យុទ្ធនាការ ខ្ញុំសន្សំ (iSave) រៀបចំសិក្ខាសាលាឌីជីថលដើម្បីលើកកម្ពស់ប្រសិទ្ធភាពថាមពល

ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ – យុទ្ធនាការ ខ្ញុំសន្សំ (iSave) បានសហការជាមួយ ស៊ី អ៊ិនវេសមិន (SHE Investments) ដែលជាសហគ្រាសសង្គមគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យមដែលដឹកនាំដោយស្ត្រី ក្នុងការរៀបចំសិក្ខាសាលាឌីជីថលតាមរយៈ Zoom ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងដល់ស្រ្តី និងយុវជនអំពីការប្រើប្រាស់ថាមពល។

Group Photo 3

ដោយទទួលបានជំនួយគាំទ្រពីការិយាល័យ Foreign Commonwealth and Development របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស និង​ត្រូវ​បានរៀបចំ​ដោយ​ក្រុមហ៊ុន Carbon Trust ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​កាត់បន្ថយ​កាបូន​ក្នុង​តំបន់​អាស៊ាន យុទ្ធនាការ ខ្ញុំសន្សំ (iSave) ត្រូវបានដំណើរការចាប់ពីខែឧសភា ដែលជាយុទ្ធនាការបណ្ដាញសង្គមស្ដីពីការលើកកម្ពស់ទម្លាប់ល្អក្នុងការសន្សំថាមពលនៅផ្ទះ ក៏ដូចជានៅកន្លែងធ្វើការ។

ជាផ្នែកមួយនៃយុទ្ធនាការ សិក្ខាសាលាឌីជីថលស្ដីអំពីប្រសិទ្ធភាពថាមពល ទទួលបានការអញ្ជើញចូលរួមពីសំណាក់លោក Marc Thayre អនុប្រធានបេសកកម្មនៃស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា លោកស្រី Eloise Burnett អ្នកគ្រប់គ្រងជាន់ខ្ពស់ប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុន Carbon Trust និងលោកស្រី Keisha Ghani  អ្នកគ្រប់គ្រងស្ដីទីប្រចាំតំបន់ និងជាប្រធានប្រតិបត្តិការនៃ SHE Investments។

Group Photo 1

ជាមួយគ្នានោះក៏មានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយសលោក សន វិបុល ជាអ្នកស្រាវជ្រាវ និងជាសាស្ត្រាចារ្យនៃដេប៉ាតឺម៉ង់នាយកដ្ឋានគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ផងដែរ។ សិក្ខាសាលា បានបង្ហាញពីសារៈសំខាន់នៃប្រសិទ្ធភាពថាមពល តួនាទីសំខាន់នៃការចូលរួមរបស់ស្ត្រីក្នុងការលើកកម្ពស់ឥរិយាបថសន្សំសំចៃថាមពលក្នុងសហគមន៍នៃប្រទេសកម្ពុជា ច្បាប់ ក៏ដូចជាគោលការណ៍ណែនាំស្តីពីប្រសិទ្ធភាពថាមពលសម្រាប់អាជីវកម្ម និងគន្លឹះសន្សំសំចៃថាមពលងាយៗសម្រាប់គ្រួសារ។

គូសបញ្ជាក់ថា សិក្ខាសាលាឌីជីថលមានរយៈពេលពីរម៉ោង និងមានអ្នកចូលរួមអនឡាញចំនួន 50 ហើយ ទំព័រ Facebook របស់យុទ្ធនាការនឹងធ្វើការផុសឡើងវិញអំពីវគ្គសិក្ខាសាលានៅថ្ងៃបន្ទាប់សម្រាប់អ្នកដែលមិនបានចូលរួម។

