខ្លះ ក៏បានបើកអោយសាធារណះជនបានចូលលេងកំសាន្ត ផងដែរ ។ រូបដើមស្រស់ស្អាតតែអាចខុសបន្តិចពីខាងក្រៅ ព្រោះខ្ញុំបានថែមពណ៌បន្តិចបន្តួច​»។


គួរឱ្យដឹងផងដែរថា ​ដោយសារតែទឹកជ្រោះនេះជាកម្មសិទ្ធឯកជនរបស់អ្នកនាង ​អេនជីលីណាចូលី ​ទឹកជ្រោះនេះមិនបានបើកការផ្សព្វផ្សាយឱ្យអ្នកទេសចរណ៍ចូលកម្សាន្តជាសាធារណៈផ្តេសផ្តាសនោះឡើយ  តែតាមរយៈម្ចាស់គណនីដែលបានរៀបរាប់ ​ទឹកជ្រោះនេះក៏បានបើកឱ្យចូលសឹងតែរាល់ថ្ងៃគ្រាន់តែមិនសូវមានអ្នកស្គាល់តែប៉ុណ្ណោះ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Piak Lim