ជីវប្រវត្តិ និងជីវិតតស៊ូដ៏កម្សត់របស់អ្នកនិពន្ធសៀវភៅ ​« ​ខ្ញុំខុសគេ» ​អាចហៅទឹកភ្នែកអ្នកឱ្យស្រក់ចុះបាន!

«ខ្ញុំខុសគេ» ពីអ្នកនិពន្ធ Soth Bopha ​គឺជាវណ្ណកម្មថ្មី ក្រោយពីបានបញ្ចេញស្នាដៃសៀវភៅជាច្រើនក្បាលយ៉ាងជោគជ័យកន្លងមក។

សម្រាប់អ្នកគាំទ្រប្រហែលជាដឹងត្រឹមថា ​អ្នកនិពន្ធ Soth Bopha ​ពូកែនិពន្ធ  និងសរសេរឃ្លាឃ្លោងប្រយោគគួរឱ្យចង់អាន ​និងប្រកបដោយអត្ថន័យ  អត្ថរសដ៏ល្អ ​តែការពិតសម្រាប់ជីវិតពិតរបស់អ្នកនិពន្ធបែរជាមានភាពកម្សត់ ​និងវេទនាខ្លាំង ​រហូតគ្រប់គ្នាគិតថា ​តើនាងអាចក្លាយជាអ្នកនិពន្ធដ៏ពូកែនេះដោយរបៀបណា?

ដូច្នេះថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមរ៉ាយរ៉ាប់ពីប្រវត្តិដ៏កម្សត់ត្រួសៗពីអ្នកនិពន្ធ Soth Bopha ដោយសំណេរនេះសរសេរដោយអ្នកអាន លឹម​ វីរីយ៉ា​ ដូចខាងក្រោម៖

ខ្ញុំបានអានសៀវភៅនេះចប់តាំងពីសប្ដាហ៍មុន​ ហេីយ​ចាយពេល​អានត្រឹមតែជាង​ ៣ម៉ោងប៉ុណ្ណោះ​ ក្នុងអំឡុងធ្វេីដំណេីរពីសៀមរាប​ មកភ្នំពេញ​។ ក្រោយអានសៀវភៅមួយក្បាលនេះចប់​ ខ្ញុំនឹកស្រពោនដួងចិត្ត​ គិតហេីយគិតទៀត​ ស្ទេីរមិនជឿថា​ លេីលោកនេះ​ មានអ្នកនិពន្ធចម្លែកអស្ចារ្យដល់ម្លឹង។

"ខ្ញុំខុសគេ"​ ជាចំណងជេីងស្នាដៃទី៤​ របស់​ក្មេងស្រីល្អិត​ ស្គមកំប្រឹងដូចកញ្ចាញ់ចេកខែប្រាំង​ និងពាក់វ៉ែនតាម្ញ៉ូប​ ដូចរូបគំនូរលេីក្របសៀវភៅនេះអីចឹង។ ខ្ញុំធ្លាប់​គិតថា​ មុននឹងក្លាយជាអ្នកនិពន្ធសៀវភៅ​ ដ៏ល្អម្នាក់​ ស្មេរនោះ​ ច្បាស់​ជាមនុស្ស​ដែលត្រូវបានចិញ្ចឹមបីបាច់​ ថែរក្សា​ យ៉ាង​គត់​មត់​ ក្នុងគ្រួសារល្អមួយ​ ហេីយមានការសិក្សាអប់រំ​ ប្រកបដោយ​ គុណភាព​ ឬ​ អាចបណ្ដាលពីខ្សែស្រឡាយឪពុកម្ដាយ​ បងប្អូន​ ជាអ្នកនិពន្ធ​ដូចគ្នា​។ ព្រះជាម្ចាស់​!!! តែនេះ​ មិនមែនទេ....

បូផា​ ជាក្មេងស្រី​ដែលកេីតក្នុងដេីម​ ទសវត្សរ៍​ ១៩៩០​ ពីផ្ទៃរបស់ស្ត្រីម្នាក់ដែលមានជំងឺវិកលចរិតរ៉ាំរ៉ៃ​។ កំណើត​របស់​នាង​ មកទេីសថ្ងៃនេះ​ គ្មាន​ចម្លេីយ​ថា​ តេីនរណាជាឪពុករបស់នាង​ ព្រោះ​ជីវិត​មួយនេះ​ ត្រូវ​បានគេបង្កេីតចេញមក​ ដោយគ្មានទំនួលខុសត្រូវទាល់តែសោះ។ តេីប្រុសណាទៅ​ អីក៏អាក្រក់ម្ល៉េះ?!!

ខ្ញុំលួចស្រក់ទឹកភ្នែកតិចៗដែរ​ ពេល​អានដល់​ សេចក្តី​បរិយាយ​មួយ​ ដែល​នាងសរសេរពីអារម្មណ៍កាលនៅតូច​ ថា​ "តេីព្រោះតែម្ដាយខ្ញុំវិកលចរិត​ ទេីបមានគេលួចចាប់រំលោភគាត់​ ហេីយ​រត់​បាត់​? ឬក៏​ ឪពុក​ខ្ញុំ​ជាអ្នកធំក្នុងសង្គមដែលមានប្រពន្ធដេីមរួច​ មកយកម្ដាយខ្ញុំលួចលាក់កម្សាន្ត​ បន្ទាប់​មកដោះដៃមិនទទួលខុសត្រូវ​ បានជាម៉ែខ្ញុំឆ្កួត? ឬមួយ​ខ្ញុំយោងកំណេីតជាព្រះ? ព្រោះ​ព្រះយេស៊ូ​ ត្រូវ​បានកេីតក្នុងផ្ទៃស្ត្រីបរិសុទ្ធ"

