ខេត្តមណ្ឌលគិរី ៖ យោងតាមសេចក្ដីរាយការណ៍ពីក្រុមហ៊ុន លឹម រ៉ូយ៉ាល់ បានរាយការណ៍ទៅដល់នាយខណ្ឌរដ្ឋបាលព្រៃឈេីខេត្តមណ្ឌលគិរី លោក អ៊ុំ វណ្ណសុភៈ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ៖ មានសត្វទន្សោងងាប់នៅក្នុងបរិវេនដីក្រុមហ៊ុនរបស់ខ្លួន ដែលមានទីតាំង នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ទើបក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈេី បានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ និងសហការជាមួយក្រុមហ៊ុន លឹម រ៉ូយ៉ាល់។
តាមការពិនិត្យជាក់ស្តែងនៅនឹងកន្លែងកើតហេតុ ក្រុមការងារបានឃើញសត្វទន្សោងញីចំនួន២ក្បាល បានងាប់មានសភាពហើមស្អុយ ទំនងជាងាប់ ៣ ទៅ ៤ថ្ងៃមកហើយ។ សត្វទន្សោងដែលងាប់នេះ ត្រូវបានជនមិនស្គាល់មុខបាញ់នៅក្នុងព្រៃការពារភ្នំព្រេច ហើយសត្វទន្សោងនោះបានរត់មកងាប់នៅក្នុងដីក្រុមហ៊ុនចម្ងាយពីផ្លូវធំប្រហែល៣០ម៉ែត្រ។ បន្ទាប់ពីបានធ្វើការត្រួតពិនិត្យរួចរាល់ហើយនោះ ក្រុមការងារក៏បានធ្វើការកប់សពសត្វទន្សោងនៅនឹងកន្លែងកើតហេតុតែម្តង៕