ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជាម្ចាស់​ផ្ទះការ​ប្រកួតពាន​រង្វាន់ AFF U-23 Championship នៅ​ឆ្នាំ២០២២ខាងមុខ

សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) នៅថ្ងៃនេះបានប្រកាសថាបន្តភាពជាដៃគូរយៈពេលវែងជាមួយក្រុមហ៊ុន SPORTFIVE ជាអ្នកតំណាងពាណិជ្ជកម្មផ្តាច់មុខរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍ AFF U23 Championship 2022 ដែលកម្ពុជានឹង​ធ្វើ​ជាម្ចាស់ផ្ទះនៅក្នុងខែកុម្ភៈ ឆ្នាំ 2022 នៅកម្ពុជា។

AFF X SPORTFIVE

AFF U23 Championship គឺជាការប្រកួតបាល់ទាត់អន្តរជាតិដែលរៀបចំដោយ AFF សម្រាប់ក្រុមជម្រើសជាតិអាយុក្រោម 23 ឆ្នាំនៃប្រទេសជាសមាជិកអាស៊ាន។

លោកឧត្តមសេនីយ៍ទោ ខៀវ សាម៉េត ប្រធាន AFF បានមានប្រសាសន៍ថា៖ “SPORTIVE គឺជាដៃគូដ៏ល្អរបស់យើងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ហើយបានបង្ហាញពីជំនាញ និងសមត្ថភាពរបស់ពួកគេក្នុងការអភិវឌ្ឍន៍ភាពជាដៃគូដែលនាំមកនូវតម្លៃយូរអង្វែងសម្រាប់ AFF និងជាពិសេសពានរង្វាន់ AFF Suzuki Cup "។

2022 AFF U23 Championship

"ជាមួយនឹងជំហររបស់ពួកគេនៅក្នុងឧស្សាហកម្ម និងបណ្តាញសកលរបស់ពួកគេ ក្រុមការងារបានដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជោគជ័យនៃការប្រកួតកម្រិតកំពូលរបស់យើង ហើយខ្ញុំរីករាយដែលការសហការរបស់យើងនឹងពង្រីកទៅក្នុងការប្រកួត U23 ដ៏គួរឱ្យរំភើប។ ខ្ញុំមានទំនុកចិត្តថា រួមគ្នាជាមួយ SPORTFIVE យើងអាចបង្កើត AFF U23 Championship ជាវេទិកាដ៏ល្អឥតខ្ចោះ ដើម្បីបង្ហាញតារាបាល់ទាត់ជំនាន់ក្រោយនៅក្នុងតំបន់ និងអាចឱ្យទេពកោសល្យទាំងនេះរីកចម្រើន និងរីកដុះដាលបន្ថែមទៀត"។

“តាងនាម AFF និងសមាគមសមាជិកទាំងអស់របស់ខ្ញុំ ខ្ញុំសូមអរគុណដល់រដ្ឋាភិបាលកម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏រំភើបនេះ”។

611b82847b076_1629192780_small

នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានមានប្រសាសន៍ថា៖“យើងពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ AFF U23 Championship នៅកម្ពុជាក្នុងឆ្នាំ 2022 នាពេលខាងមុខ ហើយសូមអរគុណដល់ AFF សម្រាប់ការជឿទុកចិត្តមកលើពួកយើង ដើម្បីរៀបចំព្រឹត្តិការណ៍នេះដោយជោគជ័យ។ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធានាថាការប្រកួតជើងឯកប្រព្រឹត្តទៅដោយសុវត្ថិភាពសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ហើយទន្ទឹងរង់ចាំធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់យុវជនល្អបំផុតនៅអាស៊ាននៅឆ្នាំក្រោយ!”។

កីឡដ្ឋានព្រីនស៍ 02

ព្រឹត្តិការណ៍ AFF U23 Championship 2022 គ្រោងនឹងប្រព្រឹត្តិទៅនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយការប្រកួតនឹងធ្វើឡើងនៅពហុកីឡដ្ឋានមរតកតេជោ និងកីឡដ្ឋាន Prince Stadium។ ព័ត៌មានលម្អិតក្រុមដែលចូលរួម និងកាលវិភាគប្រកួតនឹងត្រូវបានបញ្ជាក់នៅ​ពេល​ក្រោយ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN