ការ​អប​អរ​ពិធី​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​តាម​អន​ឡាញ នឹងជួយ​​​ឲ្យ​​ពលរដ្ឋ​​​​កម្ពុជានៅ​ទូ​ទាំង​​ពិភព​លោក អាចឆ្លង​ឆ្នាំ​ថ្មី​ជាមួយ​​គ្នានៅលើ FACEBOOK

ភ្នំពេញ ថ្ងៃទី១៥ ខែមេសា៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលជាពិធីបុណ្យមួក្នុងចំណោមពិធីបុណ្យជាតិដ៏សំខាន់បំផុត ​​សម្រាប់កម្ពុជានោះ នៅតែអាចប្រារព្ធឡើងបានតាមអនឡាញ បើទោះបីជាមាន​​ការរាតត្បាតជាសកលរបស់​​វីរុសកូវីដ-១៩ ដែលបានបង្ខំ​​ឲ្យ​​មានការលើកពេលថ្ងៃឈប់សម្រាកនៅកម្ពុជាផ្ទាល់ និងបាន​​រារាំងមិនឲ្យ​​ពល​​រដ្ឋកម្ពុជាទូទាំងពិភពលោកជួបជុំគ្នាជាលក្ខណៈគ្រួសារ និងសហគមន៍តាមបែបប្រពៃណីក៏ដោយ​​

ព្រឹត្តិការណ៍ «Stay Home Khmer New Year អបអរថ្ងៃចូលឆ្នាំខ្មែរពីផ្ទះ» នឹងមានការ​​​ផ្ដល់ជូននូវ​​ការលេងល្បែង​​ប្រជាប្រិយ​ ​ជាច្រើនការប្រគំតន្ត្រី និងការសម្តែង​​​ពីសំណាក់កំពូលតារាចម្រៀងតារាកំប្លែង និងពិធីករកម្មវិធីលេងហ្គេមកម្សាន្តល្បី​​​​ប្រចាំកម្ពុជាជាច្រើនរូបដែលនឹងមានផ្សាយ​​ផ្ទាល់ ជូនទស្សនានៅលើ Facebook តាមរយៈ https://www.facebook.com/IKAREeverywhere/ នៅថ្ងៃសៅរ៍ ទី១៨ ខែមេសា ចាប់​​ពីម៉ោង ១០:០០GMT (ត្រូវ​​នឹងម៉ោងល្ងាច ម៉ោងក្នុងស្រុក)​

ការអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរតាមអនឡាញនេះ នឹងត្រូវ​​រៀបចំឡើងដោយអង្គការសមាគមអន្តរជាតិ​ Kare ហៅកាត់ថា IKARE ដែលមានស្នាក់ការធំនៅសហរដ្ឋអាមេរិក។អង្គការនេះក៏​​​ជាអ្នកគ្រប់គ្រងសារមន្ទីរ​ National Khmer Legacy (កេរិ៍តំណែលជាតិខ្មែរ) នៅរដ្ឋ Minnesota សហរដ្ឋអាមេរិក ផងដែរ

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីសប្តាហ៍មុនថា ថ្ងៃ​​ឈប់សម្រាកសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែល​​គ្រោងនឹងចាប់ផ្តើមពី ថ្ងៃទី១៤ ដល់ទី១៦ ខែមេសានេះ នឹងត្រូវ​​លើកទៅប្រារព្ធនៅពេលក្រោយទៀត ដើម្បីទប់ស្កាត់​​ការឆ្លងវីរុសកូរ៉ូណា ហើយ​​និយោជិតទាំងអស់ នឹងទទួលបាន​​​ថ្ងៃឈប់សម្រាកបន្ថែមនៅចុងឆ្នាំនេះជាការ​​តបស្នងការលើកពេលនេះ។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានហាមមិនឲ្យប្រជាពលរដ្ឋ​​ធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយចាប់ពីថ្ងៃទី ដល់ទី១៦ ខែមេសាទូទាំងព្រះរាជាណាចក្រកម្ពុជា ផងដែរ

