មកស្គាល់តារាបញ្ចូលសំឡេងភាពយន្តចាស់ជាងគេបង្អស់នៅស្រុកខ្មែរដែលនៅរស់ តាំងពីមិនទាន់មានកុនខ្មែរបញ្ចាំងនៅឡើយ

កាលពីជំនាន់មុន ​ខ្ទង់ទស្សវត្ស  ៧០ ​និង ៨០  វិស័យកុននៅស្រុកខ្មែរមិនទាន់មាន ​ឬដំណើរការជឿនលឿននៅឡើយទេ ​ដោយភាគច្រើនប្រជាជននិយមស្តាប់តាមរលកវិទ្យុ និងទិញកាសែតចាក់ស្តាប់ ​ហើយក្នុងនោះការបញ្ចូលសំឡេងក៏ជាអាជីពមួយដ៏ពេញនិយមផងដែរក្នុងសម័យនោះ។

ថ្មីៗនេះតារាបញ្ចូលសំឡេងជើងចាស់ លោកតាស៊ិប​ សារិន​​ ហៅ តាទន្សាយ ​ត្រូវបានគេស្គាល់ថាជាតារាបញ្ចូលសំឡេងអាជីពដ៏មានទេពកោសល្យម្នាក់កាលពីជំនាន់មុន  ដែលលោកតាអាចនិយាយថាជាតារាជ័យចំណាស់ជាងគេបំផុតដែលមានជីវិតទល់សព្វថ្ងៃនេះ។

87890159_2967456926632007_3753696829955375104_o

យោងតាមប្រភពព័ត៌មានតាមរយៈគណនីហ្វេសប៊ុក  Sokmean Alexandra បានឱ្យដឹងថា៖ « លោកតា ស៊ិប​ សារិន​​ ហៅ តាទន្សាយ វ័យ ៨៧ ឆ្នាំ តារាបញ្ចូលសំឡេងភាពយន្តចាស់ជាងគេបង្អស់នៅស្រុកខ្មែរដែលនៅរស់តាំងពីស្រុកយើងមិនទាន់មានកុនខ្មែរបញ្ចាំងនៅឡើយ អំឡុងពាក់កណ្តាលទសវត្សរ៍ទី៥០ បន្ទាប់ពីបានឯករាជ្យជាតិថ្មីៗ គ្រាដែលខ្មែរនិយមមើលកុនឥណ្ឌា និង​ សៀម។

លោកតាបានបញ្ចូលសំឡេងកុនផ្ទាល់នៅក្នុងរោងភាពយន្តតារា (Cine Star) ហើយបន្តបញ្ចូលសំឡេងចល័តភាពយន្តគ្រប់ខេត្តទម្រាំដល់ខ្មែរអាចថតបញ្ចូលសំឡេងតាមខ្សែអាត់ម៉ាញ៉េទិចទៅក្នុងភាពយន្ត។ លោកតានិយមបញ្ចូលសំឡេងតួតាឥសី និង​ សំឡេងតួកំប្លែងនាយកណ្តុរគ្រុនក្នុងទ.វ.ទី៦០។ ក្រោយឆ្នាំ១៩៧៩ លោកតាបានបញ្ចូលសំឡេងជា "នាយត្រដក់" នៅនាយកដ្ឋានភាពយន្តរហូតចូលនិវត្តន៍ក្នុងឆ្នាំ១៩៩២។


សព្វថ្ងៃលោកតាមានវ័យជរានិងមានជីវភាពខ្វះខាត​ ប៉ុន្តែលោកតានៅមានការចងចាំល្អចាំបានប្រហែល80%នៃរឿងរ៉ាវអតីតកាល។ លោកតាថាលោកតានៅតែអាចបញ្ចូលសំឡេងកុនបាន គ្រាន់តែភ្នែកអន់​ បញ្ចូលយឺត ទើបលោកតាឈប់ពីអាជីពនេះ ​»។

សង្ឃឹមថានឹងមានសប្បុរសជនដែលមានសណ្តានចិត្ត  អាចជួយដល់លោកតាដែលមានវ័យជរា និងមានបញ្ហាទុក្ខលំបាកក្នុងជីវិតប្រចាំថ្ងៃ៕

S 5 78