ក្រុមហ៊ុន HTTPOOL ដែលជាដៃគូ​​ប្រចាំ​កម្ពុជារបស់​ក្រុមហ៊ុន Facebook មើលឃើញកំណើន​ការលក់​តាមអនឡាញ​​​

ការ​លក់តាមអនឡាញ​និង​ពាណិជ្ជកម្មអេឡិច​ត្រូនិច​ក្នុង​ប្រទេសកម្ពុជា​ទំនងជា​ខ្លាំង​ថា​នឹង​​កើន​ឡើង​ដោយ​សារ​ការ​​រាត​ត្បាត​ជំងឺ​កូវីដ-១៩ និង​កំណើន​ជា​លំដាប់​នៃ​បណ្តាញទំនាក់ទំនង​សង្គម។

យោងតាមក្រុមហ៊ុន Httpool ដែល​ជា​អ្នក​តំណាង​​លក់​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់ Facebook ក្នុង​ប្រទេស​កម្ពុជា បាន​ឱ្យដឹង​ថា ការ​រាតត្បាត​ជំងឺ​កូវីដ​-១៩ បានជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​ច្រើន​ឡើង​​ងាក​មករក​វិស័យអនឡាញ និង​បណ្តាញ​ទំនាក់ទំនងសង្គម ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត។ ហើយ​បើយោងតាម​លោក ហែម សុបញ្ញា ដែលជាប្រធាន​គ្រប់​គ្រងដៃគូអតិថិជន​​មក​ពីក្រុមហ៊ុន Httpool ​ការ​កើនឡើង​នេះគឺជា​និន្នាការ​មួយ​ដែល​​​​នៅតែ​​បន្តកើត​មាន។

ដោយបច្ចុប្បន្ន​​មនុស្ស​កាន់តែ​ច្រើនប្រើប្រាស់​សេវា​ឌីជីថល​​ ដូចជា​ការទិញទំនិញតាមអនឡាញ ការ​ទូទាត់​ឌីជីថល និង​ការ​ដឹកជញ្ជូនទំនិញ​ដល់គេហដ្ឋាន អាជីវកម្មអនឡាញ​កាន់តែ​បង្ក​ឱ្យមានភាព​ងាយស្រួល​ថែមទៀត​សម្រាប់អតិថិជន។

​របាយការណ៍ Datareportal បាន​បង្ហាញ​ថា មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ចំនួន ៨,៨៦​​លាននាក់​នៅ​កម្ពុជា និង​មាន​គណនី​បណ្តាញទំនាក់ទំនង​សង្គម​ចំនួន ១២លានគណនី (អ្នក​ប្រើប្រាស់​មួយចំនួន​មាន​គណនី​លើស​ពី​មួយ)​។ យោង​តាម​​របាយការណ៍នេះ ក្រុមហ៊ុន Httpool បាន​ឱ្យដឹង​ថា អ្នកប្រើប្រាស់​ជា​ច្រើន​គឺជា​អតិថិជន​ដ៏​មាន​សក្ដានុពល​សម្រាប់អាជីវកម្មអាឡិច​ត្រូនិច។ លើស​ពីនេះ​ទៀត អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ក៏អាច​ក្លាយជាអតិថិជន​ដ៏​មាន​សក្ដានុពល​ផង​ដែរ​​សម្រាប់​ឧបករណ៍​ប្រកបដោយ​ភាព​ច្នៃ​ប្រឌិត និង​ប្រសិទ្ធភាពរបស់​ក្រុមហ៊ុន Facebook ដែលអាច​ឱ្យក្រុមហ៊ុន​អាជីវកម្ម​កម្ពុជា​ធ្វើអាជីវកម្ម និង​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​អ្នក​ប្រើប្រាស់​​ប្រកប​ដោយ​ប្រសិទ្ធភាព។

