មនុស្ស ៤ ប្រភេទនេះ ដាច់ខាតកុំចាប់ដៃរកស៊ីជាមួយឱ្យសោះ ប្រយ័ត្នអស់បោសគូថខោ

យើងរាល់គ្នាត្រូវដឹងថា ​រាល់អាជីវកម្មទាំងអស់នៅលើលោកនេះ គ្មានផ្លូវកាត់នោះទ្បើយ។ ​រាប់ទាំងអាជីវកម្ម ទាំងធំ ទាំងតូច គឺ​ត្រូវឆ្លងកាត់គ្រាលំបាក​ក្នុងការចាប់ផ្តើមជាក់ជាពុំខាន ​​ប៉ុន្តែបើសិនយើងដើរផ្លូវកាត់ គឺខុសក្បួននៃការរកស៊ីហើយ។

គេហទំព័រ ក្នុងស្រុក ជឿជាក់ថា យើងរាល់គ្នាមុខជាធ្លាប់បានអាននូវគន្លឹះ អាជីវកម្មនានារួចមកហើយ តែថ្ងៃនេះផងដែរ ខ្ញុំសុំលើកយក៤ចំណុច មកចែកដល់គ្នាយើងទាំងអស់គ្នា មុននឹងចាប់ដៃគូចេញរកស៊ីដំបូង។ តើមនុស្សប្រភេទណាដែលមិនគួររកស៊ីជាមួយ? ខាងក្រោមនេះ គឺជាមនុស្ស៤ប្រភេទ ដែលអ្នកត្រូវចៀសឱ្យឆ្ងាយ កុំចាប់ដៃចូលហ៊ុនរកស៊ីជាមួយឱ្យសោះ ព្រោះមនុស្សទាំងនេះ ងាយនឹងធ្វើឱ្យអាជីវកម្ម ការរកស៊ីរបស់អ្នកធ្លាក់ចុះយ៉ាងខ្លាំង អាចនឹងក្ស័យធុន ឡុងចុងគ្រប់ពេល

Screen Shot 2021 08 21 At 10.32.44 AM

១. មនុស្សប្រភេទ ទី១ ៖ ជាមនុស្សបានតែនិយាយ គ្មានភាពអំណត់ មិនចេះតស៊ូ

មនុស្សប្រភេទទី១នេះ គឺជាមនុស្សបានតែសម្ដី បានតែនិយាយ តែមិនចេះធ្វើសោះ មិនចេះអត់ធ្មត់ តស៊ូ ក៏ជាប្រភេទមនុស្សដែលពូកែតែប្រ៉ូឥតសាច់ការ មនុស្សទាំងនេះនិយាយចេញមក១០ តែធ្វើបានតែមួយហ្នឹងគឺអស់ហើយ ​មនុស្សប្រភេទនេះនៅស្រុកខ្មែរ​យើងមានច្រើនខ្លាំងណាស់។​

ចូររៀនសង្កេត ប្រភេទមនុស្សដែលពូកែអួតខ្លាំង​ ច្រើនតែជាមនុស្សដែលមិនចេះតស៊ូ ត្រាំត្រែងនឹង​ការងារលំបាកទ្បើយ ​ព្រោះ​ពួកគេបានត្រឹមតែនិយាយ តែមិនធ្វើអីទេ។​ ដូចនេះមុននឹងដាក់លុយរកស៊ីអ្វីមួយត្រូវមើលផង ចៀសវាងឱ្យបានពីមនុស្សប្រភេទនេះ។

