កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នៅបុរីពិភពថ្មីចំការដូង ផ្លូវអក្សរ E ផ្ទះលេខ៤៨ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ មាននារីអ្នកលក់ឡេ និងគ្រឿងសំអាងរូបស្រស់ស្អាតម្នាក់ ស្នាក់នៅក្នុងផ្ទះតែម្នាក់ឯង ដេកមិនលក់កើតអារម្មណ៍ខ្លាចនេះខ្លាចនោះ ព្រោះតែឮសូរខ្យល់បក់ប្រាវៗ ក៏បានទូរសព្ទប្តឹងសមត្ថកិច្ចថា មានចោរចូលផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅសួរនាំទាំងយប់។
តាមនារីវ័យក្មេងជាម្ចាស់ផ្ទះសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ពេលព្រលប់នាងបានចូលសម្រាកដូចធម្មតា លុះដល់ម៉ោង២ ជិតម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២ កក្កដានេះ នាងបានឮសូរសំឡេង ដូចមានអ្នកគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិរបស់នាង ហើយពេលនោះដែរ ដោយសារតែរូបនាងជាស្ត្រី ហើយនៅតែម្ដងឯងផងនោះ ក៏មានអារម្មណ៍ថា ភ័យខ្លាច ទើបទូរសព្ទប្តឹងសមត្ថកិច្ចថា មានចោរចូលផ្ទះតែម្ដងទៅ។
បន្ទាប់ពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជា សន្តិសុខដែលយាមនៅបុរីខាងលើ បានចុះទៅដល់ផ្ទះនារីរូបស្រស់ រួចហើយក៏បានដើររកមើលជុំវិញផ្ទះ ដូចជាក្នុងផ្ទះ ប៉ុន្តែមិនឃើញមានអ្វីប្លែកនោះទេ មានតែឮសំឡេងខ្យល់បក់ប៉ះជាមួយនឹងសង្កសី នៅលើដំបូលផ្ទះតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ដែរថា មកពីនារីជាម្ចាស់ផ្ទះ គាត់នៅតែម្នាក់ឯង ហើយខ្លាច ណាមួយដេកមិនលក់ផង បូករួមទាំងមានខ្យល់បក់ប៉ះជាមួយនឹងសង្កសីលើដំបូលផ្ទះទៀត ទើបធ្វើឱ្យនាងអារម្មណ៍ភ័យខ្លាចថា មានជនសង្ស័យចូលគាស់ផ្ទះតែម្ដងទៅ៕