ហេតុផលមួយចំនួន ដែលមនុស្សស្រីមិនគួរទទួលយកសង្សារចាស់ ឬគូស្នេហ៍ចាស់ដែលបែកគ្នា ត្រឡប់មកត្រូវរ៉ូវគ្នាជាថ្មីនោះឡើយ

អាចនិយាយបានថា មនុស្សប្រុសមួយចំនួន គឺពីបាកនឹងកែចរិតណាស់ មនុស្សប្រុសខ្លះ គិត និងយល់តែអារម្មណ៍ខ្លួនឯងតែប៉ុណ្ណោះ គេមិនដែលខ្វល់ពីមនុស្សស្រីដែលគេស្រឡាញ់ទេ ទាល់តែបាត់បង់ទៅហើយ ទើបនឹកឃើញស្ដាយក្រោយ ហើយចង់ត្រឡប់មករកនាងវិញ ព្រោះគេគិតថា មនុស្សស្រីចិត្តទន់ណាស់លួងតែបន្តិច ប្រាកដជាព្រមទទួលយកគេវិញជាមិនខាន។ ខាងក្រោមនេះ ជាហេតុផលមួយចំនួន ដែលអ្នកមិនគួរចិត្តទន់ ព្រមទទួលយកគេវិញទេ បើទោះជាគេស្បថស្បែ ប្ដេជ្ញា ថានឹងស្មោះ ឬកែខ្លួនដើម្បីអ្នកក៏ដោយ ៖

១. ជាមនុស្សបានតែសន្យា

ត្រូវហើយ ចរិតមនុស្សប្រុសភាគច្រើនគឺ បានតែសន្យា បានតែមាត់ ព្រោះអ្វីក៏ដោយ គឺគេគិតថា មនុស្សស្រីច្រើនតែចិត្តទន់នឹងពាក្យសន្យា ដូច្នេះគេក៏និយាយឱ្យតែរួចពីមាត់ សន្យា១០ដងធ្វើមិនបាន១ដងផង មនុស្សបែបនេះ ទោះអ្នកអធ្យាស្រ័យឱ្យគេដល់ស្លាប់ទៀត ក៏គេមិនកែប្រែដែរ។

២. រកអ្នកតែពេលត្រូវការ

កាលនៅទាក់ទងគ្នា គេមិនសូវអើពើនឹងអ្នកទេ បើមានពេលទំនេរ គេសុខចិត្តលេងហ្គេម ពេលមានការ អ្នកពឹងពាក់គេ គឺដូចអូសឫស្សីបញ្ច្រាសចុង នេះបញ្ជាក់ថា គេគ្មានអ្នកក្នុងកែវភ្នែកឡើយ គេទុកអ្នកត្រឹមជាមនុស្សកំដរអារម្មណ៍ ពេលគេត្រូវការតែប៉ុណ្ណោះ។

102654156_934184987022199_3244388592182750467_n

៣. តែងតែឱ្យតម្លៃមិត្តភក្តិជាងអ្នក

ក្រៅពីរៀន ធ្វើការ គឺគេតែងតែនៅជាមួយពួកម៉ាក សម្ងំលេងហ្គេម ឬដើរលេងចោលអ្នក មិនដែលនឹកនា ឬប្រាប់អ្នកពីអ្វីទាល់តែសោះ ដូច្នេះ ប្រសិនបើការជាមួយគ្នាទៀត គេមិនកែចរិតនេះ គឺរឹតតែវេទនាទ្វេដង។

៤. គេទៅមានសង្សារ ២/៣ ដល់បែកទើបមករកអ្នកវិញ

បែកពីអ្នកមិនបានប៉ុន្មានផង គេក៏ទៅរកមនុស្សស្រីថ្មី មានសង្សារថ្មី បែកពីមួយទៅមួយ ដល់ចុងក្រោយអស់ជម្រើសក៏វិលមករកអ្នកវិញ នេះសបញ្ជាក់ថា គេកំពុងតែសាកល្បងមើលស្រីផ្សេង តែព្រោះតែគេរកមិនបានមនុស្សដូចអ្នក ឬអាចមកពីគេជាមនុស្សមិនកំណើត ទើបអ្នកថ្មីទាំងនោះមិនទទួលយកគេ ទើបគេនឹកនាដល់អ្នក ចង់សុំឱកាសពីអ្នក បើអ្នកទទួលយកគេវិញទៀត នោះមានន័យថា អ្នកឱបក្រសោបកាកសំណល់ហើយ។