ទោះជាយ៉ាងណា នៅពេលប្រើប្រាស់​ Facebook ដើម្បី​ពង្រីកអាជីវកម្មរបស់អ្នក ក្រុមហ៊ុន Httpool ផ្តល់ដំបូន្មានថា មាន​កត្តា​គន្លឹះ​មួយចំនួន​ដែល​គួរពិចារណា ​​​មុនពេល​ចូល​រួម​ក្នុង​យុទ្ធនាការ​ផ្សាយ​ពាណិជ្ជ​​កម្ម​ឌីជីថល។​ ខាងក្រោម​នេះ​គឺជា​ចំណុច​គន្លឹះមួយចំនួនដែល​ក្រុមហ៊ុន Httpool ផ្តល់ដំបូន្មាន​ឱ្យ​អ្នក​ប្រើប្រាស់​ Facebook ពិចារណា​មុនពេល​ចាប់​ផ្តើម​លក់​ទំនិញ​តាមអនឡាញ ឬ​យុទ្ធនាការ​ឌីជីថល។

ចាប់ផ្តើមជាមួយ​នឹង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ឌីជីថល៖ ក្រុមហ៊ុន Facebook ផ្តល់​ឧបករណ៍​ផ្សាយ​ពាណិជ្ជកម្មដ៏​សម្បូរ​បែប​ ដើម្បី​បំពេញ​តាម​តម្រូវ​ការ​របស់អ្នក​ផ្សាយ​ពាណិជ្ជកម្មទាំងអស់។ សម្រាប់​ម៉ាក​យីហោ​​​ថ្មី​ចំពោះ​ការ​ផ្សាយ​ពាណិជ្ជកម្មឌីជីថល ក្រុមហ៊ុន Facebook ផ្តល់​ឧបករណ៍​តូចៗ​ដែល​អាច​ឱ្យ​ពួកគេ​បង្កើត គ្រប់គ្រង និង​តាមដាន​ភាព​ជោគ​ជ័យ​នៃការ​ផ្សាយ​ពាណិជ្ជកម្ម​របស់ពួកគេ​ដោយ​ផ្ទាល់​ពី​ទំព័រ​ហ្វេសប៊ុក​ (Facebook Page)។ កម្មវិធី Ads Manager នឹង​អាច​ឱ្យ​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​បង្កើត គ្រប់​គ្រង និង​ចូល​ទៅកាន់​កម្មវិធីផ្សាយ​ពាណិជ្ជកម្មស៊ីជម្រៅ​​​បាន​សម្រាប់​ម៉ាក​យីហោ​​ណា​ដែល​ស្វែង​រក​ជម្រើស​ផ្សាយ​ពាណិជ្ជកម្ម​ថែមទៀត។

បង្កើន​វត្តមាន​អាជីវកម្ម​អនឡាញ និង​ពង្រីក​វិសាលភាព៖ យោងតាម Datareportal ចំនួន​​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ក្នុង​ប្រទេសកម្ពុជា​កំពុង​កើនឡើង ដោយ​តួលេខ​ចុងក្រោយ​បំផុត​បង្ហាញថា ៧៣% នៃ​ប្រជាជន​សរុប​ប្រើ​ប្រាស់​បណ្តាញទំនាក់ទំនងសង្គម។ យោងតាម​ក្រុមហ៊ុន Httpool នេះគឺជា​កត្តា​គន្លឹះ​មួយ​នៅក្នុង​ការ​ទទួលយកពាណិជ្ជកម្មឌីជីថល​ដ៏​ទូលំទូលាយ។ ដូច្នេះ ​វត្តមាន​អនឡាញ​​ដែល​កំពុងកើនឡើង​មានសារៈសំខាន់​ដើម្បីធានា​បាន​នូវ​និរន្តរភាព​អាជីវកម្ម។ ការ​ផ្សាយ​ពាណិជ្ជកម្មតាម​ Facebook អាច​ជា​ជំហាន​​បន្ទាប់​​មួយ ដើម្បី​ផ្សព្វផ្សាយទៅ​ដល់​ក្រុម​អាជីវកម្ម​គោល​ដៅ​កាន់​តែ​ច្រើន​ឡើង។ ហើយដើម្បីធ្វើដូច្នេះបាន ក្រុមហ៊ុន​អាជីវកម្ម​​ចាំបាច់​ត្រូវ​បង្កើត​ Facebook Page មួយ​សម្រាប់​អាជីវកម្ម​របស់​ពួកគេ។  Facebook Page អាច​បន្ថែម​ភាព​ទុក​ចិត្ត​បាន​ទៅ​ដល់​ការ​ផ្សាយ​ពាណិជ្ជកម្ម និង​ផ្តល់​ជាទីតាំង​មួយ​សម្រាប់​មនុស្ស​ស្វែង​យល់​បន្ថែមទៀត​អំពី​អាជីវកម្ម​។

