ដូចដែលដឹងហើយថា កំពតយើងឥឡូវ អភិវឌ្ឍន៍វិសយទេសចរណ៍ ក៏ដូចជាកន្លែងដើរលេងកម្សាន្ត ស្អាតៗ ប្លែកៗច្រើនណាស់ ប៉ុន្តែក៏ជឿថា ពេលខ្លះ យើងពិតជាពិបាកសម្រេចចិត្ត និងជ្រើសរើសកន្លែងដើរលេង និងកន្លែងគេខ្លាំងពិតមែន ព្រោះជម្រើសមានច្រើនពេក ក៏ក្លាយជាការពិបាកទៅវិញ។
យ៉ាងណាមិញ ថ្ងៃនេះ ក្រុមការងារក្នុងស្រុក ចង់ណែនាំ និងផ្ដល់យោបល់ខ្លះៗ សម្រាប់បងប្អូនដែលចង់មកលេងនៅខេត្តកំពត ទាំងការធ្វើដំណើរ ការស្នាក់នៅ និងកន្លែងដែលត្រូវទៅដើរលេង។
១. ការធ្វើដំណើរ
សម្រាប់បងប្អូនដែលគាត់មានយាន្តជំនិះជិះផ្ទាល់ខ្លួន ដូចជារថយន្តផ្ទាល់ខ្លួនជាដើមនេះ គឺមិនពិបាកនោះឡើយ។ ប៉ុន្តែសម្រាប់បងប្អូនដែលមានម៉ូតូផ្តាល់ខ្លួន ឬមិនមាន បងប្អូនអាចសាកល្បងធ្វើដំណើរតាមរថភ្លើងម្ដងមើល ទុកថា ជាការទទួលបានបទពិសោធន៍ថ្មី សម្រាប់ការធ្វើដំណើរកម្សាន្ត បែបយុវវ័យ ផ្លាស់ប្ដូរបរិយាកាស។ សម្រាប់អ្នកចង់ដាក់ម៉ូតូមកជិះខ្លួនឯង គ្រប់គ្នាអាចដាក់ផ្ញើបាន ប៉ុន្តែសម្រាប់តម្លៃផ្ញើប្ដូរ អាចដល់១០$ ទៅតាមប្រភេទម៉ូតូ ធ្ងន់ ឬស្រាល តែយកល្អ អ្នកទាំងអស់គ្នា អាចធ្វើដំណើរមកផ្ទាល់ ហើយមកជួលម៉ូតូ នៅទីរួមខេត្តជិះវិញក៏ល្អដែរ តម្លៃជួលម៉ូតូគឺ ៥$ ក្នុងមួយថ្ងៃ តម្លៃនេះ ពិតជាធូរថ្លៃដែរ។ ជិះម៉ូតូដោយខ្លួននឯង យើងអាចដើរបានច្រើនកន្លែង តាមតែចិត្តយើងចង់ និងស្គាល់។ ចំពោះការធ្វើដំណើរតាមរថភ្លើង ប្រហែលជាគ្រប់គ្នាគិតថាពិបាក ប៉ុន្តែការពិតទៅគឺមិនអ៊ីចឹងទេ រថភ្លើងមានម៉ាស៊ីនត្រជាក់គ្រប់ទូ និងមានអនាម័យស្អាត គ្រាន់តែថា អាចចំណាយពេលយូរជាងយើងជិះរថយន្តតែប៉ុណ្ណោះ។
២. ការស្នាក់នៅ
រឿងកន្លែងស្នាក់នៅ មិនពិបាករកទេ សម្រាប់ថ្ងៃធម្មតា ប៉ុន្តែសម្រាប់ថ្ងៃបុណ្យទាន ទាល់តែយើងធ្វើការកក់ទុកមុនដែរ។ កន្លែងស្នាក់នៅ ពិតជាមានច្រើនជម្រើស តាមចំណង់ចំណូលចិត្តរបស់អ្នកទាំងអស់គ្នា មានបែបអភិជនក៏មាន បែបសាមញ្ញជនក៏មាន ហាយសូ ឡូយឆាយ ឬធម្មតាៗ អ្នកអាចធ្វើការជ្រើសរើសបាន។ យ៉ាងណាមិញ ក្រុមការងារក្នុងស្រុក ក៏ចង់ណែនាំកន្លែងស្នាក់នៅមួយកន្លែង គឺជាលក្ខណៈធម្មតាបំផុតគឺ ប្រភេទផ្ទះស្បូវ ឬផ្ទះជនជាតិ ចំណែកតម្លៃក្នុងមួយយប់ ត្រឹមតែ ១០$ ទៅ ២០$ តាមប្រភេទគ្រែ។ កន្លែងនេះមានឈ្មោះថា Samon's Village, Kampot ជាប្រភេទផ្ទះស្បូវ និងមានកន្លែងញាំអី ក្បែរមាត់ទឹក ទេសភាពស្អាតៗអាកាសធាតុល្អ បរិសុទ្ធ ប៉ុន្តែចង់បញ្ជាក់ថា នៅទីនេះ ភាគច្រើនគឺ សុទ្ធតែជនជាតិបរទេសស្នាក់នៅ និងមកទទួលទានអាហារ និងគេងលេងកម្សាន្ត។ យ៉ាងណាមិញ នៅម្ដុំនេះដែរ ក៏ជាបណ្ដុំ Resort និងបឹងកាឡូ នៅក្បែរមាត់ទឹកជាច្រើនមានដូចជា Bamboo Bungalow moly resort - ម៉ូលី រីស៊ត កំពត ក៏ដូចជាមានកន្លែងបង្កើតថ្មីៗជាច្រើនទៀត ក៏សុទ្ធសឹងតែនៅក្បែរៗគ្នានេះឯង។
៣. កន្លែងដើរលេងកម្សាន្ត
បើនិយាយពីកន្លែងដើរលេងវិញ បែបរៀបរាប់មិនអស់ទេ ព្រោះច្រើនណាស់ ក៏យើងមិនងាចស្គាល់ និងដឹងច្រើនដែរ ប៉ុន្តែ ទីតាំងដែលល្អសម្រាប់ការសម្រាកលំហែពីភាពហត់នឿយ អ្នកគួរតែជ្រើសឱ្យត្រូវទៅនឹងកន្លែងស្នាក់នៅផងដែរ។ យ៉ាងណាមិញ សូម្បីតែតាមផ្លូវរថភ្លើង ក៏ជាកន្លែងដែលមានទេសភាពស្អាត សម្រាប់យើងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។ ចំណែកអាចដើរបានច្រើនកន្លែង ឬយ៉ាងណា ក៏អាស្រ័យលើពេលវេលា និងការរៀបចំគម្រោងរបស់អ្នកទាំងអស់គ្នាផងដែរ។ ប៉ុន្តែសូមកុំភ្លេចណា ជិះកៃយ៉ាងតាមដងព្រែក និងពេលយប់ ជិះទូកលេង ញាំអាហារពេលល្ងាច និងទៅមើលអំពិលអំពែក កុំឱ្យខកខានឱ្យសោះណា។
សំខាន់ ត្រូវមាន Camara Men ជំនាញថតរូបទៅឱ្យច្រើនៗ ទើបអាចផ្ដិតយករូបភាពបានច្រើន៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