ក្នុងកិច្ចសម្ភាសមួយតាមរយៈ​​ Facebook Messenger លោកសេក កុសល ជាសមាជិកគណៈកម្មការរៀបចំព្រឹត្តិការណ៍ និង​​ជានាយកចាត់ការទូទៅនៃសមាគម​ IKARE បានប្រាប់​​​​ឲ្យដឹងថា៖ «ការរាតត្បាតជាសកលរបស់វីរុសកុរ៉ូណា កូវីដ-១៩នេះបានបង្ខំ​​ឲ្យ​​សហគមន៍នៅក្រៅប្រទេសទាំងអស់ ផ្អាករាល់ការជួបជុំជាសាធារណៈ​​នានា ក្នុងនាមជា​​អង្គការមិនរកប្រាក់ ចំណេញដែលមានបេសកកម្មការពារ អភិរក្ស និងលើកកម្ពស់ប្រជាពលរដ្ឋខ្មែរ IKARE មានទំនួលខុសត្រូវដើរតួជាស្ថាប័នគំរូមួយសម្រាប់យុវជន​​ជំនាន់ក្រោយ ពាក់ព័ន្ធនឹងការបង្វែរបញ្ហាប្រឈមនានា ឲ្យទៅជាឱកាសវិញ»​

លោកបានប្រាប់បន្តថា៖ «ជាក់ស្ដែងក្នុងករណីនេះ វាគឺជាឱកាសមួយសម្រាប់ឱ្យយើងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីរក្សាទំនាក់ទំនងជាមួយនឹងសហគមន៍ខ្មែរនៅទូទាំងពិភពលោក ដោយក្នុងនោះរាប់បញ្ចូលទាំង សហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក អូស្ត្រាលី បារាំង កាណាដា កម្ពុជា ថៃ ឡាវ វៀតណាម និងកន្លែងផ្សេងទៀត ដែលមាន​​ប្រជាពលរដ្ឋខ្មែររស់នៅ​»​

ព្រឹត្តិការណ៍​​​តាមអនឡាញនេះ នឹងប្រព្រឹត្តទៅ ដោយមាន​​ការសូត្រមន្តរបស់ព្រះសង្ឃតាមបែបព្រះពុទ្ធសាសនា ដែល​​ប្រជាពលរដ្ឋកម្ពុជា តែងតែត្រង់ត្រាប់​​​ស្តាប់ នៅពេលដែលពួកគាត់យកចង្ហាន់និងគ្រឿងបូជាផ្សេងទៅតាមវត្តអារ៉ាមនានា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ព្រះតេជគុណ ម៉ឹង សាង ព្រះចៅអធិការវត្តមុនីសុតារាម និងជាប្រធានពុទ្ធិកសមាគមព្រះសង្ឃខ្មែរនៅរដ្ឋ Minnesota រដ្ឋអាមេរិក នឹងសូត្រមន្តដើម្បីប្រោសព្រហ្ម​​ពុទ្ធសាសនិក ក្នុងការ​​អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ តាមអនឡាញនេះ

ក្នុងកិច្ចសម្ភាសមួយជាមួយនឹងសារព័ត៌មានវីអូអេ ភាសាខ្មែរព្រះតេជគុណម៉ឹងសាង មានសង្ឃដីការ​​​ថា៖ «បើទោះបីយើងមិនអាចអបអរ​​បានជាធម្មតា ដោយសារតែវីរុសកូរ៉ូណាក៏ដោយ ប៉ុន្តែ យើងនៅតែអាចសម្តែងនូវទឹកចិត្តស្មោះស្ម័គ្រ និងក្ដីគោរពដល់វប្បធម៌ និងប្រពៃណីជាតិរបស់យើង បានដដែល​»​


ព្រឹត្តិការណ៍នេះ ក៏នឹងមានការសម្តែងជូននូវក្បាច់គុណល្បុក្កតោ ដែលជាសិល្បៈក្បាច់គុណបុរាណ​​ខ្មែរផងដែរ ដោយដឹកនាំការសម្ដែងដោយលោកគ្រូ ប្រាជ្ញ កេនយ៉ា ពីផ្ទះ​​របស់លោកផ្ទាល់ ក្នុងរដ្ឋ San Francisco​

