ក្រុមហ៊ុន TADA ផ្ដល់ជូនសេវាដឹកជញ្ជូនឥតគិតថ្លៃ​រយៈពេលមួយខែ ជាជំនួយដល់អាជីវករក្នុងការរក្សាទំនាក់ទំនងនិង​ផ្គត់ផ្គង់សេវាកម្មជូនអតិថិជនរបស់ខ្លួន

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែមេសា៖ នៅខណៈដែលប្រទេសកម្ពុជាកំពុងខិតខំទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ-១៩ អាជីវកម្មលក់ដូរទាំងឡាយក៏ប្រែជាស្ងាត់ជ្រងំ ដោយហេតុថាអតិថិជនជាទូទៅ កំពុងអនុវត្តវិធានការរក្សាគម្លាតពីសង្គម។

ក្នុងនោះផងដែរ អាជីវកម្មតូចៗដែលត្រូវបានអនុញ្ញាតឱ្យបន្តដំណើរការអាជីវកម្មជាធម្មតានោះ ក៏កំពុងប្រឈមនឹងការលំបាកច្រើនណាស់ដែរ ក្នុងការរក្សាទំនាក់ទំនងនិងផ្គត់ផ្គង់សេវាកម្មរបស់ខ្លួន ជូនដល់អតិថិជន ជាហេតុនាំឱ្យអាជីវកម្មរបស់ពួកគាត់ត្រូវធ្លាក់ចុះ ទាំងមិនមានតម្រុយថាតើ ពេលណាទើបស្ថានការណ៍ត្រលប់មកប្រសើរដូចដើមវិញ។

ក្នុងនាមជាក្រុមហ៊ុនផ្ដល់សេវាកក់ការធ្វើដំណើរដ៏ពេញនិយមនៅកម្ពុជា ក្រុមហ៊ុន TADA កំពុងផ្ដល់ដំណោះស្រាយមួយជូនដល់អាជីវករចំពោះបញ្ហានេះ ដោយក្រុមហ៊ុនបានបើកឱ្យដំណើរការនូវសេវាដឹកជញ្ជូន TADA Delivery សម្រាប់ជួយឱ្យអាជីវករអាចបន្តផ្គត់ផ្គង់សេវាកម្មជូនដល់អតិថិជនរបស់ខ្លួនបាន នៅគ្រប់ទិសទីក្នុងរាជធានីភ្នំពេញ។

ជាផ្នែកមួយនៃការបើកដំណើរការសេវានេះ ក្រុមហ៊ុន TADA នឹងបើកបម្រើសេវាកម្មនេះជូនដល់អាជីវករប្រើប្រាស់ដោយឥតគិតថ្លៃ រយៈពេលមួយខែពេញ។ ដើម្បីប្រើប្រាស់សេវានេះ អាជីវករគ្រាន់តែចុះឈ្មោះងាយៗ ដោយផ្ញើសារទៅកាន់ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន (https://www.facebook.com/TADAKHM/) ឬទូរស័ព្ទឬផ្ញើសារទៅកាន់គណនី Telegram របស់ក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទ 061555643 010555643 សូមបញ្ជាក់ផងដែរថា សេវានេះ ចាប់បើកដំណើរការ ចាប់ពីសប្តាហ៍នេះតទៅ។

លោក ជីម ប៉ូលី ប្រធានចាត់ការទូទៅក្រុមហ៊ុន TADA CAMBODIA បានមានប្រសាសន៍ថា៖ ហេតុផលដែលយើងបើកនូវសេវាកម្មដឹកជញ្ជូននេះ គឺយើងចង់ធ្វើការគាំទ្រមិនត្រឹមតែ អ្នកបើកបរប៉ុណ្ណោះទេគឺយើងចង់គាំទ្ររហូតទៅដល់អាជីវករ និងអាជីវកម្មក្នុងស្រុករបស់យើង ដែលកំពុងជួបការលំបាក នៅក្នុងពេល កូវីដ-១៩  ព្រោះអាជីវករភាគច្រើនមិនមានលទ្ធភាព ក្នុងការជួលសេវាដឹកជញ្ជូនដោយផ្ទាល់ខ្លួននោះទេ។ យើងផ្ដល់ឱ្យគាត់ក្នុង រយៈពេល ខែ ក្នុងការដឹកជញ្ជូនឱ្យគាត់ ដោយឥតគិតថ្លៃក្នុងទីក្រុងភ្នំពេញ អញ្ចឹងសង្ឈឹមថាការផ្ដល់ជូនដោយឥតគិតថ្លៃនេះ អាចជួយអាជីវករម្មគាត់ និងការទំនាក់ទំនងឡើងវិញជាមួយអតិថិជនរបស់គាត់។

សេវា TADA Delivery ដំណើរការដោយប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនតាមអនឡាញដ៏ទំនើបមិនធ្លាប់មាននៅកម្ពុជា ព្រមទាំងអាចជួយឱ្យអាជីវករកក់និងពិនិត្យមើលលំហូរនៃការដឹកជញ្ជូនទំនិញរបស់ពួកគាត់បានយ៉ាងងាយស្រួល។ ប្រព័ន្ធនេះ ក៏ជួយឱ្យអាជីវករអាចគ្រប់គ្រងការបង់ប្រាក់ថ្លៃទំនិញរបស់ខ្លួនបានផងដែរ ទាំងការទូទាត់ជាក្រដាសប្រាក់ និងទូទាត់តាមគណនី ដោយថវិកានោះនឹងត្រូវទទួលជំនួស ដោយអ្នកបើករឺម៉កកង់បី

