ហាងមាន់បំពងដ៏ល្បីលំដាប់ពិភពលោក ខេអេហ្វស៊ី (KFC )មានប្រវត្តិបែបនេះសោះ

បើនិយាយអំពីហាងអាហារសម្រន់ ឬហាងមាន់បំពង មនុស្សស្ទើរទូទាំងពិភពលោក និងជាពិសេសនៅកម្ពុជាយើងផ្ទាល់ ប្រាកដជានឹកឃើញទៅដល់ហាង ខេអេហ្វស៊ី (KFC ) ដែលជាហាងផលិតសាច់មាន់បំពងយ៉ាងស្រួចឆ្ងាញ់នោះឯង។ ញុាំ! រហូតដល់លិឍដៃ  គឺជាពាក្យស្លោកមួយរបស់ហាងនេះ បានធ្វើឲ្យល្បីល្បាញក្នុងពិភពយុវជន​នា​ពេលទីផ្សារហាងនេះ ចូលមកដល់ប្រទេសកម្ពុជាយើងដំបូងអំឡុងឆ្នាំ២០០៨។

ខេអេសស៊ី (KFC )   ឬពាក្យពេញ Kentucky Fried Chicken បានបង្កើតឡើងដំបូងនៅឆ្នាំ១៩៣០ (គិតមកទល់សព្វថ្ងៃ ៨៩ឆ្នាំ) ប៉ុន្តែមុនដល់ការបើកហាងមួយនេះឡើង គឺមានប្រវត្តិតស៊ូដ៏ជូរចត់របស់លោក  Colonel Harland Sanders ដែលជារឿយៗ ប្រិយមិត្ត​តែងតែឃើញការតាំងរូបគាត់នៅក្នុងហាង ខេអេសស៊ី គ្រប់សាខាជុំវិញពិភពលោកនោះ។

ហាងមួយនេះ បានបើកដំណើរការដំបូងនៅក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិក តែនាឆ្នាំនោះគ្រាន់តែជាកូនហាងតូចមួយនៅលើចញ្ចើមផ្លូវតែប៉ុណ្ណោះ។ តែដោយសារតែជំនាញដ៏បុិនប្រសព្វលើផ្នែកបំពងមាន់របស់គាត់ ទីបំផុតហាងដ៏តូចមួយដែលរូបលោកផ្ទាល់មិនរំពឹងថា អាចជោគជ័យនោះ បានទទួលការគាំទ្រជាខ្លាំងពីសំណាក់អ្នកបានភ្លក់រសជាតិ។


ទីបំផុត លោក Colonel Harland Sanders  បានសម្រេចផ្តល់សិទ្ធិបើកលក់ជាសាខានៃហាងខេអេសស៊ី ជាលើកដំបូងនៅឆ្នាំ១៩៥២ ដែលស្ថិតនៅរដ្ឋ Utah ។ ហើយនៅឆ្នាំនោះផងដែរ រូបលោកក៏បានបង្កើតស្នាដៃខ្លួនបន្ថែមទៀតដោយបានបញ្ចូលនូវ ហាំ​ប៊ឺ​ហ្គឺរ ​មួយមុខទៀតនៅក្នុងហាង។ ក្រោយមកដល់អំឡុងឆ្នាំ១៩៦៤ ក្រោមការបណ្តាក់​ទុន​វិនិយោគពីអ្នកជំនួញ២រូបឈ្មោះ John Y. Brown  Jr និង Jack C. Massey ក្រោមរវ្វង់ទឹកប្រាក់២លានដុល្លារ (ប្រហែល១៥លានដុល្លារបច្ចុប្បន្ន) បានធ្វើឲ្យ ខេអេសស៊ី លេចវត្តមាននៅក្រៅសហរដ្ឋអាមេរិកដំបូង ពោលគឺបើកនៅប្រទេសកាណាដា ហើយអំឡុងទស្សវត្សរិ៍ឆ្នាំ១៩៦០ ដដែលបានរីកសាខាដល់ ចក្រភពអង់គ្លេស មុិកស៊ិក ផងដែរ។

រហូតមកដល់អំឡុងទស្សវត្តរិ៍ឆ្នាំ១៩៧០ សោះ ខេអេសស៊ី បានមានសាខារបស់ខ្លួនសរុបនៅ៤៨ប្រទេសទៅហើយ។ មកទល់ឆ្នាំ១៩៨៧ ខេអេសស៊ី បានបើកដំណើរការឆ្លងទ្វីបមកដល់តំបន់អាស៊ី ពោលគឺលេចវត្តមាននៅប្រទេសចិន ហើយក៏ជាហាងអាហារសម្រន់មកពីសហរដ្ឋអាមេរិកដំបូងគេបំផុត នៅក្នុងប្រទេសចិនផងដែរ។ ឆ្នាំនេះដដែល ខេអេសស៊ី ក៏បានចុះហត្ថលេខាក្លាយជាដៃគូជាមួយក្រុមហ៊ុនភេសជ្ជៈ Pepsi  ដោយក្នុងតម្លៃ៨៦០លានដុល្លារ (ប្រហែល២ពាន់លានដុល្លារបច្ចុប្បន្ន) ចាប់តាំងពីពេលនោះមកដល់សព្វថ្ងៃ។ នៅក្នុងឆ្នាំ១៩៨០ ស្ថាបនិក លោក Colonel Harland Sanders  ក៏បានលាចាកលោក ប៉ុន្តែទំហំទឹកប្រាក់ការវិនិយោគនៅតែមានភាគហ៊ុនដល់កូនចៅ គ្រួសាររបស់លោកដដែល។

ខេអេសស៊ី បានចូលមកដល់ប្រទេសកម្ពុជាដំបូងនៅឆ្នាំ២០០៨ ដោយបានបើកសាខានៅលើមហាវិថីព្រះមុន្នីវង្ស។ សាខាក្រុមហ៊ុនធំរបស់ ខេអេសស៊ី គឺស្ថិតនៅក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិកដដែល ដែលជាទីកន្លែងចាប់កំណើតនៃហាងមួយនេះ។ បច្ចុប្បន្នភាពគិតត្រឹមរបាយការណ៍ចុងឆ្នាំ២០១៨ ហាងមួយនេះបានក្លាយជា ហាងអាហារសម្រន់លំដាប់ទី២លើសកលលោក បន្ទាប់ពី McDonald’s ដែលមានសាខាចែកចាយសរុប ២២ ៦២១កន្លែង នៅ១៣៦ប្រទេស។ ខណៈចំណូលសរុបឆ្នាំ២០១៧ ខេអេសស៊ី អាចទាញចំណូលបានដល់ទៅ ៥ពាន់់លានដុល្លារ៕