បន្ស៊ី​ការ​ផ្សាយ​ពាណិជ្ជកម្មជាមួយ​គោលដៅ​អាជីវកម្ម៖ មុនពេល​អនុវត្ត​យុទ្ធនាការ​ផ្សាយ​ពាណិជ្ជកម្ម​ដំបូងឡើយ​ ក្រុមហ៊ុន​អាជីវកម្ម​​​គួរ​បន្ស៊ី​គោល​បំណង​នៃការ​ផ្សាយ​ពាណិជ្ជកម្ម​ជាមួយ​នឹងគោលដៅ​អាជីវកម្ម​ដែល​ពួកគេ​ចង់​សម្រេច​បាន។ ដូច្នេះ ប្រសិន​បើ​អ្នកជំនួញ​​​​ចង់​ជំរុញ​ឱ្យមានអ្នកចូល​មើល​ការ​បង្ហោះ​នៅលើបណ្តាញទំនាក់ទំនង​សង្គម​របស់ខ្លួន ពួកគេ​គួរ​ពិចារណា​លើការ​ជំរុញ (Boosting) ​ការ​បង្ហោះ​របស់ពួកគេ ឬ​ប្រសិនបើ​ពួកគេ​ចង់​ឱ្យអតិថិជន​កាន់តែច្រើនចូល​មើលគេហទំព័រ​របស់​ខ្លួន ពួកគេ​អាច​សាក​ល្បង​ការ​ផ្សាយពាណិជ្ជកម្មគេហទំព័រ​តាមរយៈ​បណ្តាញទំនាក់ទំនង​សង្គម។ ការ​បន្ស៊ី​ការ​ផ្សាយ​​ពាណិជ្ជកម្ម​របស់ពួកគេ​បានត្រឹមត្រូវ​ជាមួ​យ​នឹង​គោលដៅ​អាជីវកម្ម​ អាច​ជួយ​ឱ្យពួកគេ​បាន​នៅ​ក្នុង​​ការ​​សម្រេច​បាន​ផល​ចំណេញ​ពីការ​វិនិយោគ​កាន់តែច្រើន។

ស្វែង​រក​អតិថិជនថ្មី៖ ដោយ​សារ​ការ​រាតត្បាត​ជំងឺ​កូវីដ​-១៩ វិស័យ​ពាណិជ្ជកម្មអេឡិច​ត្រូនិច​កម្ពុជា​បាន​មើល​ឃើញ​កំណើន​យ៉ាង​ខ្លាំង។ ដោយ​ពិចារណា​ទៅលើ​ការ​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនងសង្គម​ក្នុង​ប្រទេស មាន​អតិថិជន​ថ្មី​ដ៏មានសក្ដានុពល​យ៉ាងច្រើន​សម្រាប់រាល់​អាជីវកម្ម​ទាំងអស់។ ដើម្បី​ចាប់​យក​អតិថិជន​ថ្មី ក្រុមហ៊ុន​អាជីវកម្មអាច​ប្រើប្រាស់​ឧបករណ៍​នានា​ដូចជា Lookalike Audiences ជាដើម។ Lookalike Audiences អាច​ត្រូវបាន​បង្កើត​ឡើង​ដោយផ្អែកលើ​អ្នកគាំទ្រ ឬ​ Facebook Page ឬ​ពី Custom Audience ដែល​ត្រូវ​បានបង្កើត​ឡើង​តាម​រយៈ​​ការ​ទាញ​ចូល​ (Upload) បញ្ជី​អតិថិជន​។ Lookalike Audience ដំណើរ​ការ​តាមរយៈការកំណត់​គុណភាព​មនុស្សប្រហាក់ប្រហែលគ្នា​​​ក្នុង​អតិថិជន​គោលដៅ (ឧ. អ្នកដែល​ចុច​ចូលចិត្ត (Like) Facebook Page) ហើយក្រោយ​មក​ស្វែង​រក​អ្នក​ដែល​ប្រហាក់ប្រហែល​នឹង (ឬ “ដូច”) ពួកគេ។ អ្នក​ជំនួញ​​​ម្នាក់អាច​កំណត់ទិសដៅ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ឆ្ពោះ​​ទៅ Lookalike Audiences ទាំង​នេះ​បាន ដើម្បី​ពង្រីក​​វិសាលភាព​អាជីវកម្ម​របស់​ពួកគេ ស្វែង​រក​អតិថិជន​ថ្មី និង​ធ្វើ​ឱ្យអាជីវកម្ម​រីក​លូតលាស់។

