ប្ដីប្រពន្ធ ឈ្លោះទាស់គ្នាយ៉ាងណា ក៏កុំឱ្យម៉ាក់ប៉ាដឹងច្រើនពេក កុំធ្វើឱ្យគាត់ពិបាកចិត្តដោយសារតែយើង

ធំៗអស់ហើយ ឪពុកម្ដាយផ្សំផ្គុំ រៀបចំឱ្យមានគ្រួសារ ក៏ព្រោះតែគិតថា យើងចាស់ទុំគ្រប់គ្រាន់ក្នុងការមើលថែ និងគ្រប់គ្រងគ្រួសារមួយដែលជារបស់ខ្លួនឯង។

ឪពុកម្ដាយគ្រប់រូប ចិញ្ចឹមកូនទម្រាំធំធាត់ ដឹងក្ដី មិនមែនជារឿងងាយស្រួលនោះទេ ផ្គត់ផ្គង់ ទំនុកបម្រុង សព្វគ្រប់បែបយ៉ាងលើកូន។ រហូតដល់កូនៗធំធាត់ ដឹងក្ដី ពេញរូបពេញរាង ក៏រៀបចំឱ្យមានគ្រួសារ មានប្ដីមានប្រពន្ធ ព្រោះចង់ឱ្យកូនៗមានគ្នារស់នៅកំដរ រួមដំណើរជីវិត សាងគ្រួសារមួយជាមួយនឹងគ្នា វាគឺជាតួនាទីរបស់ឪពុកម្ដាយគ្រប់រូប គាត់ហត់នឿយណាស់​ ទម្រាំតែអាចរៀបចំទុកដាក់កូនចៅបាន ហើយអ្វីដែលគាត់ចង់ឃើញនោះគឺ ចង់ឃើញកូនចៅមានក្ដីសុខ និងសុភមង្គល។

96793762_910382766069088_4244096307481804800_n


ដូច្នេះ យើងមានប្ដីមានប្រពន្ធរៀងៗខ្លួនអស់ហើយ មិនថានៅក្នុងគ្រួសារមានបញ្ហា ឈ្លោះទាស់ទែងគ្នាយ៉ាងណាក៏ដោយ ក៏កុំសូវទៅទូពិត ឬនាំបញ្ហាឱ្យឪពុកម្ដាយបានដឹងឮច្រើនពេក កុំធ្វើឱ្យគាត់មិនសប្បាយចិត្ត គាត់បានរៀបចំទុកដាក់ឱ្យយើង ហត់នឿយច្រើនណាស់ហើយ កុំធ្វើឱ្យគាត់ហត់នឿយ នឹងមកជួយដោះស្រាយបញ្ហាក្នុងគ្រួសារឱ្យយើងបន្ថែមទៀតអី បញ្ហាតូចធំ ក៏នាំប្ដីប្រពន្ធជួយដោះស្រាយគ្នា ប្រឈមមុខគ្នាទៅ កុំនាំភ្លើងក្ដៅឱ្យអ្នកមានគុណ អាណិតចិត្តគាត់ផង គាត់ក៏ចាស់ៗនាស់ហើយ៕

97528070_910217656085599_2568634513114529792_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