លុយមិនសំខាន់ទេ តែត្រូវដឹងថា​ នៅពេលដែលអ្នកមានលុយ អ្នកនឹងអាចធ្វើអ្វី ទិញអ្វីៗបានច្រើន ដោយមិនបាច់ខ្វល់ចិត្ត គិតច្រើនឡើយ

កាលមុន ពួកម៉ាកធ្លាប់ពឹងឱ្យខ្ញុំទៅផ្សារទំនើបទិញស្បែកជើងឱ្យគេ​ គេទិញសុទ្ធតែប្រេន កាលនោះចេះតែនឹកក្នុងចិត្តថា "គិតទៅគេទិញស្បែកជើងម្ដងពីរបីគូ មួយគូៗតម្លៃសុទ្ធតែ ៣០-៤០ដុល្លារ តែខ្លួនឯងវិញ ស្លៀកតែខោអាវជជុះអូរឫស្សី ហេតុអីក៏គ្នាបែបហ្នឹង"?

ត្រឹមតែមួយខែសោះ គេចំណាយ ៥០០-៦០០ ដុល្លារ ទិញរបស់របរប្រើប្រាស់ផ្សេងៗ គិតទៅគេមានលុយ គេចាយធូរណាស់ ចាយឡើងស្រួល លុយដូចក្រដាសអ៊ីចឹងសម្រាប់គេ ចំណែកឯងវិញ ប្រាក់ខែត្រឹមតែ១៥០ដុល្លារ ២០០ដុល្លារ ញុំាបាយពីផ្ទះ ទៅធ្វើការមិនហ៊ានញុំាអីផ្សេងក្រៅតែពីទឹកសោះ។

តែមកដល់ថ្ងៃនេះ ទើបខ្ញុំដឹងថា ការពិតទៅ មកពីគេរកលុយបានស្រួល គេចាយក៏ស្រួលដែរ ហើយទីបំផុត ខ្ញុំក៏បានភ្លក្សរសជាតិបែបហ្នឹងដែរ។ មានពេលមួយ ខ្ញុំចូលហាងប្រេន ទិញកាបូបលុយ និងខ្សែក្រវាត់ ពីរមុខនេះ អស់ជាង១០០ដុល្លារ ការពិតទៅ ខ្ញុំក៏មានលទ្ធភាពទិញដូចគេដែរតើ។

5c61a3af50cb1fcfe1d2ae4164f20049  Retro Vector Banknote

ខ្ញុំធ្លាប់និយាយថា មិត្តភក្តិរបស់ខ្ញុំ មួយខែគេចំណាយអស់​ ៥០០-៦០០ ដុល្លា គ្រាន់តែទិញរបស់ប្រើប្រាស់ តែការពិតទៅ មួយរយៈមុននេះ ចំពោះខ្ញុំផ្ទាល់ រយៈពេលត្រឹមតែ៣ថ្ងៃ ខ្ញុំចាយអស់ ៧០០ដុល្លារ ខ្ញុំមានអារម្មណ៍ថា ការពិត ខ្ញុំនេះខ្ជះខ្ជាយជាងគេទៅទៀត ហើយខ្ញុំក៏មានលទ្ធភាព មានឱកាសបានចាយលុយបែបនេះដូចគេដែរ។

ខ្ញុំធ្លាប់គិតថា លុយមិនសំខាន់ទេ លុយក៏មិនអាចទិញក្ដីសុខបានដែរ ប៉ុន្តែជាក់ស្ដែងណាស់ លុយមិនសំខាន់ តែវាចាំបាច់ ដែលយើងត្រូវប្រើប្រាស់ជាប្រចាំថ្ងៃ ព្រោះទិញអ្វី ធ្វើអ្វីក៏ត្រូវការលុយដែរ ដូច្នេះហើយ មានលុយជាប់នឹងខ្លួន មានលុយក្នុងកុង គឺល្អបំផុត។

មែនហើយ លុយមិនអាចទិញក្ដីសុខបានក៏ពិតមែន តែវាអាចឱ្យយើងមានក្ដីសុខ សុភមង្គលត្រឹមតែមួយប៉ប្រិចភ្នែក នៅពេលដែលយើងមានលុយខ្លួនឯង អាចទិញរបស់ដែលខ្លួនឯងស្រឡាញ់ ចង់បានត្រឹមតែមួយប៉ប្រិចភ្នែក ថាទៅមើល វាគួរឱ្យសប្បាយចិត្តប៉ុនណា?


