មានសង្ឃឹមហើយ! WHO ស្វាគមន៍លទ្ធផលបឋមថ្នាំដែលអាចព្យាបាល អ្នកជម្ងឺ COVID-19 ដែលមានសភាពធ្ងន់ធ្ងរ

អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០ នេះបានសូមស្វាគមន៍ចំពោះលទ្ធផលដំបូងនៃការសាកល្បងរបស់គ្លីនិកពីចក្រភពអង់គ្លេសដែលបង្ហាញថា dexamethasone ដែលជាប្រភេទថ្នាំ corticosteroid អាចជួយសង្គ្រោះជីវិតអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរពីវីរុសកូវីដ១៩ ។ ចំពោះអ្នកជំងឺដែលប្រើបំពង់ខ្យល់ការព្យាបាលត្រូវបានបង្ហាញថាអាចកាត់បន្ថយអត្រាមរណភាពបានប្រហែលមួយភាគបី ហើយចំពោះអ្នកជំងឺដែលបំពាក់អុកស៊ីសែនអត្រាមរណភាពត្រូវបានកាត់បន្ថយប្រហែលមួយភាគប្រាំ។

អត្ថប្រយោជន៍នៃថ្នាំនេះមានប្រសិទ្ធភាពចំពោះអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរដោយសារវីរុសកូវីដ១៩ ហើយមិនត្រូវបានសំគាល់ចំពោះអ្នកជំងឺដែលមានជំងឺស្រាលនោះទេ។

World Health Organization Logo 840x420

លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា “ នេះគឺជាការព្យាបាលដំបូងគេបង្អស់ដែលត្រូវបានបង្ហាញដើម្បីកាត់បន្ថយអត្រាមរណភាពចំពោះអ្នកជំងឺកូវីដ១៩ ធ្ងន់ធ្ងរដែលប្រើអុកស៊ីសែន ឬបំពង់ខ្យល់។ នេះជាដំណឹងដ៏ល្អ ហើយខ្ញុំសូមអបអរសាទរដល់រដ្ឋាភិបាលចក្រភពអង់គ្លេស សាកលវិទ្យាល័យ Oxford និងមន្ទីរពេទ្យនិងអ្នកជំងឺជាច្រើននៅចក្រភពអង់គ្លេសដែលបានចូលរួមវិភាគទានបែបវិទ្យាសាស្ត្រសម្រាប់ការជួយសង្គ្រោះនេះ ”

Dexamethasone គឺជាថ្នាំ corticosteroid ដែលត្រូវបានប្រើតាំងពីទសវត្សឆ្នាំ ១៩៦០ ដើម្បីកាត់បន្ថយការរលាកក្នុងលក្ខខណ្ឌមួយចំនួនរួមមានជំងឺរលាកនិងមហារីកមួយចំនួន។ វាត្រូវបានចុះក្នុងបញ្ជីជាថ្នាំគំរូរបស់អង្គការសុខភាពពិភពលោកចាប់តាំងពីឆ្នាំ ១៩៧៧។


ក្រុមអ្នកស្រាវជ្រាវកំពុងរង់ចាំការវិភាគទិន្នន័យពេញលេញនៅប៉ុន្មានថ្ងៃខាងមុខ។ ការណែនាំផ្នែកវេជ្ជសាស្រ្តរបស់អង្គការសុខភាពពិភពលោកនឹងត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីបង្ហាញពីវីធីប្រើ និងពេលណាដែលថ្នាំនេះគួរតែត្រូវបានដាក់ឱ្យប្រើដើម្បីព្យាបាលលើអ្នកជំងឺកូវីដ១៩ ។

ព័ត៌មាននេះបានបង្កើតនូវកិច្ចប្រជុំផែនការស្រាវជ្រាវ និងអភិវឌ្ឍន៍របស់អង្គការសុខភាពពិភពលោកដែលបានធ្វើឡើងនៅទីក្រុងហ្សឺណែវកាលពីពាក់កណ្តាលខែកុម្ភៈដើម្បីពន្លឿនបច្ចេកវិទ្យាសុខភាពសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។ អង្គការសុខភាពពិភពលោកនឹងបន្តធ្វើការរួមគ្នាជាមួយដៃគូទាំងអស់ដើម្បីធ្វើការអភិវឌ្ឍបន្ថែមទៀតនូវការព្យាបាល និងវ៉ាក់សាំងការពារអាយុជីវិតដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ១៩ ៕

ប្រភព៖ WHO

អត្ថបទដោយ៖ ក្នុងស្រុក