ឪពុកម្ដាយចាស់ៗ ពិបាកផ្គាប់ចិត្តណាស់ នៅជាមួយពិបាកបន្តិចហើយ

ដូចពាក្យគេថា មនុស្សកាន់តែចាស់ គឺកាន់តែដូចកូនក្មេង ចិត្តកាន់តែខ្លាំង កាន់តែពិបាកផ្គាប់ ហើយរឹតតែនិយាយរអ៊ូរទាំច្រើន អ្នកដែលនៅជាមួយឪពុកម្ដាយចាស់ៗ ទាល់តែចិត្តធ្ងន់ឱ្យខ្លាំង និងបិទត្រចៀក បើកចិត្តឱ្យបានច្រើន ទោះយ៉ាងណា កុំទៅខឹង តបតជាមួយអ្នកមានគុណ ព្រោះឪពុកម្ដាយពេលនេះ ក៏មិនខុសពីយើងកាលនៅតូចៗដែរ តែឪពុកម្ដាយមិនដែលបោះបង់ ឬទុកយើងចោលឡើយ ហើយរឹតតែមិនដែលធុញទ្រាន់នឹងយើងទេ។

ខាងក្រោមនេះ គឺជាចំណុចមួយចំនួន របស់មនុស្សចាស់ ដែលកូនៗប្រហែលជាគិតថា លំបាកណាស់ហើយ ប៉ុន្តែ ក៏ជាចំណុចដែលយើងត្រូវតែទទួលយកបាន ត្រូវដឹងថា មនុស្សកាន់តែចាស់ គឺកាន់តែបែបហ្នឹង ៖

១. មនុស្សចាស់រអ៊ូច្រើនណាស់

មនុស្សចាស់ កាន់តែចាស់ កាន់តែនិយាយច្រើន កាន់តែរអ៊ូច្រើន ហើយយើងធ្វើអី ក៏តែងតែទើសចិត្តគាត់ ទើបកាត់ចេះតែរអ៊ូ ព្រោះយើងធ្វើអ្វីមិនសូវតាមចិត្តគាត់ប៉ុន្មានទេ ដូច្នេះហើយ ឱ្យគាត់រអ៊ូចុះ ដូចយើងកាល់នៅតូចៗកំពុងតែរៀននិយាយអ៊ីចឹង ចូលចិត្តសួរនាំច្រើនណាស់។

២. មនុស្សចាស់ចិត្តច្រើនណាស់

ពេលខ្លះ យើងធ្វើអ្វីអាចនឹងទើសចិត្តគាត់ គាត់នឹងឆាប់ខឹង ឆាប់អន់ចិត្ត ពេលខ្លះ ទង្វើយើងធ្វើឡើងដោយមិនគិតនេះហើយ ធ្វើឱ្យគាត់នឹកឡើងតូចចិត្តជាមួយនឹងយើង ដូច្នេះហើយ គួររៀនថ្នមចិត្តគាត់ផង ដូចកាលគាត់ថ្នមចិត្តយើងកាលយើងនៅតូចៗអ៊ីចឹង។

១

៣. មនុស្សចាស់រើសច្រើនណាស់

ត្រូវដឹងថា មនុស្សចាស់ទោះយើងធ្វើអ្វីក៏មិនអាចតម្រូវចិត្តគាត់បានដែរ គាត់មានចំណូលចិត្តផ្សេង មានការគិតផ្សេង​ អាចនិយាយបានថា ស្ទើរតែ៩០%ហើយ ដែលគាត់ខុសពីយើង ដូចនេះហើយ វាពិបាកបន្តិចហើយ ដែលយើងចង់ផ្គាប់ចិត្តគាត់នោះ។


៤. មនុស្សចាស់ប្រកាន់ច្រើនណាស់

និយាយមិនស្រួលៗ គាត់ថាយើងនេះឈ្លើយ ព្រហើន រឹងក្បាល ដុះស្លាបអីបែបហ្នឹងឯង ព្រោះចិត្តគាត់ឆាប់ខឹង ចិត្តក្ដៅ ប្រកាន់ច្រើនណាស់ តែយ៉ាងណា បើមានរឿងខ្លះ យើងគួរតែសម្របតាមគាត់ទៅ កុំសូវប្រកែកចង់ចាញ់ឈ្នះជាមួយកាត់ពេក។

៥. មនុស្សចាស់ចិត្តខ្លាំងណាស់

មនុស្សចាស់ គាត់ចូលចិត្តគិតច្រើន ហើយអ្វីដែលគាត់ចង់ធ្វើ​ គឺគាត់នឹងធ្វើហើយ គឺមិនខុសពីស្ទាវ ឈាមរាវ ឈាមក្ដៅនោះឡើយ ពេលខ្លះគាត់គិតថា គាត់នៅក្មេង មានកម្លាំង គាត់នៅអាចធ្វើបាន ពេលខ្លះ មិនទាំងគិតខ្វល់ពីកម្លាំង និងសុខភាពខ្លួនឯងទេ ប្រកាន់ខ្ជាប់ថា រឿងអី ប៉ុណ្ណឹងអញធ្វើមិនបាន នេះហើយចិត្តមនុស្សចាស់។

កូនៗទាំងឡាយត្រូវដឹងថា ទោះយ៉ាងណា ការដែលមានឪពុកម្ដាយនៅជាមួយ គឺជាម្លប់ដ៏ត្រជាក់ និងកក់ក្ដៅបំផុត យកចិត្តផ្គាប់ចិត្តអ្នកដទៃច្រើនប៉ុនណា ក៏មិនស្មើនឹងការមើលថែឪពុកម្ដាយយើងឡើយ ធ្វើបុណ្យនឹងព្រះសង្ឃប៉ុន្មានវត្ត ក៏មិនស្មើនឹងធ្វើបុណ្យ យកចិត្តទុកដាក់ មើលថែព្រះពីរអង្គក្នុងផ្ទះយើងដែរ៕

70212

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