Depositphotos_88274076 Stock Illustration Rich With Wads Of Dollars

ខ្ញុំយល់ ថាលុយមិនអាចទិញមិត្តភាព ការរាប់អានពិតប្រាកដបានឡើយ ប៉ុន្តែអ្នកត្រូវដឹងថា ក្នុងការជួបជុំ ទំនាក់ទំនងមិត្តល្អយ៉ាងណាក៏ដោយ ក៏យើងត្រូវតែមានលុយជាប់នឹងខ្លួន គ្រាន់ពេលជួបជុំគ្នាម្ដងៗ យើងក៏មានលុយទិញអីញុំាឆ្ងាញ់ៗញុំាជុំគ្នា​ ពេលដែលយើងមានលុយ យើងក៏អាចចូលចុះក្នុងចំណោមមនុស្សដទៃ យ៉ាងហោចណាស់ មិនបាច់ឱ្យអ្នកណា មកថាយើងនេះ តាមស៊ីពែគេ ឱ្យគេចេញលុយឱ្យយើង សម្បត្តិត្រឹមរបស់ស៊ីចុកនោះឡើយ។

អ្នកមានលុយ មានទ្រព្យស្ដុកស្ដម្ភ មិនប្រាកដថា ជីវិតគេមានក្ដីសុខសុភមង្គលក៏ពិតមែន ប៉ុន្តែភាពជាក់ស្ដែងដែលអ្នកមិនគួរមើលរំលង គឺមនុស្សមួយចំនួនធំ កំពូងតែដេកកើតទុក្ខទាំងយប់ទាំងថ្ងៃព្រោះតែគ្មានលុយ គ្មានទ្រព្យ ហើយថែមទាំងជាប់បំណុល ដែលត្រូវធ្វើការត្រុកៗ ដើម្បីរកសងគេដែរ។

Vector Pop Art Illustration Enthusiastic Girl With Cash Blonde Young Woman Holds Money Bills Hands Advertising Poster Announcement Discounts Sales Style Popart_88138 562

លុយមិនមែនជាក្ដីសុខរបស់អ្នកមាន តែវាមានសារៈសំខាន់សម្រាប់អ្នកក្រ ខ្វះខាត។ មានលុយមិនប្រាកដថា មានអ្វីៗគ្រប់យ៉ាង តែគ្រប់យ៉ាងដែលយើងចង់បាន គឺសុទ្ធតែត្រូវការលុយទៅទិញ មិនថារបស់ប្រើប្រាស់ សកម្មភាពជួបជុំគ្នា ការដើរលេង ជី​វិតប្រចាំថ្ងៃ ឬសូម្បីតែការរកស៊ី ការធ្វើអាជីវកម្ម ក៏ត្រូវការលុយទៅធ្វើជាដើមទុនដែរ ដូច្នេះហើយត្រូវចាំថា "មានលុយ វាប្រសើរជា គ្មានលុយ" ឈប់ជឿពាក្យគេថាលុយមិនសំខាន់ វាមិនសំខាន់សម្រាប់គេ តែវាចាំបាច់សម្រាប់យើង។

តែទោះជាយ៉ាងណាក៏ដោយ កុំបណ្ដោយឱ្យខ្លួនឯងក្លាយជាកញ្ជះរបស់លុយ ហើយក៏មិនត្រុវដោយសារតែលុយ ប្រែខ្លួនជាមនុស្សអាក្រក់ អាត្មានិយម លែងដឹងខុសត្រូវ ក្លាយជាមនុស្សគ្មានសច្ចៈ គ្មានគុណធម៌ឱ្យសោះ៕

អត្ថបទ ៖​ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ knongsrok

សួស្ដី! ខ្ញុំគឺ បញ្ញា ជាអ្នកសរសេរអត្ថបទនៅក្នុងគេហទំព័រ ក្នុងស្រុក Knongsrok ជំនាញរបស់ខ្ញុំគឺ សរសេរអត្ថបទដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃដែលយើងបានឃើញ មិនថាជីវិតគ្រួសារ ស្នេហា ការងារ រួមជាមួយនឹងការអប់រំចិត្ត មេរៀន បទពិសោធន៍ជីវិតពិតៗផងដែរ។ អត្ថបទខ្លះ គឺទាមទារឱ្យគ្រប់គ្នាអានដោយការយកចិត្តទុកដាក់ និងត្រិះរិះពិចារណាបើខុសទាស់យ៉ាងណា សូមមេត្តា អធ្យាស្រ័យ និងជួយរិះគន់បែបស្ថាបណា! កុំភ្លេចណា ជួយគាំទ្រស្នាដៃរបស់ខ្ញុំ ក៏ដូចជា អត្ថបទល្អៗដែលមាននៅក្នុងគេហទំព័រក្នុងស្រុក!

Tel: 095 92 5550