ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីអ្នក មិនមែនចង់ឱ្យអ្នកស្រឡាញ់ខ្ញុំវិញទេ តែចង់ឱ្យអ្នកចងចាំខ្ញុំទុក ថាធ្លាប់មានមនុស្សម្នាក់ ស្រឡាញ់អ្នកខ្លាំងប៉ុនណា

មិនមែនការស្រឡាញ់របស់មនុស្សគ្រប់រូប សុទ្ធតែប្រាថ្នា ឬទាមទារឱ្យមានការស្រឡាញ់ត្រឡប់មកវិញនោះឡើយ ខ្ញុំដឹង និងយល់ច្បាស់ណាស់ថា ការស្រឡាញ់មិនអាចបង្ខំ ឬចេះតែទាមទារបានតាមចិត្តនោះទេ ដូចខ្ញុំក្នុងពេលនេះ ការស្រឡាញ់មួយនេះចំពោះអ្នក មិនបានរំពឹង ឬសម្លឹងចង់បានការស្រឡាញ់មកវិញនោះឡើយ។

ការលះបង់ដែលខ្ញុំមានឱ្យអ្នក ក៏មិនចង់បានអ្វីពីអ្នកវិញនោះដែរ ខ្ញុំគ្រាន់តែសង្ឃឹមថា ការស្រឡាញ់ ការលះបង់មួយនេះ វានឹងដក់ជាប់នៅក្នុងចិត្ត និងការចងចាំរបស់អ្នករហូតទៅតែប៉ុណ្ណោះ។ សង្ឃឹមថាអ្នកនឹងចងចាំខ្ញុំទុក ហើយអ្នកនឹងនឹកឃើញថា ធ្លាប់មានមនុស្សម្នាក់ស្រឡាញ់អ្នកខ្លាំង អាចធ្វើបានគ្រប់យ៉ាងដើម្បីអ្នក ជាមនុស្សដែលស្មោះត្រង់ចំពោះអ្នកខ្លាំងបំផុត។

9abdc284e4709fadb59435d972de9c87

មិនថាថ្ងៃមុខទៅជាយ៉ាងណានោះទេ មិនថាពេលណា ទីណា កន្លែងណា សូមឱ្យអ្នកដឹងផងថា មនុស្សម្នាក់នេះ មិនធ្លាប់មានគំនិតអាក្រក់លើអ្នក មិនដែលចង់ឱ្យអ្នកកើតទុក្ខ រឹតតែមិនចង់ឃើញអ្នកលំបាកនោះឡើយ ហើយអ្វីដែលខ្ញុំបានធ្វើ គឺធ្វើចេញពីចិត្ត ជាក្ដីស្រឡាញ់ និងការអាណិតដ៏ពិតប្រាកដ ចង់ឃើញអ្នកមានក្ដីសុខ ចង់ឃើញអ្នកមានអនាគតមួយដ៏ល្អ ជោគជ័យគ្រប់យ៉ាងនៅក្នុងជីវិត រស់នៅក្នុងជីវិតមួយដែលល្អប្រសើរខ្លាំងបំផុត ម្នាក់នេះ នៅតែនឹក នៅតែគិត និងស្រឡាញ់អ្នកដូចដើម។


44433468480f5ae3e033d86849e28ce7

ត្រូវចាំណា ថាអ្នកត្រូវតែរស់នៅឱ្យបានល្អ ប្រសិនបើថ្ងៃណាមួយអ្នកជួបទុក្ខ មានរឿង ជួបបញ្ហា ឯកា ឬក៏ខូចចិត្ត មានអារម្មណ៍ថាគ្មានអ្នកណានៅក្បែរ ឬយកចិត្តទុកដាក់ សូមនឹកដល់ម្នាក់នេះ មិនថាខ្ញុំទៅដល់ទីណាទេ ចិត្តខ្ញុំក៏នៅតែនឹក និងគិតដល់អ្នក សូមចាំថា ម្នាក់នេះ មិនដែលបំភ្លេចអ្នកនោះឡើយ ចងចាំខ្ញុំផង ខ្ញុំនៅតែជាមនុស្សដែលស្រឡាញ់អ្នកជាងគេរហូតទៅ៕

Dda4b35d7b5635d57cc85455d0ce0d2e

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