លោកកេនយ៉ា បានធ្វើជាគ្រូបង្វឹក​​ក្បាច់គុណល្បុក្កតោ​ ​អស់រយៈពេល​​ជាង៣០ឆ្នាំមកហើយ និងបានបង្វឹកសិស្ស​​​ជាង១០០០នាក់ រួចមកហើយ លោកគ្រូតា​​វ័យខ្ទង់៦០ឆ្នាំរូបនេះ បច្ចុប្បន្នកំពុង​​បង្រៀនក្បាច់គុណល្បុក្កតោ ដល់សិស្សគុណ ​​ប្រមាណជា២០០នាក់ ប៉ុន្តែ លោកតាបានផ្អាក​​ថ្នាក់បង្រៀន​​របស់លោកជាបណ្តោះអាសន្នដោយសារតែវីរុសកូរ៉ូណា

ក្នុងកិច្ចសម្ភាសមួយតាមទូរស័ព្ទលោកតាបានប្រាប់សារព័ត៌​​មានវីអូអេ ថា៖ «ក្នុងនាម​​យើងជាពលរដ្ឋកម្ពុជា ខ្ញុំចង់​​ឲ្យ​​​យើងមានសាមគ្គីភាពចំពោះគ្នា។ នៅប្រទេសក្រៅរាល់ថ្ងៃនេះ មិនសូវជាសម្បូរបងប្អូនខ្មែរយើងរស់នៅប៉ុន្មានទេ។  ហេតុនេះ យើងគួរតែចេះស្រឡាញ់គ្នា ហើយជាពិសេសស្រឡាញ់វប្បធម៌ខ្មែរយើង​»​

តារាកិត្តិយសផ្សេងទៀត ដែលគ្រោង​​​នឹងសម្តែងក្នុងព្រឹត្តិការណ៍នេះ រួមមាន តារាចម្រៀងល្បីជាច្រើនរបស់កម្ពុជា ដូចជា កញ្ញា ចេន សាយចៃ ដែលនឹងច្រៀងបទចម្រៀងប្រពៃណីខ្មែរ រួមជាមួយនឹងតារាចម្រៀងកម្ពុជាផ្សេងទៀត ដូចជា លោកវី ជីវ័ន្ត លោកសាន ផានិត កញ្ញា ចាន់ឡៃ វលក្ខណ៍ និងលោកសាល ចាន់ស៊ី

ក្នុងកិច្ចសម្ភាសតាម Facebook Messenger លោកសេក កុសល បានប្រាប់បន្ថែមទៀតថា៖ «គោលបំណងសំខាន់​​ ក្នុងព្រឹត្តិការណ៍នេះ គឺចង់លើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជានៅគ្រប់ទីកន្លែង បានជ្រាបថា ការដែលយើងផ្សារភ្ជាប់ទំនាក់ទំនងគ្នា ឆ្លងមហាសមុទ្របែបនេះ  វាជួយឱ្យកេរ្ដិតំណែល និងប្រវត្តិសាស្ត្ររបស់ប្រជាជនយើងមិនសាបសូន្យទៅណាឡើយ ថា​​ជារឿង​​អកុសល្យក៏បានជារឿងកុសល្យក៏បាន ថាស្ថានភាពបច្ចុប្បន្ននេះ គឺផ្តល់ឲ្យយើងនូវឱកាសដ៏កម្រមួយ ដើម្បីចាប់ផ្តើមភ្ជាប់ទំនាក់ទំនងគ្នាជាស្ពាននេះ កម្ពុជា ធ្លាប់បានខកខានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាលពីថ្ងៃទី១៧មេសា១៩៧៥ម្ដងរួចទៅហើយ [ដោយសារតែរបប​​ខ្មែរក្រហម]​ យើងមិនចង់ខកខានការអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​​ម្តងទៀត នៅថ្ងៃទី១៨ មេសា២០២០ នេះឡើយ​»​

92953194_3195424440476624_5590053347680845824_o