ដើម្បីមនុស្សតែម្នាក់ សុខចិត្តផ្ដាច់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន តើជារឿងល្អដែរទេ?

ខ្ញុំធ្លាប់ជាមនុស្សម្នាក់ដែរចូលចិត្តការសប្បាយ ដើរលេង ស៊ីផឹក ជួបជុំមិត្តភក្តិ មិនចេះនៅផ្ទះ ក៏មិនចូលចិត្តនៅស្ងប់ស្ងាត់ដែរ ចំណែកឯទំនាក់ទំនងវិញ មិនបាច់និយាយទេ លេបខាយ ទាក់ទងអស់ពីមួយចូលមួយ ដល់ថ្នាក់មិត្តភក្តិ អ្នកជុំវិញខ្លួនថាខ្ញុំជាមនុស្សសាវា ព្រានថែមទៀតផង។

ធ្លាប់ស្គាល់មនុស្សជាច្រើនហើយ ហើយក៏ទាក់ទងច្រើនគ្នាមកដែរ ប៉ុន្តែមានពេលមួយ ឱ្យខ្ញុំបានជួប និងស្គាល់មនុស្សម្នាក់ ក៏មិនដឹងថា​ យើងស្ថិតក្នុងទំនាក់ទំនងជាអ្វីទេ តែក្នុងចិត្តគេ ទុកខ្ញុំត្រឹមជាមិត្តល្អតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ខ្ញុំវិញ បែរជាគិតគេលើសពីអ្វីដែលធ្លាប់គិត ខ្ញុំចាប់ផ្ដើមប្រែប្រួលអត្តចរិតត្រឹមមួយរំពេច សូម្បីតែខ្ញុំខ្លួនឯង ក៏មិននឹកស្មានដែរថា ខ្ញុំនឹងផ្លាស់ប្ដូរបែបហ្នឹង។

Cbb7e221dec1b535638fb14464a20b26

ពីមនុស្សម្នាក់ដែរ តែងតែចូលផ្ទះយប់ៗ ប្រែមកជាមនុស្សដែលចូលផ្ទះម៉ោង៧ ( ព្រោមិនដឹងថានៅក្រៅយូរធ្វើអី ណាមួយម្នាក់នោះ តែងតែចូលផ្ទះលឿនៗដូចគ្នា )។

ធ្លាប់ជាមនុស្សលេបខាយ ញ៉ែប៉ប្រែ ក្លាយមកជាមនុស្សស្ងៀមស្ងាត់ អ្នកណាចូលមកចិត្ត​ចូលមកក្បែរក៏កំណាញ់ខ្លួន មិនចង់ពាក់ព័ន្ធនឹងអ្នកណា។


ធ្លាប់ជាមនុស្សមិនដែលគិត និងខ្វល់ពីអនាគត មកជាមនុស្សដែលខំប្រឹងធ្វើការ ព្យាយាមធ្វើយ៉ាងណាដើម្បីឱ្យអនាគតបានល្អ អាចជាជំហដ៏រឹងមាំឱ្យមនុស្សម្នាក់នោះ អាចមានលទ្ធភាពផ្ដល់ឱ្យគេគ្រប់យ៉ាងដែលគេត្រូវការ។

តែងតែបដិសេធការហៅចេញទៅក្រៅ ផឹកស៊ីជួបជុំមិត្តភក្តិ មានអារម្មណ៍ថា ធុញទ្រាន់នឹងការផឹកស៊ី ធុញនឹងការដើរលេងច្រើន ព្រោះធ្វើការហត់ខ្លាំង ចង់ដេកយកកម្លាំងឱ្យបានច្រើន។

នៅមានរឿងជាច្រើនទៀត ដែលខ្ញុំបានប្រែប្រួល ហើយការផ្លាស់ប្ដូរទាំងនេះ មិនមែនគេជាអ្នកសុំ ឬទាមទារទេ គេមិនទាំងដឹងផងថា ម្នាក់នេះស្រឡាញ់គេ តែខ្ញុំខ្លួនឯងជាអ្នកចាប់ផ្ដើមផ្លាស់ប្ដូរដោយខ្លួនឯង។ ដំបូងខ្ញុំគិតថា ខ្ញុំបានប្រែមកជាល្អហើយ ប៉ុន្តែ ខ្ញុំហាក់មានគម្លាតឃ្លាតឆ្ងាយពីមនុស្សនៅជុំវិញខ្លួន ព្រោះតែងតែបដិសេធគេគ្រប់គ្នា សូម្បីតែបងប្អូនហៅស៊ីផឹកក៏មិនចង់ទៅ តែងតែរកលេសដោះសារ ព្រោះហត់នឿយខ្លាំង ដល់ថ្នាក់ អ្នកណាៗក៏គេលែងចង់រាប់រក ហៅរកដែរ។ តើវាល្អទេ ដែលធ្វើបែបហ្នឹង? មិនល្អទេមែនទេ ដែលត្រូវកាត់ផ្ដាច់ទំនាក់ទំនងច្រើនយ៉ាងហ្នឹងនោះ? 

3cf17a4c0e6c6c7db30b1df991f016f4

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