ក្រុមហ៊ុន Facebook បើក​វគ្គ​បណ្តុះ​បណ្តាល​ទីផ្សារ​ឌី​ជី​ថល​ថ្មី​ តាម​រយៈ​កម្មវិធី SheMeansBusiness សម្រាប់​សហ​គ្រិនស្ត្រី​ចំនួន​ ១៧០០​នាក់ នៅកម្ពុជា

ភ្នំ​ពេញ ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២០៖ ក្រុមហ៊ុន Facebook និង​អង្គ​ការ PACT នៅថ្ងៃនេះបាន​ចាប់​ផ្តើម​បើក​វគ្គ     ​បណ្តុះ​បណ្តាល​ដល់សិក្ខា​កាម ដែល​​នឹង​ធ្វើ​ជា​គ្រូបង្រៀន​ក្នុង​​កម្មវិធី SheMeansBusiness ដែលជា​កម្ម​វិធី​ថ្មី​មួយ​​ដែល​មាន​គោល​បំណង​បណ្តុះ​បណ្តាល​ដល់​​សហ​គ្រិន​ជា​ស្ត្រី​កម្ពុជា​ចំនួន​១៧០០​នាក់​ ខាងផ្នែកចំណេះដឹង​ទីផ្សារ​ឌី​ជី​ថល រហូតដល់ឆ្នាំ​២០២៣ នៅ​រាជ​ធានីភ្នំពេញ ។

កម្មវិធី SheMeansBusiness ត្រូវ​បាន​​ចាប់​ផ្តើម​ដាក់​​ឲ្យ​ដំណើរ​ការ​​​​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៩ ដើម្បី​​ជួយ​ដល់ស្ត្រី​ជា​សហ​គ្រិន​ទូ​ទាំង​ប្រទេស​កម្ពុជា ឲ្យ​អភិវឌ្ឍ​អាជី​វកម្ម​​របស់​ខ្លួន តាម​រយៈ​ការទាញ​​យក​អត្ថ​ប្រយោជន៍ពី​សេដ្ឋ​កិច្ច​ឌី​ជី​ថល​ដែល​កំពុង​តែ​រីក​ចម្រើន​នៅ​កម្ពុជា​។ តាម​រយៈ​ការ​​ធ្វើ​សិក្ខា​សាលា​វគ្គ​បណ្តុះ​បណ្តាល និង​ការ​ផ្តល់​ប្រភព​ធន​ធាន​នានា​​តាម​អន​ឡាញជា​បន្ត​បន្ទាប់ កម្មវិធី SheMeansBusiness នឹង​ផ្តល់​​ឲ្យ​សហ​គ្រិន​​ស្ត្រី​នូវ​ចំណេះ​ដឹង បណ្ដាញទំនាក់ទំនង ជំនាញ និង​បច្ចេក​វិទ្យា ដែល​ត្រូវ​ការ​ជា​ចាំ​បាច់​ដើម្បីបង្កើត និងពង្រីក ​អាជី​វកម្ម​អន​ឡាញ​របស់​ពួក​គេ​ឲ្យកាន់​តែ​រីក​​ចម្រើន​។

កម្មវិធីនឹង​​រៀប​ចំ​ឡើង​ក្រោម​​ភាពជាដៃគូ​ជាមួយ​នឹង​គម្រោងសហ​គ្រិន​​​ស្ត្រី (WE Act) របស់​ភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរ​ជាតិ​ហៅ​កាត់ថា USAID ដែល​គ្រប់​គ្រង​ដោយ​អង្គ​ការ Pact​។ គម្រោង We Act ជួយផ្ដល់ឲ្យ​សហ​គ្រិន​ជា​ស្ត្រី​វ័យ​ក្មេង នូវ​ចំណេះ​ដឹង ឧបករណ៍ និង​ធន​ធាន​ផ្សេង​ៗ​ដែល​​ត្រូវការ​ជា​ចាំ​បាច់​ដើម្បីសម្រេចបាន​​ជោគ​ជ័យ​ក្នុង​ទីផ្សារ​។

