ក្តោបក្តាប់បច្ចុប្បន្នឱ្យបានល្អ ទើបមានឱកាសសម្រេចសមិទ្ធិផលនាពេលអនាគត

នៅក្នុងដំណើរជីវិតរបស់យើង គ្មាននរណាទាយដឹងមុនអំពីអនាគតរបស់ខ្លួននោះទេ អនាគតរបស់ខ្លួនអាចជោគជ័យពោរពេញដោយភាពអស្ចារ្យ ឬក៏ធម្មតា ឯកកោសោះកក្រោះនោះ សុទ្ធតែមិនអាចដឹង។

តែត្រូវដឹងថា ពេលវេលាដែលសំខាន់បំផុតរបស់មនុស្ស គឺជាពេលវេលាដែលយើងមានក្នុងខណៈពេលនេះ ហើយបើកន្លងផុតទៅនឹងក្លាយទៅជាអតីតកាល ចំពោះអនាគតវិញក៏មិនអាចក្តាប់បានដូចគ្នា ដូច្នេះមានតែក្តោបក្តាប់ពេលពេលវេលាបច្ចុប្បន្នទើបជារឿងគប្បីដែលយើងត្រូវធ្វើ។

កាលពីមុនមានស្តេចដ៏អង់អាចវ័យក្មេងម្នាក់ ទ្រង់មានទាំងអំណាច មានទាំងទ្រព្យមហាសាល តែបែរជាមានសំណួរពីយ៉ាងបានធ្វើឱ្យទ្រង់សោកសៅក្នុងព្រះហត្ថទ័យ ៖ ទ្រង់ធ្លាប់សួរខ្លួនឯងមិនឈប់ថា នៅក្នុងមួយឆាកជីវិតនេះ តើពេលវេលាសំខាន់បំផុតគឺជាពេលណា? នៅក្នុងមួយឆាកជីវិតនេះតើនរណាសំខាន់ជាងគេ?

ទ្រង់បានប្រកាសដល់អ្នកទស្សនៈវិទូទូទាំងប្រទេសថា ឱ្យតែអាចឆ្លើយសំណួរទាំងពីរដោយពេញលេញបាន ទ្រង់នឹងចែកទ្រព្យសម្បត្តិឱ្យទៅរូបគេ អ្នកទស្សនៈវិទូបានមកពីគ្រប់ទិសទី តែចម្លើយរបស់ពួកគេបែរជាមិនអាចឱ្យព្រះរាជាសព្វព្រះទ័យឡើយ។

Image_2022 01 21_162001

ពេលនោះស្រាប់តែមានគេបានទូលថ្វាយទៅព្រះអង្គថា ៖ នៅក្នុងព្រៃជ្រៅមានតាចាស់ម្នាក់ដែលមានប្រាជ្ញាឈ្លាសវៃលើសគេ ប្រហែលជាគាត់អាចជួយឆ្លើយនឹងសំណួរព្រះអង្គបាន។ ព្រះអង្គបានទៅដល់ទីស្នាក់អាស្រ័យរបស់លោកតាចំណាស់នោះ ហើយទ្រង់បានបន្លំខ្លួនជារាស្រ្តសាមញ្ញម្នាក់។

ទ្រង់បានមកដល់កូនខ្ទមដែលលោកតាស្នាក់នៅ បានឃើញលោកតាអង្គុយពែនភ្នែន កំពុងកាយដី។

ស្តេចក៏មានបន្ទូលសួរ ៖

“ ឮថាលោកតាគឺជាមនុស្សដែលមានប្រាជ្ញាលើសគេ អាចឆ្លើយបាននឹងសំណួរគ្រប់យ៉ាងទាំងអស់ ” “ លោកតាអាចប្រាប់ខ្ញុំបានទេ តើនរណាសំខាន់ជាងគេនៅក្នុងជីវិតរបស់ខ្ញុំ? តើពេលណាដែលមានសារៈសំខាន់ជាងគេ? ”

លោកតាបាននិយាយថា ៖

“ជួយខ្ញុំជីកដំឡូងបន្តិចមក ហើយយកវាទៅលាងនៅឯមាត់ស្ទឹងចុះ បន្តិចទៀតខ្ញុំដាំទឹកពុះ អ្នកអាចហូបសម្លរជាមួយខ្ញុំបាន។”


ស្តេចយល់ថាលោកតាកំពុងតែពិសោធន៍ទ្រង់ ក៏បានធ្វើតាមអ្វីដែលគាត់មានប្រសាសន៍។ ស្តេចបាននៅជាមួយលោកតាអស់ប៉ុន្មានថ្ងៃ សង្ឃឹមថាសំណួររបស់ទ្រង់អាចទទួលបានការស្រាយបំភ្លឺ តែលោកតាបែរជាមិនបានឆ្លើយតបអ្វីសោះ។

ចុងក្រោយ ស្តេចយល់ថាខ្លួនបានខ្ជះខ្ជាយពេលវេលាអស់ជាច្រើនថ្ងៃជាមួយលោកតាចំណាស់ម្នាក់នេះ ទ្រង់ ខ្ញាល់យ៉ាងខ្លាំង ទ្រង់បានទាញយកត្រាស្តេច បង្ហាញពីសាវតារបស់ទ្រង់ ប្រកាសថាលោកតាគឺជាមនុស្សបោកប្រាស់។