ភាពអស្ចារ្យ​ ដែលខ្ញុំអត់ទ្រាំមិនសរសេីរមិនបាន​ គឺអ្នកនិពន្ធភ្នែកលឹបតូចៗនេះ​ រស់ក្នុងសំណង់អាណាធិបតេយ្យតាំងពីកូនង៉ាដល់ធំ។ បរិស្ថាន​ដែលនាងរស់នៅ​ សុទ្ធតែ​ស្រីពេស្យា​ ក្រុមជក់ថ្នាំញៀន​ ពួកអ្នកស្មូមទាន​... នាងដេីររេីសអេតចាយតាមផ្សារផ្សោរ​ មួយថ្ងៃ​បាន​ ៥០០រៀល​ ជាលុយដែលច្រេីនមហិមា។ ដេីរដេកតាមសំយ៉ាបផ្ទះគេ​ ក្នុងឋាន:ជាកុមារតូច​ ដែលមានម្ដាយវិកលចរិត​ គ្មាន​ប្ដី​ និងគ្មានសាច់ញាតិបងប្អូន។ ស្ទេីរមិនលស់ថ្ងៃ​ ដែលម្ដាយនាង​ ជួនកាល​ ចាប់នាងគប់​ ចាប់បោក​ វាយទម្លាក់ពីលេីផ្ទះ។ នាងធ្លាប់​ទាំងត្រូវកាំបិតហោះមកបុកចំក្បាល​ រយៈ​ឈាមហូរស្រោច...​ ។ ល។ និង​ ។ ល។

អ្នកប្រហែលជាអាចលបគិតថា​ អ្នកនិពន្ធ​នេះ​ ប្រឌិតរឿង​ ដេីម្បី​ឱ្យវាកម្សត់​ ដេីម្បី​លក់សៀវភៅដាច់។ មែនទេ? អ្នកប្រហែលអាចមិនជឿថា​ ជីវិត​តាំងពីកេីតមកអាក្រក់ដូចឋាននរក​ ហេតុអ្វី​នាងអាចក្លាយជាអ្នកនិពន្ធដ៏ឆ្នេីម១រូបបាន? ទោះជាអ្នកគិតអ្វី​ ជឿឬមិនជឿ​ ប៉ុន្ដែ​ នេះជារឿងពិត។

សូម្បី​តែ​ ស្ថានភាព​ក្រោយបោះពុម្ពសៀវភៅនេះ​ ក៏បូផា​ មិនទាន់ក្លាយជាមនុស្សមានភ័ព្វសំណាងល្អប្រសេីរនៅឡេីយទេ។ នាងនៅជំពាក់លុយរោងពុម្ពច្រេីនណាស់​ ដែលចេញពីវណ្ណកម្មទី៤នេះ។

បូផា​ មិនបានជួលខ្ញុំឱ្យផ្សព្វផ្សាយទេ។ ​ ប៉ុន្ដែ​ក្នុងបេះដូង​នៃគ្រូម្នាក់​ ដែលស្រឡាញ់ការតែងនិពន្ធ​ ស្នេហា​វិស័យ​អប់រំ​ ខ្ញុំពិតជាចង់ឃេីញសៀវភៅនេះលក់ដាច់ឱ្យបានច្រេីនបំផុត។ ទី១​ ជួយអ្នកអាន​ ឱ្យទទួលបានចំណេះដឹងជីវិតដ៏មហាអស្ចារ្យនឹកស្មានមិនដល់​ ហេីយ​ទី២​ ជួយអ្នកនិពន្ធ​ ឱ្យបានធូរស្បេីយផ្នែកស្ថានភាពហិរញ្ញវត្ថុដ៏យ៉ាប់យ៉ឺននាគ្រានេះ។

ពី​ អ្នកអាន​ លឹម​ វីរីយ៉ា​🌸

២៥​ សីហា​ ២០១៩

(បញ្ជាក់​៖ ​សម្រាប់លោកអ្នកដែលចាប់អារម្មណ៍រឿង ​« ខ្ញុំខុសគេ » លោកអ្នកអាចទាក់ទងទិញតាមរយៈលេខទូរស័ព្ទ  ០៧០ ៧៧៨ ១៥៣/០១២ ៧៧៨១៥៣ ដោយសៀវភៅនេះមានតម្លៃ ​9$  )៕

ប្រភពអត្ថបទទាំងស្រុងពី៖ លឹម​ វីរីយ៉ា

ប្រភពរូបភាព៖ ​អ្នកនិពន្ធ  និងអ្នកគាំទ្រ


69149206_2398218396940867_4555071121036148736_n

69163290_10205959841232445_5573461798822084608_n

69209316_1440427529438094_1517293189831065600_n

69496162_2544779838908889_2611147125907521536_n

69401765_10205959841552453_5873416327590313984_n

69256680_3276657019018686_1784606727358906368_n

69365431_1440427572771423_6644116920020762624_n

69318716_2526302854089921_1320322411928748032_n

69258099_10218287492995155_6556570385423269888_n

69093474_2849626061732510_427041575969751040_n

68883039_2541629252557281_4301033048247369728_n

68756697_2407469342875648_6755339753895231488_n

68708885_2533899289996944_3099044952487755776_n

68574388_2529236647129875_6573788913607901184_n

67878078_2529768710410002_7931252536265146368_n