២. មនុស្សប្រភេទ ទី២ ៖ ជាមនុស្សលោភចង់មានផ្លូវកាត់

មនុស្សប្រភេទទី២នេះ ជាមនុស្សដែលគ្រោះថ្នាក់បំផុត​ ងាយចាញ់បោកគេ ហើយក៏ងាយនឹងបោកអ្នកដទៃដែរ សូម្បីតែដៃគូរកស៊ីរបស់ខ្លួនឯង។ មនុស្សទាំងនេះ ចេញរកស៊ីមិនខ្វល់ពីគុណធម៌នៃអាជីវកម្មប៉ុន្មានទេ ​សំខាន់ឱ្យតែរកលុយបានច្រើនគឺធ្វើហើយ​។​ គេថាចំណេញច្រើន​១២០% គឺគាត់នឹងដាក់លុយធ្វើ ហើយ​នេះហើយជាដើមហេតុ នៃការងាយចាញ់បោកគេ។ លើសពីនេះ មនុស្សទាំងនេះ ប្រសិនបើចាប់ដៃគូជាមួយ តែបើមានអ្នកផ្សេងណាមកពង្វក់ និងនាំគេអាចមានផ្លូវរកបានច្រើន គេក៏នឹងបោះបង់យើងចោលដោយងាយ មិនខ្វល់ពីយើងទេ ព្រោះគេគិតតែផលចំណេញខ្លួនគេតែប៉ុណ្ណោះ។

Screen Shot 2021 08 21 At 10.33.23 AM


៣. មនុស្សប្រភេទ ទី៣ ៖ គឺជាមនុស្សខ្ជះខ្ជាយ អសមត្ថភាពក្នុងការគ្រប់គ្រង

នេះគឺជាមនុស្សប្រភេទមនុស្សដែលមានចិត្តរាយមាយ មិននឹងនរ គ្មានភាពច្បាស់លាស់ មិនចេះសូម្បីតែការគ្រប់គ្រងរឿងលុយកាក់ មនុស្សប្រភេទទី៣នេះ ខ្ញុំក៏បានជួបច្រើននាក់ណាស់មកហើយ ​ហើយក៏ឃើញនឹងភ្នែកផ្ទាល់ដែរ​ថា ​ពួកគេ​កាន់កាប់អាជីវកម្មមិនបានយូរទេ។​

មនុស្សប្រភេទនេះ អាចនិយាយបានថា ជាមនុស្សដែលស្រឡាញ់លុយ តែមិនចេះទុកដាក់ រៀបចំ និងគ្រប់គ្រងលើការចាយវាយនោះទេ។ គេនឹងចាយតាមតែអារម្មណ៍ និងចំណង់របស់គេ មិនខ្វល់ថា ការចំណាយនោះចាំបាច់ ឬគ្រាន់តែជាការចង់បាន។ លើសពីនេះ មនុស្សទាំងនេះ ក៏គ្មានការកត់ត្រា ឬផែនការក្នុងការចំណាយឡើយ គឺគិតថា ចាយអស់រកទៀត ដូច្នេះ វាពិតជាគ្រោះថ្នាក់ណាស់ ប្រសិនបើចាប់ដៃរកស៊ីជាមួយ ច្បាស់ជាបាត់ដើមបាត់ចុងមិនខាន ព្រោះលុយរកបានយកទៅចាយអស់ មិនខ្វល់ថាជាប្រាក់ដើម ឬប្រាក់ចំណេញ។

Screen Shot 2021 08 21 At 10.34.06 AM

៤. មនុស្សប្រភេទ ទី៤ ៖ ជាមនុស្សអាត្មានិយម គិតតែប្រយោជន៍ខ្លួនប៉ុណ្ណោះ

មនុស្សប្រភេទ ទី៤នេះ គឺជាប្រភេទមនុស្សគិតតែខ្លួនឯង អាត្មានិយម រាល់ការនិយាយបញ្ចេញមតិ គឺសុទ្ធតែត្រូវ ហើយមតិរបស់អ្នកផ្សេងនិយាយចេញមកមិនដែលយកចិត្តទុកដាក់នោះឡើយ ព្រោះគេគិតថា សម្ដីអ្នកណា ក៏ខុសដែរ គឺមានតែខ្លួនគេទេដែលគិតត្រូវ។​ ម្យ៉ាងវិញទៀតមនុស្សបែបនេះក៏អាចជាមនុស្សឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ​ផងដែរ ព្រោះគេគិតតែពីខ្លួនគេ និងអាចនិយាយបានថា ប្រសិនបើការរកស៊ីមានបញ្ហា គេច្បាស់ជារត់យករួចខ្លួនមិនខានឡើយ៕

អត្ថបទដោយ ៖ Knongsrok