ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងចំណោមវេជ្ជបណ្ឌិតនៅអ៊ីតាលីបានឈានដល់ ១០០ នាក់ហើយនៅថ្ងៃនេះ ដោយសារគ្រូពេទ្យ ៤ នាក់ទៀតបានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ សហព័ន្ធវេជ្ជបណ្ឌិតអ៊ីតាលី FNOMCEO បាននិយាយថា តួលេខនេះអាចខ្ពស់រហូតដល់ ១០១ នាក់។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានប៉ាន់ប្រមាណថា គិលានុបដ្ឋាយិកា និងជំនួយការថែទាំចំនួន ៣០ នាក់ ក៏បានបាត់បង់ជីវិតដោយសារជម្ងឺកូវីដ - ១៩នេះដែរ ។
អ្នកនាំពាក្យ FNOMCEO បាននិយាយថា “ ចំនួនគ្រូពេទ្យដែលបានស្លាប់ដោយសារតែ COVID-១៩ គឺ ១០០នាក់ តែប្រហែលជាអាចឈានដល់ ១០១ នាក់នៅពេលនេះ” ។ ចំនួនវេជ្ជបណ្ឌិតដែលបានបាត់បង់ជីវិត គិតរួមមានទាំង គ្រូពេទ្យចូលនិវត្តន៍ដែលបានវិលត្រឡប់ទៅធ្វើការដោយស្ម័គ្រចិត្តក្នុងពេលមានជំងឺនេះ។
សរុបទៅបុគ្គលិកសុខាភិបាលចំនួន ១៣.១២១ នាក់ បានឆ្លងវីរុសនេះ។ ហើយនៅប្រទេសអ៊ីតាលីនេះដែរ ចំនួនអ្នកស្លាប់ទាំងអស់គឺមានចំនួន ១៧៦៦៩ នាក់ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍។
ប្រភព ៖ Daily Mail