កម្មវិធីវះកាត់ដោយសុវត្ថិភាពឆ្នាំ២០២០ បានជួយដល់កម្ពុជាក្នុងការពង្រឹងនូវសមត្ថភាព វះកាត់ និងសមត្ថភាពនានារបស់ខ្លួន

• គ្រូពេទ្យជំនាញផ្នែកវះកាត់ និងគ្រូពេទ្យជិត៩០០ នាក់នៅទូទាំងប្រទេសកម្ពុជា (ប្រមាណជាង ៦០ ទីតាំង) ដែលទទួលបានការបណ្តុះបណ្តាលនៅក្នុងកម្មវិធីវះកាត់ដោយសុវត្តិភាពឆ្នាំ២០២០ ដែលទើបបានបញ្ចប់ការសិក្សារក្រោមការឧបត្ថម្ភគាំទ្រពីមូលនិធិ GE។

• កម្មវិធីការវះកាត់ប្រកបដោយសុវត្ថិភាពឆ្នាំ២០២០ បានជួយឱ្យប្រទេសកម្ពុជាទទួលបានការសិក្សាពីសមត្ថភាពវះកាត់ និងសមត្ថភាពនានារបស់ខ្លួនបានយ៉ាងឆាប់រហ័សជាមួយនឹងការបណ្តុះបណ្តាលអំពីការវះកាត់ប្រកបដោយសុវត្ថិភាពចុងក្រោយបំផុត និងនីតិវិធីក្នុងការប្រើប្រាស់ថ្នាំសណ្តំ ការសម្លាប់មេរោគលើគ្រឿងបរិក្ខារ ការដឹកនាំ/ការណែនាំ និងការវិភាគ។

• កម្មវិធី រយៈពេលវែងដែលផ្តល់អត្ថប្រយោជន៍ច្រើនលើសពីចំណេះដឹងផ្នែកវះកាត់ ដោយផ្តល់ការបណ្តុះបណ្តាលផ្នែកផ្តល់ការប្រើប្រាស់ថ្នាំសណ្តំប្រកបដោយសុវត្ថិភាព ដោយមានការដាក់បុគ្គលិកជំនាញបានកាន់តែច្រើនបន្ថែមទៀតក្នុងការផ្តល់ការថែទាំដល់អ្នកជម្ងឺដែលត្រូវការជំនួយជាបន្ទាន់ខាងផ្លូវដង្ហើម និងប្រព័ន្ធអុកស៊ីសែនក្នុងអំឡុងពេលផ្ទុះឡើងនៃជម្ងឺកូវីដ-១៩។

រាជធានីភ្នំពេញ -គ្រូពេទ្យផ្នែកវះកាត់ គ្រូពេទ្យទូទៅ និងគិលានុបដ្ឋាយិកា កម្ពុជាជិត ៩០០ នាក់បានពង្រឹងនូវជំនាញផ្នែកវះកាត់ ការប្រើប្រាស់ថ្នាំសណ្តំ នីតិវិធីនៃជំនាញវះកាត់សម្រាលកូន និងជំនាញជាច្រើនទៀតឲ្យកាន់តែប្រសើរឡើង តាមរយៈការបណ្តុះបណ្តាលពីកម្មវិធីវះកាត់ដោយសុវត្ថិភាពឆ្នាំ២០២០ ដែលបានបញ្ចប់រួចរាល់កាលពីខែឧសភាកន្លងទៅ។