៥. ពេលបែកមិនបានផ្ដល់ហេតុផលច្បាស់លាស់


ចង់បែកក៏បែក បែកទៅមិនប្រាប់ពីហេតុផលឱ្យច្បាស់លាស់ ដូច្នេះ អ្នកក៏មិនគួរទទួលយកគេ ដោយសារតែគេផ្ដល់ហេតុផលដោះសារ ព្រោះចង់ត្រូវជាមួយអ្នកវិញនោះឡើយ។ មនុស្សបុរសចង់បែក ពុកែដើរតួធ្វើមនុស្សអាក្រក់ចិត្តដាច់ ដល់ពេលអស់ផ្លូវចង់ត្រឡប់ ក៏ដើរតួកម្សត់ ធ្វើមនុស្សស្លូតបូត អ្នកណាថា មនុស្សប្រុសមិនចេះសម្ដែង គឺខុសហើយ។

104028459_935619743545390_5139293302539052094_n

៦. រយៈពេលទាក់ទងគ្នា គេតែងតែប្រមាថ មិនឱ្យតម្លៃអ្នក

ស្រឡាញ់គ្នាច្រើនខែច្រើនឆ្នាំ គេមិនដែលឱ្យតម្លៃអ្នកទេ តែងតែមើលងាយ ប្រមាថ ស្រែកគំហក ស្ដីបន្ទោសឱ្យអ្នកជាប្រចាំ ដូច្នេះ បើបានជាបែកគ្នាហើយ ទុកថាអ្នកអស់កម្ម តែបើទទួលយកគេវិញទៀតនោះ មានន័យថា អ្នកបង្កើតកម្មថ្មីជាមួយគេមិនខុសទេ។

៧. កាលបែកគ្នា អ្នកអង្វរឱ្យគេនៅ តែគេនៅតែទៅ

មុនពេលបែកគ្នា អ្នកបានឃាត់ឃាំង រាំងរា ជាពិសេសនោះគឺ អង្វរលន់តួឱ្យគេនៅ សុំកុំឱ្យបែកគ្នា តែគេមិនស្ដាប់ គេនៅតែចាកចេញទៅដោយមិនស្រណោះ គេចិត្តដាច់ពីអ្នក ដូច្នេះ អ្នកក៏គួតែចិត្តដាច់ពីគេដូចគ្នា កុំទទួលយកគេវិញទៀតអី ព្រោះគេចិត្តដាច់ យើងក៏ត្រូវតែកាត់ឱ្យដាច់ដូចគ្នាដែរ។

៨. មិនដែលគិតថា ច្បាស់លាស់នឹងអ្នក

គេមិនដែលប្រាកដប្រជាជាមួយអ្នកទេ គេគ្រាន់តែចង់ទាក់ទងអ្នកដើម្បីយកពេលសម្លឹងមើលអ្នកផ្សេងតែប៉ុណ្ណោះ បើមានអ្នកណាដែលគេចាប់អារម្មណ៍ ឬស្រឡាញ់ គេប្រាកដជាបោះបង់អ្នកចោលម្ដងហើយម្ដងទៀត ដើម្បីទៅសាងទំនាក់ទំនងជាមួយអ្នកថ្មី ដូច្នេះ វាក៏មិនចាំបាច់អី ដែលយើងត្រូវធ្វើជាកង់សឺកួរគេរហូតនោះឡើយ យើងល្អដែរ មិនខ្វះទេមនុស្សល្អជាងគេ ស្រឡាញ់យើងជាងគេ ហើយច្បាស់លាស់ជាមួយយើងទៀត ឱ្យតែយើងកាត់ផ្ដាច់ឱ្យដាច់ស្រឡះ មិនជាប់ជំពាក់ចំពិនជាមួយគេ៕

104159865_935545713552793_6417790660120414256_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