៣យ៉ាងដែលអ្នកគួរតែរក្សាក្នុងភាពឯកជន ដែលគេច្រើនតែហៅថា Private

មនុស្សយើងម្នាក់ៗ សុទ្ធតែមានរឿងផ្ទាល់ខ្លួន ជារឿងឯកជន យើងមានសិទ្ធក្នុងការមិននិយាយ មិនបង្ហាញឱ្យអ្នកដទៃបានដឹងឮ ព្រោះវាជាសិទ្ធរបស់បុគ្គល។ យ៉ាងណាមិញ មានរឿង៣យ៉ាង ដែលយើងគួរតែរក្សាក្នុងភាពឯកជន ដែលគេច្រើននិយាយថា Private រឿងទាំង៣យ៉ាងនេះ យើងមិនគួរបង្ហាញ ឬបង្អួតឱ្យអ្នកដទៃបានដឹងច្រើនពេកនោះទេ ព្រោះទោះជាយ៉ាងណា ក៏គេគង់តែបានដឹងដោយខ្លួនគេនៅថ្ងៃណាមួយ។ ម្យ៉ាងវិញទៀត រឿងទាំងនេះ បើឱ្យគេដឹងឮច្រើន គឺអាចនឹងមានផលមិនល្អមកលើយើងវិញ។

104940147_681877035928415_849296341362966346_n

១. ជីវិតស្នេហា

តាមពិតទៅ រឿងរ៉ាវស្នេហា វាមិនមែនជារឿងអាថ៌កំបាំងអីនោះទេ យើងទាក់ទងអ្នកណា ស្រឡាញ់អ្នកណា វាក៏ជារឿងរបស់យើង ការដែលនិយាយថា ឱ្យរក្សាភាពឯកជន នោះគឺមានន័យថា ស្ថានភាពជីវិតគូរបស់យើង គឺមិនចាំបាច់អីដែលត្រូវបង្ហោះបង្អួតគេពេកនោះឡើយ។ តួយ៉ាងដូចជា ពេលឈ្លោះ ពេលមានបញ្ហា មិនបាច់បង្ហោះចង់បានអ្នកជួយដោះស្រាយទេ រឿងយើងជាមួយដៃគូយើង យើងដោះស្រាយគ្នាឯងទៅ និងរឿងផ្អែមល្ហែម អូនបង អីហ្នឹង ក៏មិនបាច់អួតគេពេកដែរ ព្រោះពេលខ្លះ វាហាក់ខុសពីការពិត ទើបតែឈ្លោះគ្នារួចសោះ បង្ហោះសុទ្ធតែ "បងសម្លាញ់ អូនសម្លាញ់ ស្រឡាញ់ពេញបេះដូង ស្រឡាញ់តែអូនមួយ..." តែតាមពិត លួចលាក់ ក្បត់គ្នាក៏មាន។ ដៃគូ ឬស្នេហាដែលល្អបំផុតគឺ គេមិនសូវបង្អួតអ្នកដទៃឡើយ។

Top 10 Passive Income Ideas 2016

២. ចំណូលដែលបានមក

អាចនិយាយបានថា ជារឿងដាច់ខាត ដែលយើងមិនគួរប្រាប់គេឯងគ្រប់គ្នា អំពីចំណូលដែលយើងរកបាន ព្រោះវាជាលុយកាក់ ជាទ្រព្យរបស់យើង។ ម្យ៉ាងទៀត បើយើងអួតគេពេក គេអាចនឹងថាយើងនេះ អួតជ្រុល នាំឱ្យគេជ្រេញ។ ទៀតសោត រាល់ការងារ ឬចំណូលដែលយើងបានមក គឺវាមិនទៀងទាត់នោះឡើយ ដូច្នេះហើយ អួតពេកវាមិនល្អទេ ដូចពាក្យគេថា អ្នកមានពិតប្រាកដ គេមិនដែលអួតនោះឡើយ។


Career Goals

៣. គម្រោងនាពេលអនាគត

គម្រោង ឬការគិតសម្រាប់កិច្ចការផ្លាស់ប្ដូរផ្សេងៗ កុំប្រាប់អ្នកណាច្រើន ក្រៅតែពីដៃគូសហការណ៍ការងាររបស់យើង ព្រោះថា ការប្រាប់គេច្រើន នាំឱ្យគេអាចយកគំនិតរបស់យើង ទៅសម្រេចកិច្ចការមុនយើង គឺមានន័យថា គេអាចនឹងលួចគំនិតរបស់យើងក៏ថាបានដែរ។ ម្យ៉ាងវិញទៀត រាល់កិច្ចការទាំងឡាយ ទុកថាឱ្យបានជោគជ័យស្ងាត់ៗ ទើបជារឿងល្អ ឱ្យគេដឹងកុះករច្រើន នាំឱ្យបរាជ័យទៅវិញ។

៣ចំណុចខាងលើ វាក៏អាចនឹងមានហេតុផលផ្សេងៗទៀតដែរ ដែលយើងត្រុវតែរក្សា៣យ៉ាងនេះក្នុងភាពឯកជន យើងមិននិយាយ មិនមែនមានន័ថាយើងជាមនុស្សុ៎ពុតត្បុត លាក់បាំងទេ តែរឿងទាំង៣យ៉ាងនេះ អ្នកដឹងកាន់តែតិច នឹងរឹតតែល្អ៕

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