អំពី Carbon Trust

ពួកយើង គឺជាអ្នកជំនាញដែលលោកអ្នកអាចជឿទុកចិត្តបានសម្រាប់ដំណើរឆ្ពោះទៅរក Net Zero (ការសម្រេចបាននូវតុល្យភាពរវាងបរិមាណនៃការបំភាយឧស្ម័នដែលបានផលិត និងការបញ្ចេញចេញពីបរិយាកាស ដើម្បីកាត់បន្ថយការឡើងកំដៅផែនដី) ដោយធ្វើការចែករំលែកនូវបទពិសោធន៍របស់យើងអំពីការប្រែប្រួលអាកាសធាតុ។ ពួកយើងជាអ្នកត្រួសត្រាយផ្លូវក្នុងការអនុវត្តកិច្ចការនេះអស់រយៈពេលជាង ២០ឆ្នាំ មកហើយ ដោយជម្រុញឱ្យមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដនៅតាមបណ្តាអាជីវកម្មឈានមុខគេមួយចំនួន ក្នុងជួររាជរដ្ឋាភិបាល និងអង្គការនានាផងដែរ។

តាមរយៈបទពិសោធន៍របស់អ្នកជំនាញជាង ៣០០នាក់ នៅទូទាំងសកលលោក ពួកយើងកំពុងបង្កើននូវឌ្ឍនភាព និងផ្តល់ដំណោះស្រាយចំពោះវិបត្តិដែលកំពុងកើតមានឡើង។ ពួកយើងបានធ្វើការគាំទ្រដល់អង្គការប្រមាណជាង ៣,០០០ នៅទូទាំង ៥០ប្រទេស តាមរយៈក្របខណ្ឌយុទ្ធសាស្ត្រកាត់បន្ថយផលផ្ទះកញ្ចក់ ដោយបានសហការជាមួយដៃគូជាង ១៥០ ក្នុងការកំណត់គោលដៅផ្អែកលើវិទ្យាសាស្ត្រ និងកំពុងគាំទ្រដល់ទីក្រុងមួយចំនួននៅទូទាំងទ្វីបចំនួន ៥ ក្នុងដំណើរឆ្ពោះទៅកាន់ Net Zero។​​

អំពី SHE Investments

SHE បាននឹងកំពុងបង្កើតប្រព័ន្ធអេកូឡូស៊ីដែលឆ្លើយតបនឹងតម្រូវការយេនឌ័រ ដើម្បីជួយសហគ្រាសធុនតូចរបស់សហគ្រិនស្រ្តីនៅក្នុងប្រទេសកម្ពុជា ក្នុងការពង្រីកទំហំនៃផលជះទៅលើសេដ្ឋកិច្ច សង្គម និងបរិស្ថានរបស់សហគមន៍។ សកម្មភាពសំខាន់ៗរបស់ SHE រួមមាន វគ្គអភិវឌ្ឍន៍អាជីវកម្មថ្នាក់មូលដ្ឋាន ថ្នាក់មធ្យម ប្រព័ន្ធឌីជីថលថ្នាក់មូលដ្ឋាន ចំណេះដឹងហិរញ្ញវត្ថុ និងកម្មវិធីត្រៀមខ្លួនសម្រាប់ការវិនិយោគ ដែលកម្មវិធីទាំងនេះត្រូវបានរៀបចំឡើងសម្រាប់ស្ត្រី ក៏ដូចជាការណែនាំអំពីឧបករណ៍ឌីជីថល និងធនធានថ្មីៗ ពន្លឿនសន្ទុះនៃការងើបឡើងវិញពីវិបត្តិកូវីដ និងឱកាសបង្កើតបណ្តាញផ្សេងៗសម្រាប់ស្ត្រី។ ទីស្នាក់ការកណ្តាលរបស់ SHE មាននៅក្នុងទីក្រុងភ្នំពេញ និងការិយាល័យផ្សេងទៀត ដែលកំពុងប្រតិបត្តិការនៅខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងកំពតផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

Two Way Public Relations

បន្ទប់ FO-១៧១១ (ជាន់ទី១៧) អាគារ Flatiron by Meridian ផ្លូវ ១០២ ភ្នំពេញ ស៊ីធី សេនធ័រ

ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

[email protected]

www.twowaypr.com