Image_2022 01 21_162010

លោកតានិយាយថា “ ពេលដែលយើងជួបគ្នាថ្ងៃទីមួយ ទូលបង្គំបានឆ្លើយនឹងសំណួររបស់ព្រះអង្គហើយ តែព្រះអង្គមិនបានយល់អំពីចម្លើយរបស់ទួលបង្គំ។”

“ន័យរបស់លោកតាជាអ្វីទៅ? ស្តេចមានបន្ទូល។

“ពេលដែលព្រះអង្គមកដល់ ទូលបង្គំបានបង្ហាញពីភាពស្វាគមន៍ ឱ្យព្រះអង្គស្នាក់នៅក្នុងផ្ទះទូលបង្គំ។” លោកតាបាននិយាយបន្ត “ ត្រូវដឹងថាអ្វីដែលកន្លងផុតហើយ គឺជាអតីតកាល រីឯថ្ងៃអនាគតមិនទាន់មកដល់ ហើយពេលវេលាដែលសំខាន់បំផុតនៅក្នុងឆាកជីវិតរបស់ទ្រង់គឺ “ពេលបច្ចុប្បន្ន” មនុស្សដែលសំខាន់បំផុតរបស់ទ្រង់ គឺជា “មនុស្សដែលទ្រង់បាននៅជាមួយគេ ពីព្រោះគេបានចែករំលែកបទពិសោធន៍ការរស់នៅជាមួយទ្រង់។”

មិនថាជានរណាទេ សុទ្ធតែរស់នៅក្នុងខណៈពេលនេះទាំងអស់។ លោកតាពោរពេញដោយបញ្ញាបានប្រាប់ទៅស្តេច ដូចគ្នានឹងទ្រឹស្តីមួយថា៖ មិនថានៅក្នុងជីវិតរបស់នរណាទេ ពេលវេលាដែលសំខាន់បំផុត សុទ្ធតែស្ថិតនៅក្នុងកិច្ចការដែលយើងកំពុងធ្វើ មនុស្សដែលសំខាន់បំផុត គឺជាអ្នកដែលរស់នៅជាមួយយើង ហើយនៅជាមួយយើងជារៀងរហូត កំដរយើងឆ្លងកាត់ដំណើរជីវិតមួយនេះ។

Image_2022 01 21_162018

ការក្តោបក្តាប់ពេលវេលាខណៈពេលនេះឱ្យបានល្អ ទើបអាចមានអនាគតកាន់តែប្រសើរ។ បើអ្នកកំពុងតែអានសៀវភៅល្អមួយក្បាល សូមអ្នកអានវាឱ្យចប់ដោយការយកចិត្តទុកដាក់ ហើយសរសេរនូវចំណាប់អារម្មណ៍ដែលអ្នកទទួលបានពីការអាននោះ បើខណៈពេលនេះអ្នកកំពុងតែធុញថប់ចំពោះការងាររបស់អ្នក សូមអ្នកបោះបង់គំនិតធុញថប់នោះជាបណ្តោះអាសន្នសិន ហើយយកចិត្តទុកដាក់ធ្វើកិច្ចការងារនៅខណៈពេលនោះឱ្យបានល្អ បើអ្នកនៅពេលនេះមានក្តីស្រមៃអ្វីចង់ទៅសម្រេចនោះ សូមអ្នកប្រញាប់អនុវត្តន៍ភ្លាមទៅ ហើយឆ្ពោះទៅកាន់គោលដៅនោះចុះ។

បើប្រៀបធៀបនឹង “អនាគត” វិញ “បច្ចុប្បន្នភាព” បែរជាអាចឱ្យយើងគ្រប់គ្រងបាន ក្តោបក្តាប់បាន រឿងដែលយើងកំពុងធ្វើនៅពេលបច្ចុប្បន្ន រាល់ពាក្យសម្ដីដែលនិយាយ សុទ្ធតែត្រូវយើងក្តោបក្តាប់បានទាំងអស់។ ត្រូវដឹងថា អនាគតរបស់មនុស្សគ្រប់រូប សុទ្ធតែផ្តុំឡើងមកដោយបន្តិចម្តងៗនៃខណៈពេលនេះ។ រាល់កិច្ចការដែលយើងធ្វើខណៈពេលនេះ រាល់ឥរិយាបទដែលយើងមានចំពោះជីវិតនេះសុទ្ធតែមានឥទ្ធិពលដល់អនាគតរបស់យើង។ បើអ្នកក្តោបក្តាប់បានរាល់ពេលវេលារាល់វិនាទីនៅខណៈពេលនេះ ប្រឹងប្រែងទៅរៀនសូត្រ នោះគឺអាចក្តោបក្តាប់ជីវិតរបស់ខ្លួនកាន់តែប្រសើរឡើង និងទទួលបានអនាគតរបស់ខ្លួនដ៏ភ្លឺស្វាង តែបើគ្រាន់តែគេងស្រមៃដោយមិនទៅអនុវត្តន៍វិញនោះ ចេះតែខឹងមេឃបន្ទោសដី ដូច្នេះ “អនាគត” គ្រាន់តែជាក្តីស្រមៃដ៏ស្រស់ស្អាតមួយជារៀងរហូតតែប៉ុណ្ណោះ៕

អត្ថបទ ៖ ​Mythical Bird / Knongsrok