នាពេលនេះ! នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ​ព្រមាន​ស្នងការ​ទាំងអស់​មិន​ត្រូវ​ដាក់​បារ៉ាស់​ នៅតាម​ដងផ្លូវ​ទៀត​នោះទេ

ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍សន្តិ​បណ្ឌិត​ នេ​ត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ ​បានធ្វើការ​ព្រមាន​ជា​ចុងក្រោយ​ដល់​ស្នងការ​គ្រប់​រាជធានី​-​ខេត្ត​ទាំងអស់​ មិន​ត្រូវ​ដាក់​បា​រ៉ា​ស់​ ដើម្បី​ស្ទាក់ចាប់​រថយន្ត​គេ​បន្តទៀត​នោះទេ​ ខណៈរថយន្ត ​កំពុង​ធ្វើ​ចរាចរណ៍​ធម្មតា​ដោយ​ពុំ​មាន​ខុស​នឹង​បទល្មើស​ច្បាប់​ចរាចរណ៍​។

ការព្រមាន​របស់​អគ្គ​ស្នងការ​នគរបាលជាតិ​រូបនេះ​ គឺ​បានធ្វើ​ឡើង ​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ​ខ្លះ​ មានការ​ថ្នាំងថ្នាក់​ចំពោះ​ នឹង​នគរបាល​ចរាចរណ៍​មួយ​ចំនួន ​បានដាក់​បា​រ៉ា​ស់​នៅ​តាម​ផ្លូវ​ដោយ​ចាំ​ស្ទាក់​ចាប់​រថយន្ត​ធ្វើដំណើរ​តាមផ្លូវ ​ដោយ​យក​លេស​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​ខណៈ​រថយន្ត​ទាំងនោះ​ កំពុងធ្វើការ​បើកបរ​ធម្មតា​ នៅតាម​ដងផ្លូវ​នោះ​។

តាមរយៈ​សារ​សំឡេង​ក្នុង​តេ​លេ​ក្រាម​ ដែល​ទូរទស្សន៍​ប៊ី​ធី​វី​ ទទួល​បាន​នា​ព្រឹក​ថ្ងៃទី​២៦ ​ខែឧសភា ឆ្នាំ ២០២០​នេះ ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​តាមរយៈក្រសួងមហាផ្ទៃ ​បានចាប់ផ្តើម​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​ថ្មី ដើម្បី​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​ខណៈដែល ​កាលពី​ឆ្នាំ​២០១៩ ​កន្លងទៅ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ​បាន​បណ្តាល​ឲ្យ​មនុស្ស​ជិត​ពីរពាន់​នាក់​ បាន​ស្លាប់ ​និង​រាប់ម៉ឺន​នាក់​បាន​រងរបួស​ធ្ងន់​–ស្រាល​។ ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ គឺ​រាជរដ្ឋាភិបាល​ធ្វើឡើង​ដើម្បី​គុណ​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ​ដើម្បី​ការពារ​អាយុជីវិត និង​ទ្រព្យសម្បត្តិ របស់​ពួកគាត់​តែប៉ុណ្ណោះ​មិនមែន​ធ្វើឡើង​ដើម្បី​សង្កត់ករ​ ឬក៏​ធ្វើបាប​ជីវភាព​របស់​ប្រជាពលរដ្ឋ​នោះឡើយ​។


ក្រោយពីរ​នគរបាល​ចាប់ផ្តើម​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក រយៈពេល​២៥​ថ្ងៃ ​មក​នោះ​នគរបាល​ចរាចរណ៍​ទូទាំងប្រទេស បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត ​៣៦៧៩៩​គ្រឿង ​ក្នុងនោះ​ម៉ូតូ ២៦៧៨២​គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​១០០១៧ ​គ្រឿង​។

យ៉ាងណាក៏ដោយ​នៅក្នុង​អំឡុង​នៃ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ ​ក៏បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មួយ​ចំនួន​មានការ​មិន​ពេញចិត្ត​ចំពោះ​បា​រ៉ា​ស់ របស់​នគរបាល នៃ​ខេត្ត​មួយ​ចំនួន​ដែល​បាន​ដាក់​ដើម្បី​ស្ទាក់ចាប់​ពួកគាត់​ដែល​ពុំ​មាន​ខុស​នឹង​ច្បាប់​ចរាចរណ៍​ផងដែរ​នោះ​។ ​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​នាពេល​បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ ​កាន់តែច្រើន​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​ក្រោយពី​រាជរដ្ឋាភិបាល​បាន​រឹតបន្តឹង​ខ្លាំង​ចំពោះ​ការអនុវត្ត​ច្បាប់ ដោយ​រយៈពេល​ជិត​មួយ​ខែ​មកនេះ​បន្ទាប់ពី​រឹតបន្តឹង​នោះ​កាត់បន្ថយ​អត្រា​អ្នកស្លាប់ ​និង​រងរបួស​បាន​ច្រើន​ផងដែរ​៕

ប្រភពដើម៖