អាជីវករដែលបានចុះឈ្មោះរួច បានឱ្យដឹងថា សេវាTADA Deliveryផ្ដល់ជំនួយបានច្រើនដល់អាជីវកម្មរបស់ពួកគាត់។

កញ្ញា ភា ស្រីម៊ុម អ្នកតំណាងហាងលក់សម្ភារៈកីឡា Lifeshion បានឱ្យដឹងថា៖តាំងពីពេល កូវីដ-១៩បានមកដល់ប្រទេសកម្ពុជា ការលក់នូវឧបករណ៍ហាត់ប្រាណមានការធ្លាក់ចុះ ហើយភ្ញៀវក៏មិនហ៊ានដើរចូលមកហាងផ្ទាល់ដែរ អញ្ចឹងដើម្បីបម្រើដល់អតិថិជន យើងមានការសហការណ៍ជាមួយ នឹង ក្រុមហុ៊ន TADA​ សំរាប់ការ  Delivery​ជូនភ្ញៀវ ដែលជាសេវាកម្មរហ័សទាន់ចិត្ត

អតិថិជនដែលជាអ្នកទិញទំនិញ ក៏នឹងទទួលបានអត្ថប្រយោជន៍ពីសេវាដឹកជញ្ជូននេះផងដែរ ពីព្រោះពួកគាត់អាចទិញទំនិញបាន ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ហាងដោយផ្ទាល់នោះទេ ព្រោះសេវានេះនឹងដឹកទំនិញរបស់គាត់ ជូនដល់គេហដ្ឋានតែម្ដង។

រីឯសម្រាប់អ្នករត់រឺម៉កកង់បីដែលជាកម្លាំងស្នូលនៃសេវា TADA Delivery វិញ ពួកគាត់យល់ឃើញថា សេវានេះពិតជាអាចជួយសម្រាលបន្ទុកផ្នែកសេដ្ឋកិច្ចរបស់ពួកគាត់ បានមួយកម្រិតដែរ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។

លោក ហែ ផល្លី អ្នករត់រឺម៉កកង់បីម្នាក់ បានឱ្យដឹងថា៖មួយរយៈនេះ ខ្សត់ភ្ញៀវហៅកង់បីជិះណាស់។ តែដល់ពេលមានសេវាដឹកឥវ៉ាន់នេះ វាក៏ជួយជីវភាពខ្ញុំបានច្រើនគួរសមដែរ។ បើសិនជាគ្មានសេវាដឹកឥវ៉ាន់នេះទេ វាធ្វើឱ្យអ្នករត់កង់បីនេះ មានការលំបាកយ៉ាងខ្លាំង។”​

ក្រុមហ៊ុន TADA បានឱ្យដឹងថា ពីដំបូងឡើយ ក្រុមហ៊ុនគ្រោងនឹងដាក់ឱ្យដំណើរការនូវសេវាដឹកជញ្ជូននេះ នៅពីរបីខែខាងមុខឯណោះទេ។ ប៉ុន្តែដោយហេតុថាវីរុសកូវីដ-១៩ បានរាតត្បាតពាសពេញពិភពលោក ក្រុមហ៊ុនក៏សម្រេចចិត្តពន្លឿនពេលបើកដំណើរការសេវានេះមុនផែនការវិញ ដើម្បីឆ្លើយតបទៅតាមសេចក្ដីត្រូវការដ៏ចាំបាច់របស់អាជីវករ នាទីក្រុងភ្នំពេញ។

លោក ជីម ប៉ូលី ប្រធានចាត់ការទូទៅក្រុមហ៊ុន TADA CAMBODIA បានបន្ថែមថា៖ “[នេះ]គឺជាផ្នែកមួយសំខាន់ក្នុងការចូលរួមចំណែក ក្នុងការសំរេចនូវចក្ខុវិស័យរបស់យើង ថាយើងមិនត្រឹមតែអាចជួយដៃគូរបើកបររបស់យើងតែបុ៉ណ្ណោះទេ យើងចង់ជួយដល់អាជីវកម្ម អាជីវករ ឬក៏ដៃគូររកសុីជាមួយយើងទាំងអស់គ្នា ជាពិសេសហ្នឹងគឺ ចង់បន្ថែមទៅលើកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីធ្វើម៉េច ស្ដារលទ្ធភាពសេដ្ឋកិច្ចយើងឱ្យដូចដើមវិញ។ មិនតែប៉ុណ្ណោះសេវាកម្មរបស់យើងនៅមានច្រើនទៀត ដែលយើងនឹងធ្វើការប្រកាស ក្នុងពេលឆាប់ៗនេះ ហើយទាំងអស់ហ្នឹងគឺជាផ្នែកមួយដែលយើងព្យាយាមធ្វើដើម្បីរួមចំណែកក្នុងការសំរេចបាននូវ ចក្ខុវិស័យរយៈពេលវែងរបស់យើង

Photo_2020 04 22_11 20 02


Photo_2020 04 22_11 20 05

Photo_2020 04 22_11 20 08

Photo_2020 04 22_11 20 10

Photo_2020 04 22_11 20 13

Photo_2020 04 22_11 20 16

Photo_2020 04 22_11 20 19

Photo_2020 04 22_11 20 22

Photo_2020 04 22_11 20 25

Photo_2020 04 22_11 20 27