ស្វែង​យល់បន្ថែមទៀត​ពីអតិថិជន៖ ការ​ស្វែង​យល់​ពីអតិថិជន និង​តម្រូវការ​របស់​ពួកគេ​ជានិច្ចកាល​អាច​ជួយ​ដល់អាជីវកម្ម​ឱ្យ​រីកលូត​លាស់បន្ថែមទៀត​បាន។ នៅពេលក្រុមហ៊ុន​​​អាជីវកម្ម​ផ្សាយ​ពាណិជ្ជកម្ម​​នៅលើ​​ Facebook ក្រុមហ៊ុន​​អាជីវកម្មនោះ​​​អាច​ចូល​ទៅមើលការ​ផ្សាយ​ពាណិជ្ជកម្មរបស់ពួកគេ​​​​បាន​តាម​រយៈ​ ad centre tab ឬ Ads manager របស់​ទំព័រហ្វេសប៊ុក​របស់​ពួកគេ។ ម្ចាស់​អាជីវកម្ម​នឹង​អាច​មើលឃើញ​ការ​ធ្វើ​បច្ចុប្បន្ន​​ថា​ តើ​ការផ្សាយ​ពាណិជ្ជកម្មនោះ​ដំណើរការ​យ៉ាង​ដូម្តេច។ ឧទាហរណ៍ ម្ចាស់​អាជីវកម្ម អាច​មើលឃើញ​​ថា តើ​អ្នកមើល​ឆ្លើយ​តបយ៉ាង​ដូចម្តេច​ទៅកាន់​ការផ្សាយពាណិជ្ជកម្ម​នោះ ទីកន្លែង​របស់​អ្នកមើល ប្រជាសាស្រ្ត​អាយុ​របស់ពួកគេ និងផ្សេងៗ​ទៀត។ ម្ចាស់អាជីវកម្ម​ក៏នឹង​​​មើល​ឃើញ​ទិន្នន័យ​ពាក់​ព័ន្ធ​នឹង​គោលដៅ​នៃកាផ្យា​យ​ពាណិជ្ជកម្ម​របស់​ពួកគេ​ផងដែរ។ ឧទាហរណ៍ ប្រសិន​បើ​ពួកគេ​ជំរុញ (Boost) ការ​បង្ហោះ​របស់ពួកគេ ពួក​គេ​អាចតាម​ដាន​ចំនួន​អ្នក​ចូល​មើល​​​ការ​បង្ហោះ​របស់ពួកគេ​ ដែលអ្នក​ទាំង​នោះ​បាន​​​​មើល​ការ​ផ្សាយ​ពាណិជ្ជកម្មរបស់ពួកគេ។ នៅពេលដែល​ពួក​គេ​​ចាប់ផ្តើមតាមដានការ​ផ្សាយ​ពាណិជ្ជកម្ម​របស់ខ្លួន ពួកគេ​អាច​ទាញ​យក​អត្ថប្រយោជន៍​ពីទិន្នន័យ​ទាំ​ងនោះដើម្បី​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​អាជីវកម្មប្រកប​ដោយការ​យល់ដឹង​ច្បាស់លាស់ ដូចជា​ប្រភេទ​មនុស្ស​​​ដែល​​ពួកគេ​ចង់​ផ្តោតទិសដៅ​លើ និង​របៀប​ផ្តោត​ទិសដៅជាដើម។

យោងតាម​ក្រុមហ៊ុន Httpool បច្ចេកវិទ្យា​ថ្មីៗ ឥរិយាបថថ្មីៗក្នុងការ​​ទិញទំនិញ និងអតិថិជនថ្មី​កំពុង​ចូល​ក្នុង​ទីផ្សារ​រៀង​រាល់ថ្ងៃ។ ការផ្លាស់ប្តូរ​នេះ​កំពុង​បើក​ចំហរឱ្យ​មាន​ឱកាស​ធំៗ​សម្រាប់​អាជីវកម្ម​ទំនិញ​ប្រើ​ប្រាស់​​ដែល​អាចផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​ទៅកាន់​វិធី​ធ្វើទីផ្សារ​ថ្មីៗ៕