ក្រសួងសុខាភិបាលប្រេស៊ីលបាននិយាយថា ប្រទេសប្រេស៊ីលបានក្លាយជាប្រទេសឈរលំដាប់លេខ ២ នៅលើពិភពលោក ដែលមានចំនួនអ្នកឆ្លងជំងឺ Covid-19 កាលពីថ្ងៃសុក្រ ដែលស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងសរុបកើនដល់ ៣៣០.៨៩០ នាក់ ដែលបានវ៉ាដាច់ប្រទេសរុស្ស៊ី។
យោងតាមក្រសួងសុខាភិបាលប្រទេសប្រេស៊ីលបានចុះបញ្ជីចំនួនអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ១.០០១ នាក់កាលពីថ្ងៃសុក្រ ដែលសរុបអ្នកស្លាប់ទាំងអស់គឺ ២១.០៤៨ នាក់។
នៅទីក្រុងសៅប៉ូឡូ ដែលជាទីក្រុងរងគ្រោះខ្លាំងបំផុតវីដេអូពីលើអាកាសបានបង្ហាញពីដីឡូត៍ជួរដេកជាច្រើនកន្លែងនៅទីបញ្ចុះសព Formosa សម្រាប់ដាក់អ្នកស្លាប់ដោយសារជំងឺនេះ។
លោកប្រធានាធិបតី Jair Bolsonaro ត្រូវបានគេរិះគន់យ៉ាងខ្លាំងចំពោះការគ្រប់គ្រងរបស់លោក ដែលបណ្ដោយឱ្យមានការផ្ទុះឡើងនៃជំងឺនេះ ហើយស្ថិតនៅចំកណ្តាលនៃវិបត្តិនយោបាយដែលកំពុងស៊ីជម្រៅថែមទៀតផង៕
ប្រភព ៖ theprovince