ព្រោះតែបញ្ហាការរីករាលដាលនៃវីរុសកូវីដ១៩ ក៏ធ្វើឱ្យមនុស្សមួយចំនួន ហាក់មានការសង្ស័យនឹងអាការៈរបស់ខ្លួនឯង ខ្លាចថាត្រូវឆ្លង ឬផ្ទុកវីរុសនេះ ធ្វើឱ្យគ្រប់គ្នាមានការព្រួយបារម្ភយ៉ាងខ្លាំង។
ហើយមួយរយៈចុងក្រោយនេះ ក៏មានការចែកចាយនូវវិធី ក៏ដូចជាផុសលក់នូវឧបករណ៍ធ្វើតេស្តរកវិជ្ជមាននៃវីរុសកូវីដ១៩យ៉ាងបើកចំហរ បង្កឱ្យប្រជាជនខ្មែរយើងមានការយល់ច្រលំ និងទាក់ទងទិញនូវផលិតផលដៃលគ្មានការអនុញ្ញាតត្រឹមត្រូវ និងទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។
ភ្លាមៗនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្ដីប្រកាសជាបន្ទាន់ បញ្ជាឱ្យឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត សហការជាមួយនគរបាល អាវុធហត្ថ ចុះជាបន្ទាន់ចាប់យកឧបករណ៍ធ្វើតេស្ត និងឱសថទាំងឡាយណាដែលអះអាងថា សម្រាប់ព្យាបាលអ្នកជំងឺ Covid-19 មិនមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។
គួរបញ្ជាក់ផងដែរថា រាល់ការធ្វើតេស្តដែលអាចយកជាការបាន លុះត្រាតែចេញពីក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ច្បាស់ ទើបអាចចាត់ទុកជាផ្លូវការ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំជឿលើការឃោសនាផ្ដេសផ្ដាសឱ្យសោះ ជាពិសេសកុំចេះតែធ្វើតេស្តដោយខ្លួនឯងអី៕