កម្មវិធីវះកាត់ដោយសុវត្ថិភាពឆ្នាំ២០២០ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ជាផ្នែកមួយនៃការប្តេជ្ញារបស់មូលនិធិក្រុមហ៊ុន GE ដែលបានផ្តល់ជាទឹកប្រាក់ចំនួន ២៥លានដុល្លារសហរដ្ឋអាមេរិក ក្នុងគោលបំណងពន្លឿននូវ សេវាវះកាត់ និងការប្រើប្រាស់ថ្នាំសណ្តំប្រកបដោយសុវត្ថិភាពនៅទូទាំងពិភពលោក។ កម្មវិធីនេះត្រូវបានដាក់ឱ្យដំណើរការនៅក្នុងប្រទេសកម្ពុជាកាលពីដើមឆ្នាំ២០១៩ ដើម្បីជួយប្រទេសក្នុងការពន្លឿននូវការអភិវឌ្ឍលើសមត្ថភាពវះកាត់ និងសមត្ថភាពនានារបស់ខ្លួនឱ្យបានឆាប់រហ័ស។

Photo_2022 01 12_10 01 27 (2)

ប្រទេសកម្ពុជាគឺជាប្រទេសដែលមានអាទិភាពខ្ពស់សម្រាប់កម្មវិធីវះកាត់ដោយសុវត្ថិភាពឆ្នាំ២០២០ ពីព្រោះប្រទេសនេះស្ថិតក្នុងចំណោមប្រទេសដែលមានចំណាត់ថ្នាក់ទាបបំផុតក្នុងក្របខណ្ឌនៃនិតិវិធីវះកាត់ក្នុងចំណោមប្រជាជន ១០០,០០០នាក់ គឺមានត្រឹមតែ ៤១៩នាក់ប៉ុណ្ណោះ ។ ខណៈពេលដែលនៅសហរដ្ឋអាមេរិកមានចំនួនជាមធ្យមនេះលើសពី ២១,០០០ នាក់ ។

ស្របតាមគោលដៅគម្រោង កម្មវិធីវះកាត់ដោយសុវត្ថិភាពឆ្នាំ២០២០ បានជួយលើកកម្ពស់ជំនាញដល់បុគ្គលិកផ្នែកវះកាត់នៅទូទាំងប្រទេសកម្ពុជា ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលក្នុងការពង្រឹងប្រព័ន្ធវះកាត់ និងអភិវឌ្ឍលើដំណោះស្រាយតាមមាត្រដ្ឋានដែលបានកំណត់ ដើម្បីជម្នះលើបញ្ហាប្រឈមនានា។

Photo_2022 01 12_10 01 26

លោកវេជ្ជបណ្ឌិត ខាត់ ភូ ប្រធានផ្នែកប្រព័ន្ធសសៃប្រសាទនិង ប្រព័ន្ធរំលាយអាហារ នៅមន្ទីរពេទ្យខេត្តកំពង់ចាមបានថ្លែងថា៖ “ឱកាសស្វែងយល់ពីគោលការណ៍អនុវត្តន៍ល្អៗ ផ្នែកវះកាត់ថ្មីៗតាមរយៈកម្មវិធីវះកាត់ដោយសុវត្ថិភាពឆ្នាំ២០២០ បានផ្តល់នូវអត្ថប្រយោជន៍ធំបំផុតសម្រាប់គាត់ជាច្រើន ។”

លើសពីនោះ លោកវេជ្ជបណ្ឌិត ខាត់ ភូ បានថ្លែងថា៖ “តាងនាមឱ្យសិក្ខាកាមដទៃទៀតដែលបានចូលរួមក្នុងវគ្គបណ្តុះ បណ្តាលនេះ ពួកយើងបាននាំមកនូវជំនាញ និងបច្ចេកទេសថ្មីៗដែលយើងបានដាក់ឱ្យអនុវត្តយ៉ាងឆាប់រហ័សនៅតាមមន្ទីរពេទ្យនានារបស់ពួកយើងផ្ទាល់។”

Photo_2022 01 12_10 01 26 (4)

“យើងក៏បានរៀនពីវិធីថ្មីៗដើម្បីធ្វើឱ្យប្រសើរឡើងនូវការធ្វើការជាក្រុម និងគោលការណ៍ណែនាំថ្មីៗសម្រាប់និតិវិធីមុន និងក្រោយការវះកាត់ដើម្បីកាត់បន្ថយកម្រិតនៃការឆ្លងមេរោគ។នាពេលអនាគតខាងមុខ យើងជឿជាក់ថាជំនាញទាំងនេះ និងជំនាញថ្មីៗដែលបានរៀនសូត្រនឹងជួយកាត់បន្ថយអត្រាមរណភាពរបស់ប្រជាជនកម្ពុជាដែលមិនរាប់បញ្ចូលជាប្រភេទ ជម្ងឺឆ្លង ដូចជាជនរងគ្រោះដោយសាររបួសគ្រាំ ស្ត្រីមានផ្ទៃពោះ និងទារក។ ការ ទទួលបាននូវចំណេះដឹងថ្មីនេះ ក៏អាចជួយកម្ពុជាក្នុងការលុបបំបាត់នូវបញ្ហាមិនប្រក្រតីពីកំណើតផងដែរ ដូចជាបបូរមាត់ឆែបពីកំណើត។”

Photo_2022 01 12_10 01 26 (3)

យោងតាមលោក David Barash ជានាយកប្រតិបត្តិមូលនិធិ GE បានមានប្រសាសន៍ថា៖ ”លទ្ធផលទាំងនេះបានពង្រឹងនូវគុណតម្លៃ និងសារៈសំខាន់កម្មវិធីវះកាត់ដោយសុវត្ថិភាពឆ្នាំ២០២០។”

លោកវេជ្ជបណ្ឌិត Barash ក៏បានបន្ថែមទៀតថា៖ “តាមរយៈការឆ្លើយតបជាវិជ្ជមាននៅកម្ពុជា បានបញ្ជាក់ជាថ្មីថា ការកសាងមូលដ្ឋានប្រកបដោយនិរន្តរភាពនៅក្នុងវិស័យសំខាន់ៗចំនួន បី គឺឥទ្ធិពលនៃការថែទាំលើការវះកាត់ នវានុវត្តន៍ និងមាត្រដ្ឋាន នៅតែមានការជាប់ទាក់ទងគ្នា និងមានប្រសិទ្ធភាពដដែល។ ហើយការកសាងភាពជាដៃគូដ៏រឹងមាំជាមួយរដ្ឋាភិបាលគឺជាជំហានដំបូងដ៏សំខាន់ក្នុងការកំណត់ពីតម្រូវការក្នុងស្រុក ការកៀគរធនធាន និងការអភិវឌ្ឍផែនការជាតិ។”

“ទស្សនវិស័យរបស់ប្រជាពលរដ្ឋផ្តល់នូវក្របខណ្ឌដើម្បីអភិវឌ្ឍន៍បុគ្គលិកផ្នែកការវះកាត់តាមរយៈការបណ្តុះ បណ្តាលគ្រូបង្វឹក និងកម្មវិធីភាពជាអ្នកដឹកនាំដើម្បីកែលម្អបន្ថែមទៅលើការប្រើប្រាស់ថ្នាំសណ្តំ ការវះកាត់ដោយសុវត្ថិភាព និងការបណ្តុះបណ្តាលផ្នែកសម្ភព។ វាក៏បានបង្ហាញពីរបៀបដែលយើងកំណត់នូវមាត្រដ្ឋាននៃដំណោះស្រាយនវានុវត្តន៍ ដូចជាកម្មវិធីសាកល្បងនានា ការប្រឹក្សាតាមរយៈប្រព័ន្ធអនឡាញ និងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើរឡើងនូវផ្នែកហេដ្ឋារចនាសម្ព័ន្ធ។”

លោកវេជ្ជបណ្ឌិត Barash បានមានប្រសាសន៍ថា៖ ”ដៃគូក្នុងស្រុកនាំមកនូវការផ្លាស់ប្តូរដ៏ធំធេង ហើយយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងសុខាភិបាល មន្ទីរពេទ្យកាល់ម៉ែតនៅរាជធានីភ្នំពេញដែលបាន អនុវត្តកម្មវិធីជាច្រើន និងក៏សូមអរគុណចំពោះដៃគូសហការអនុវត្តន៍ចំនួនបួនរបស់មន្ទីរពេទ្យមានដូចជា អង្គការ Jhpiego, អង្គការ Assist International អង្គការ Harvard PGSSC and ក្រុមហ៊ុន Dalberg ដែលបានរួមចំណែកដ៏សកម្មដល់កម្មវិធីទាំងពីរដំណាក់កាល ក្នុងរយៈពេលពីរឆ្នាំមកនេះ។”

លោកស្រី Cheri Reynolds នាយកផ្នែកសុខភាពពិភពលោកនៃអង្គការ Assist International បានមានប្រសាសន៍ថា៖ “ពួកយើងបានរៀនសូត្រពីគ្នាទៅវិញទៅមក ហើយមានការចូលរួមពីសំណាក់ក្រុមគ្រូពេទ្យឆ្នើមៗជួរមុខក្នុងស្រុកនៃកម្មវិធីនេះ វាគឺជាផ្នែកដ៏សំខាន់មួយរបស់ពួកយើងដែលបានរៀនសូត្រពីកម្ពុជា។ ដោយសារកម្មវិធីនេះដំណើរការស្របពេលជាមួយនឹងការចាប់ផ្តើមផ្ទុះឡើងនូវជម្ងឺកូវីដ-១៩ វាក៏បានបញ្ជាក់ជាថ្មីថានៅពេលដែលអ្នកពង្រឹងប្រព័ន្ធគាំពារសុខភាព អត្ថប្រយោជន៍គឺលើសពីការវះកាត់ទៅទៀត។ តួយ៉ាងកម្ពុជាបាន បង្កើនចំនួនគ្រូពេទ្យផ្នែកសណ្តំដែលបានបណ្តុះបណ្តាលដើម្បីផ្តល់ការប្រើប្រាស់ថ្នាំសណ្តំប្រកបដោយសុវត្ថិភាព ដោយមានការដាក់បន្ថែមបុគ្គលិកជំនាញៗបានកាន់តែច្រើនបន្ថែមទៀតក្នុងការផ្តល់ការថែទាំដល់អ្នកជម្ងឺដែលត្រូវការជំនួយជាបន្ទាន់ខាងផ្លូវដង្ហើមនិងប្រព័ន្ធអុកស៊ីសែនក្នុងអំឡុងពេលផ្ទុះឡើងនៃជម្ងឺកូវីដ-១៩។”

Photo_2022 01 12_10 01 26 (2)

កម្មវិធីបណ្តុះបណ្តាលផ្នែកវះកាត់ដោយសុវត្ថិភាពឆ្នាំ២០២០ ចំនួន ៨ដង ត្រូវបានដំណើរការក្នុងឆ្នាំ ២០១៩ ដោយធ្វើការផ្តោតលើសូចនាករលទ្ធផលសំខាន់ៗ ដូចជាភាពជាអ្នកដឹកនាំ និងការណែនាំ ការបណ្តុះបណ្តាលសម្រាប់ គ្លីនិក ការប្រើប្រាស់ថ្នាំសណ្តំប្រកបដោយសុវត្ថិភាព ការសម្លាប់មេរោគលើសម្ភារបរិក្ខារ វិស្វកម្មជីវវេជ្ជសាស្ត្រ ការណែនាំអំពីការថតឆ្លុះអេកូ និងវគ្គបណ្តុះបណ្តាលវះកាត់តាមរយៈកម្មវិធីទូរស័ព្ទ (Touch Surgery App Training)។ ខាងក្រោមនេះជាកម្មវិធីសង្ខេប៖

• វគ្គបណ្តុះបណ្តាលវះកាត់ដែលសិក្សាតាមរយៈកម្មវិធីទូរស័ព្ទទាក់ទងនឹងការប្រើប្រាស់កម្មវិធីទូរសព្ទដៃដើម្បីបង្រៀនពីការរៀបចំវះកាត់ នីតិវិធីថ្មីៗ និងការធ្វើតេស្ត។ ដោយសារការផ្ទុះរីករាលដាលនៃជម្ងឺកូវីដ នៅដើមឆ្នាំ២០២០ ការដាក់ឱ្យប្រើបច្ចេកវិទ្យាណែនាំសន្និសីទតាមវីដេអូ និងការណែនាំតាមប្រព័ន្ធអេឡិចត្រូនិកដែលបានភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិកមន្ទីរពេទ្យ និងគ្រូពេទ្យជាង ៧៥០នាក់ នៅ ៦០កន្លែងនៅទូទាំងប្រទេស។

• សវនកម្មគម្រោងពង្រឹងសមត្ថភាពជុំវិញការវះកាត់ (Perioperative Enhancement Project) ក៏ត្រូវបានដំណើរការផងដែរដើម្បីកំណត់ពីសម្ភារៈបរិក្ខារ និងការបណ្តុះបណ្តាលដែលត្រូវការបន្ទាន់បំផុត។ មានគ្រូពេទ្យចំនួន ២៧រូប បានទទួលការបណ្តុះបណ្តាលនៅតាមមណ្ឌលចំនួន ៧កន្លែង និងមានកញ្ចប់បរិក្ខារសម្រាប់បន្ទប់វះកាត់ចំនួន៧ ត្រូវបានដំឡើងនៅតាមមន្ទីរពេទ្យទាំង៧នោះ។

• ខណៈមន្ទីរពេទ្យកាល់ម៉ែតដើរតួនាជាទីស្នាក់ការកណ្តាលរបស់កម្មវិធីនេះ មានមន្ទីរពេទ្យខេត្តចំនួន៥ និងមន្ទីរពេទ្យជាតិចំនួន២ (មន្ទីរពេទ្យបង្អែកជ័យជំនះ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែខេត្តកំពង់ស្ពឺ មន្ទីរពេទ្យបង្អែកខេត្តតាកែវ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត) បានចូលរួមក្នុងកម្មវិធីដែលបានផ្តួចផ្តើមនេះផងដែរ។

ការវះកាត់សុវត្ថិភាពឆ្នាំ 2020 គឺជាកម្មវិធីពហុសមាសភាគដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៥ហើយបានស្វែងរកគំរូច្នៃប្រឌិតសម្រាប់ពង្រីកការថែទាំវះកាត់ប្រកបដោយសុវត្ថិភាព។ ក្នុងរយៈពេលប្រាំឆ្នាំ ការវះកាត់ប្រកបដោយសុវត្ថិភាពឆ្នាំ២០២០ បានជះឥទ្ធិពលដល់មនុស្សរាប់សិបលាននាក់ តាមរយៈការសហការជាមួយមូលនិធិ អង្គការមិនរកប្រាក់ចំណេញ ស្ថាប័នអប់រំ និងរដ្ឋាភិបាលក្នុងតំបន់ ដែលចង់ធ្វើឱ្យការវះកាត់មានសុវត្ថិភាព តម្លៃសមរម្យ និងអាចចូលដំណើរការបាននៅទូទាំងពិភពលោក។ កម្មវិធីវះកាត់សុវត្ថិភាពឆ្នាំ ២០២០ ត្រូវបានអនុវត្តនៅក្នុងប្រទេសចំនួនបី៖ អេត្យូពី តង់ហ្សានី និងកម្ពុជា។ ស្វែងយល់បន្ថែមនៅ www.safesurgery2020.org ។

សម្រាប់ការសាកសួរព័ត៌មានផ្សេងៗ សូមទំនាក់ទំនងទៅកាន់៖

លោកស្រី លឹម ស៊ាងហេង

Two Way Public Relations

ទូរសព្ទលេខ៖ +៨៥៥ ៦៩ ៧៧៣ ៩៦១

អ៊ីម៉ែល៖[email protected]