ក្រោមភាពជាដៃគូនេះក្រុមហ៊ុន Facebook និង​​អង្គ​ការ Pact បាន​​​រៀប​ចំវគ្គ​បណ្តុះ​បណ្តាល​តាម​តំបន់​​ជា​ច្រើន ដើម្បី​បំ​ប៉ន បង្វឹក និង​ផ្តល់​លិខិត​បញ្ជាក់​អំពីការបណ្ដុះបណ្ដាលដល់​គ្រូ​បង្រៀន​ចំនួន​១១​នាក់ ក្នុងឆ្នាំនេះ ហើយអ្នកទាំងនោះនឹងបណ្តុះបណ្តាលសហគ្រិនស្ត្រីវ័យក្មេងចំនួន ១៧០០ នាក់ដែលគាំទ្រដោយកម្មវិធី WE Act ។ ដោយសារឥទ្ធិពលនៃវីរុសកូវីដ១៩​ថ្មី(Covid-19)ការបណ្តុះបណ្តាលសម្រាប់គ្រូបង្រៀននឹងត្រូវធ្វើឡើងតាម រយៈកម្មវិធីលើប្រព័ន្ធអ៊ីនធឺណិត ការបណ្ដុះបណ្ដាលនេះនឹងផ្ដល់ជូនសម្រាប់ គ្រូបង្រៀនចំនួន​៥ នាក់សិនក្នុងដំណាក់កាលទីមួយ។

លោកស្រី Sabine Joukes ប្រធាន​គម្រោង WE Act បានមាន​ប្រសាសន៍​ថា៖ «យើង​ពិត​ជា​រំភើប​រីករាយណាស់ដែលបានចាប់​ដៃគូ​ជាមួយក្រុមហ៊ុនFacebook ដើម្បី​នាំយក​កម្មវិធី SheMeansBusiness មកកម្ពុជា​។ ដោយមានការ​គាំ​ទ្រ​ពី USAID កម្ម​វិធីនេះនឹង​ជួយ​ឲ្យស្ត្រី​រៀន​ពី​របៀប​ចាប់​ផ្តើម និង​​អភិវឌ្ឍ​អាជី​កម្ម​របស់​ខ្លួន តាម​រយៈ​ការ​ប្រើ​ប្រាស់កម្មវិធីតាម​អន​ឡាញ​​ដែល​មាន​​សក្តា​នុ​ពល​ដ៏​អស្ចារ្យ ជាពិសេសនៅពេលដែលសហគ្រិនប្រឈមនឹងបញ្ហាវីរុសកូវីដ-១៩​ថ្មី​។»

​ភាព​ជា​ដៃគូ​​រវាងក្រុមហ៊ុន Facebook និងអង្គការ Pact គឺ​ជា​ភាពជា​​ដៃគូដ៏​​ពិសេសមួយ ដោយបង្ហាញ​ពី​​របៀប​ដែល​​​ដៃ​គូ​​អភិវឌ្ឍ និង​វិស័យ​ឯក​ជន​​អាច​ធ្វើការ​ ដើម្បីសម្រេច​​គោល​ដៅរួម ដើម្បី​ទទួល​បាន​លទ្ធផល​កាន់​តែល្អ​ប្រសើរ​។

លោកស្រី Veena Reddy នាយិការ​បេសកកម្ម​របស់​ USAID បាន​កត់​សម្គាល់​ថា៖ «ការ​សហការរវាង​វិស័យ​ឯក​ជន (ក្រុមហ៊ុន Facebook) និង​ដៃគូ​អភិវឌ្ឍ (អង្គការ Pact) ដែលមានគោល​ដៅ​​រួមគ្នាក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវអាជីវកម្មរបស់​សហ​គ្រិន​ស្ត្រី​និងការចូលរួមពីប្រជាពលរដ្ឋ គឺ​ជា​​ការ​បោះ​ជំហាន​​ប្រកប​ដោយ​ភាពស្វាហាប់ក៏ដូច​ជា​​ផ្តល់​អត្ថ​ប្រយោជន៍​ដ៏អស្ចារ្យ​ដល់​សហ​គ្រិន​ជាស្ត្រី​​កម្ពុជា​»​។

