ក្រុមហ៊ុនក្រេឌីតប្យូរ៉ូ (ខេមបូឌា) ខូអិលធីឌី ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជា “ក្រុមហ៊ុនល្អបំផុតសម្រាប់បុគ្គលិកនៅអាស៊ី” ដោយ HR Asia

ភ្នំពេញ, ខែធ្នូ ឆ្នាំ២០២១—ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (ហៅកាត់ថា ស៊ីប៊ីស៊ី) ទទួលបានពានរង្វាន់ "ក្រុមហ៊ុនល្អបំផុតសម្រាប់បុគ្គលិកនៅអាស៊ី ប្រចាំឆ្នាំ២០២១" នៅកម្ពុជា ផ្តល់ដោយ HR Asia ដែលជាទស្សនាវដ្តីធនធានមនុស្ស បោះផ្សាយរៀងរាល់ពីរខែម្តង ជាមួយនឹងការផ្សព្វផ្សាយទូទាំង ១២ ប្រទេសនៅតំបន់អាស៊ី។ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនចំនួន ១៧៥ បានដាក់ពាក្យស្នើ សុំ ដោយក្នុងនោះមានតែ ៩% ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ ក្រុមហ៊ុនល្អបំផុតសម្រាប់បុគ្គលិកនៅក្នុងតំបន់អាស៊ី រួមទាំងស៊ីប៊ីស៊ី ផងដែរ។

ពានរង្វាន់ដ៏មានតម្លៃមួយនេះ ត្រូវបានផ្តល់ទៅស៊ីប៊ីស៊ី ដើម្បីជាការទទួលស្គាល់ពីសមត្ថភាពដ៏អស្ចារ្យរបស់ក្រុមហ៊ុនក្នុងការអនុវត្តផ្សេងៗផ្នែកធនធានមនុស្ស ដែលរួមមានការចូលរួមដ៏សកម្មពីបុគ្គលិក និងវប្បធម៌កន្លែងការងារដ៏ល្អ។ ពានរង្វាន់ HR Awards នេះ គឺសម្រាប់ក្រុមហ៊ុននៅទូទាំងតំបន់អាស៊ី ដោយផ្តោតទៅលើការអនុវត្តផ្សេងៗទាក់ទងនឹងផ្នែកធនធានមនុស្ស។ ដោយសារតែមានប្រជាប្រិយភាព មានក្រុមហ៊ុនជាច្រើនចូលរួម រួមទាំងសាជីវកម្មចម្រុះជាតិសាសន៍ (MNC) ផងដែរ។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិរបស់ស៊ីប៊ីស៊ី បានមានប្រសាសន៍ថា ស៊ីប៊ីស៊ី ជឿជាក់យ៉ាងខ្លាំងទៅលើសារៈសំខាន់នៃការ កសាងបរិយាកាសការងារល្អ សម្រាប់បុគ្គលិកទាំងអស់។ លោកបន្តថា ៖«យើងនឹងមិនអាចទទួលបានពានរង្វាន់នេះទេ បើសិនជាគ្មាន ការលះបង់របស់បុគ្គលិកយើងទាំងអស់ ដែលជឿលើការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើការកសាងសមិទ្ធផលសម្រាប់វិស័យហិរញ្ញវត្ថុ នៅកម្ពុជា»។ ​

នៅដើមឆ្នាំនេះ ស៊ីប៊ីស៊ីក៏បានរៀបចំកម្មវិធីច្នៃប្រឌិតសម្រាប់បុគ្គលិក​ (Employee Innovation Programme) ដែលផ្តល់ជា វេទិកាបើកចំហមួយសំរាប់បុគ្គលិកទាំងអស់ ដើម្បីអាចឲ្យពួកគាត់បង្ហាញពីគំនិតច្នៃប្រឌិតក្នុងការគាំទ្រដល់ការរីកចម្រើនរបស់ក្រុមហ៊ុន។ បន្ទាប់មក ក្រុមហ៊ុននឹងជ្រោមជ្រែងតាមរយៈការវិនិយោគលើការអនុវត្តជាក់ស្តែង។

បង្កើតឡើងក្នុងឆ្នាំ២០២០ បច្ចុប្បន្ននេះស៊ីប៊ីស៊ីផ្តល់ដំណោះស្រាយអំពីរបាយការណ៍ឥណទានដែលគ្របដណ្តប់លើអតិថិជនជាង ៧ លាននាក់ ផ្គត់ផ្គង់ការវាយតម្លៃហានិភ័យឥណទាន និងតម្រូវការការវិភាគទិន្នន័យសម្រាប់ស្ថាប័នហិរញ្ញវត្ថុចំនួន១៧០។ ស៊ីប៊ីស៊ី បានរួមចំណែកដោយផ្ទាល់ក្នុងបរិយាបន្នហិរញ្ញវត្ថុ និងធ្វើឲ្យបរិយាកាសអំណោយផលដល់អាជីវកម្មនៅកម្ពុជា។

អំពី ស៊ីប៊ីស៊ី

ចាប់តាំងពីឆ្នាំ ២០១២ មក ស៊ីប៊ីស៊ីបានក្លាយជាអ្នកផ្ដល់ព័ត៌មានហិរញ្ញវត្ថុ ដំណោះស្រាយបែបវិភាគ និងសេវារាយការណ៍ឥណទាន ឈានមុខគេដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ស៊ីប៊ីស៊ី ជួយអតិថិជនក្នុងការគ្រប់គ្រងហានិភ័យនិងលើកទឹកចិត្តសម្រាប់ការសម្រេចចិត្តផ្នែកពាណិជ្ជកម្មនិងហិរញ្ញវត្ថុតាមរយៈដំណោះស្រាយជាច្រើន​ រួមមានរបាយការណ៍ឥណទានសម្រាប់អ្នកប្រើប្រាស់ របាយការណ៍ឥណទានពាណិជ្ជកម្ម ខេស្ករ, របាយការណ៍បែបទិន្នន័យវិភាគ, សេវាកម្មគ្រប់គ្រងផលប័ត្រ, សេវាត្រួតពិនិត្យផលប័ត្រ, និងដំណោះស្រាយតាមតម្រូវការ។