សេដ្ឋ​កិច្ច​​របស់​ប្រទេស​កម្ពុជា បាន​​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ពោល​គឺ​​កើន​ក្នុង​កម្រិត​ ៧ភាគរយ ជា​ប្រចាំ​ឆ្នាំ ប៉ុន្តែការ​រីក​ចម្រើន​នេះ មិន​មាន​ភាពស្មើ​​គ្នា​ឡើយ ជាហេតុនាំ​ឲ្យ​ស្ត្រី និង​សក្ដានុពល​សេដ្ឋ​កិច្ច​របស់​ពួក​គាត់ ដើរមិនទាន់កំណើនសេដ្ឋកិច្ចនេះ​​។ បើ​ទោះ​បី​ជាមានម្ចាស់អាជីវកម្មជាស្រ្តីច្រើនជាង ៦០ភាគរយ ក៏ដោយ ក៏៩៩ភាគរយ នៃ​អាជី​វកម្ម​ទាំង​នោះ​គឺ​ជា​សហ​គ្រាស​ខ្នាត​តូច(មាន​និយោ​ជិត​​​​ច្រើន​បំផុត​ចំនួន១០នាក់)ដែល​បង្ហាញ​ថា កម្ពុជានៅមានសក្តា​នុពលសេដ្ឋ​កិច្ចដ៏ធំមួយ​ ដែលមិនទាន់ប្រើប្រាស់នៅឡើយ។ ភាព​មិនស្មើ​គ្នា​នេះបង្ហាញ​ឲ្យ​​ឃើញអំ​ពី​ឱកាស​ធំ​មួយ​ដើម្បី​ជួយ​ដល់​​​ការ​អភិវឌ្ឍ​របស់​ស្ត្រី​​ទាំង​អស់ ​ក្នុង​នាម​ជាអ្នកចូលរួមអភិវឌ្ឍ​វិស័យ​សេដ្ឋ​កិច្ច​។ ស្ត្រី​​ជាទូទៅ មាន​និន្នា​ការ​​ចែក​រំលែក​ភាព​រីក​ចម្រើន​ផ្នែក​សេដ្ឋ​កិច្ច​របស់ខ្លួន ជាមួយ​​នឹង​ក្រុម​គ្រួ​សារនិង​សហ​គមន៍ តាមរយៈមធ្យោបាយផ្សេងៗ ​ដែលជួយធ្វើ​ឱ្យប្រសើរឡើងមិនត្រឹមតែជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ តែក៏ជួយដល់​វិស័យ​សុខា​ភិបាល និង​អប់​រំផងដែរ​។

ការដែលប្រជាពលរដ្ឋត្រូវស្ថិតនៅឱ្យឆ្ងាយពីគ្នា ដោយសារតែវីរុសកូវីដ១៩(Covid-19) បានធ្វើឲ្យសហគ្រិន ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង។ ​កម្មវិធីបណ្តុះបណ្តាលនេះ នឹងជួយឱ្យសហគ្រិនស្ត្រីជាច្រើន អាចធ្វើអាជីវកម្មរបស់ពួកគេ តាមអនឡាញវិញបាន ដោយជោគជ័យនៅពេលដែលពួកគេត្រូវការបំផុត។​

លោក Ruici Tio អ្នក​​គ្រប់​គ្រង​លើ​​គោល​ន​​យោ​បាយ​កម្មវិធី​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ីហ្វិកក្រុមហ៊ុន Facebook បាន​ឲ្យ​ដឹង​ថា៖ «នៅពេល​ដែល​ស្ត្រី​មានការអភិវឌ្ឍ យើង​ទាំង​អស់​គ្នាក៏​ទទួល​បាន​អត្ថ​ប្រយោជន៍​ដែរ​។ កម្មវិធី SheMeansBusiness មិនត្រឹមតែ​ផ្ដល់សហ​គ្រិនស្រ្តីនូវ ចំណេះដឹងដែលមានប្រយោជន៍ ​និងឱកាសឲ្យស្គាល់អាជី​វករ​ដូចគ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​នឹង​បង្កើន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​សារ​សំខាន់​នៃ​ភាព​ជា​សហ​គ្រិន​របស់​ស្ត្រី សម្រាប់​​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច និង​សង្គម​ជា​តិផងដែរ​។ ជាមួយ​នឹង​ការ​ចាប់​ដៃគូ​ជាមួយ​នឹង អង្គការPact យើងក៏អាចបោះជំហានទៅមុខមួយជំហានទៀត ​ក្នុងការ​ធ្វើ​ឲ្យកម្ពុជា ក្លាយ​ជា​កន្លែង​កាន់​តែ​ល្អប្រសើរ​សម្រាប់ឲ្យ​ស្ត្រី​ ​បង្កើត និងគ្រប់គ្រង​អាជី​វកម្ម​មួយ​»​។ 

ក្រុមហ៊ុន Facebook បាននិងកំពុង​ជម្រុញ​​​ឲ្យ​ប្រជា​ពល​រដ្ឋ​​ចូលរួម​គាំទ្រ​ដល់​ស្ត្រីទាំងអស់ ដែល​គ្រប់គ្រង​អាជី​វកម្ម​ខ្នាត​តូច​នៅកម្ពុជា តាមរយៈ​ការ​ចែក​រំលែក​ទំព័រ​អាជី​វកម្ម  រូប​ភាព និង​វី​ដេ​អូនានារបស់​ស្ត្រី​ទាំង​​នោះ លើ​បណ្តាញ​សង្គម Facebook របស់​ខ្លួន ដោយ​ភ្ជាប់នឹងពាក្យ​ថា #SheMeansBusiness​។​ ដើម្បី​ទទួលបាន​​ព័ត៌​មាន និង​ការ​លើក​ទឹក​ចិត្ត​បន្ថែម​ សូម​ចូ​ល​​ទៅកាន់​គេហ​ទំ​ព័រ www.shemeansbusiness.fb.com

អំពី USAID


ភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​​ការអភិវឌ្ឍ​អន្តរ​ជាតិ​​ហៅកាត់ថា USAID ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​ឆ្នាំ​១៩៦១ ដោយ​លោកប្រធា​នា​ធិបតី John F. Kennedy និង​​ដើរ​តួនាទី​ជា​ភ្នាក់​ងារ​ឈានមុខ​គេ​របស់​រដ្ឋា​ភិបាល​អាមេរិក​សម្រាប់​ជំនួយ​បរទេស​។ ចាប់​តាំងពីឆ្នាំ​១៩៩២មក USAID បាន​វិនិយោគក្នុង​ទឹក​ប្រាក់​ច្រើន​ជាង​១​ពាន់​លានដុល្លារ​អាមេរិក លើ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​។

អំពី​អង្គការ PACT

ដោយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៧១ អង្គការ Pact ព្យា​យាមចូលរួមកសាង​ពិភព​លោកមួយដែលមនុស្ស​គ្រប់រូប ​មាន​សិទ្ធិ​ស្មើ​គ្នា មានសមត្ថភាព​ និង​ភាព​អស្ចារ្យ​ដូចគ្នា​។ Pact បាន​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​​ក្នុង​ប្រទេស​កម្ពុជា បើ​គិត​ចាប់​តាំងពីឆ្នាំ​១៩៩១មក​។ ដោយសហការជាមួយ​នឹង​​ដៃគូ​ជា​ច្រើន Pact ប្រតិ​បត្តិ​គម្រោង​ច្បាប់​សហ​គ្រិន​​ជាស្ត្រី (WE Act) ចាប់​តាំង​ពីខែ​សីហា ឆ្នាំ​២០១៨មក ដើម្បី​ជួយ​ជំរុញ​ឲ្យ​​សហ​គ្រិន​ជា​ស្ត្រី​វ័យ​ក្មេង អាច​ប្រើប្រាស់សក្តា​នុ​ពល​​របស់​ខ្លួនឱ្យបានពេញលេញក្នុងនាម​ជា​សហ​គ្រិន ព្រមទាំង​ទទួល​បានជោគ​ជ័យផ្នែក​អាជី​វ​កម្ម​របស់​ពួកគេ ក៏ដូច​ជា​ចូលរួម​អភិវឌ្ឍ​សង្គមជាតិ​។

អំពី​កម្មវិធី #SHEMEANSBUSINESS

កម្មវិធី SheMeansBusiness ដែល​បានចាប់ដំណើរ​ការ​​ក្នុងឆ្នាំ​២០១៦ មានបំណង​ចូលរួម​គាំទ្រ និង​​ផ្តល់​សិទ្ជិអំណាច​ឲ្យ​សហ​គ្រិន​ជា​ស្ត្រី​​ទូ​ទាំង​តំបន់អាស៊ី​ប៉ា​ស៊ីហ្វិក​។ តាម​រយៈ​ការ​​ធ្វើ​សិក្ខា​សាលា​ វគ្គ​បណ្តុះ​បណ្តាល និង​​ផ្តល់​ប្រភព​ធន​ធាន​តាម​អន​ឡាញ ជា​បន្ត​បន្ទាប់ កម្មវិធី SheMeansBusiness នឹង​ផ្តល់​​ឲ្យ​សហ​គ្រិន​ជា​ស្ត្រី​នូវ​ចំណេះ​ដឹង បណ្ដាញទំនាក់ទំនង ជំនាញ និង​បច្ចេក​វិទ្យា ដែល​គេត្រូវ​ការ​ជា​ចាំ​បាច់​ដើម្បីក​សាងនិង​ធ្វើ​ឲ្យ​អាជី​វកម្ម​អន​ឡាញ​របស់​ពួក​គេ​កាន់​តែ​រីក​​ចម្រើន​។ កម្មវិធីនេះ នឹង​រៀប​ចំ​ឡើង ក្រោម​កិច្ច​សហ​ប្រតិ​បត្តិ​​ការ​ជាមួយ​នឹង​អ្នកដឹក​​នាំអាជី​វកម្ម សង្គម​ស៊ីវិល អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល និង​វិស័យ​ឯក​ជន​ទូ​ទាំង​តំបន់​។

Knongsrok

កំណត់សម្គាល់​សម្រាប់​ការីនិពន្ធ

សម្រាប់​​ការ​សាក​សួរ​ព័ត៌​មាន សូម​ទាក់​ទង​ទៅកាន់៖

កញ្ញា Nguyen Quynh Trang៖ អ្នក​ចាត់​ការ​ទូទៅ​ផ្នែក​ទំនាក់​ទំនងរបស់ Facebook ប្រចាំកម្ពុជា និង​វៀត​ណាម​

អ៊ី​ម៉ែល៖ quynhtrang[at]fb.com