រឿងតំណាលស្តីពីពិធីសែនដកជើងធូបរបស់ប្រជាជនចិន ឬកូនចៅចិន

យើងទាំងអស់គ្នាបានដឹងហើយថា ប្រជាជនចិន គឺរស់នៅគ្រប់ទិសទីជុំវិញពិភពលោក មិនថាតំបន់អាស៊ី អឺរ៉ុប ឬអាហ្វ្រិកនោះទេ ដោយសារតែហេតុនេះហើយ បានជាប្រពៃណីរបស់ប្រជាជនចិនបានជ្រាបចូលមកគ្រប់តំបន់ក្នុងសកលលោក។

រហូតដល់ថ្នាក់មានប្រទេសមួយចំនួនបានសាងសង់តំបន់មួយសម្រាប់ពួកគេ ហើយដាក់ឈ្មោះថា ឆាយណាថោន (China Town) ទៀតផង។ ទោះជាយ៉ាងណា នៅកម្ពុជាយើងក៏មិនចាញ់ប្រទេសដទៃដែរ ភាគច្រើនជនជាតិខ្មែរសម្បូរទៅដោយកូនកាត់ចិន ហើយពួកគេបានបន្តគោរពប្រពៃណីសែនព្រេនពីដូនតារបស់ពួកគេរហូតមក។

ថ្ងៃនេះយើងមកសិក្សាអំពីប្រវត្តិតំណាលតៗគ្នាស្តីពីពិធីសែនដកជើងធូប ឬប្រទេសចិនហៅពិធីនេះថា ពិធីអរគុណទេវតាចង្ក្រាន តើនៅប្រទេសចិន គេប្រារព្ធពិធីនេះដើម្បីអ្វីទៅ ដូច្នេះយើងមកអានអត្ថបទខាងក្រោមទាំងអស់គ្នា៖

Image_2022 01 21_164909

ពិធីសែនដកជើងធូប គេអាចហៅបានច្រើនយ៉ាងដូចជា៖ ថ្ងៃអរគុណទេវតាចង្រ្កាន ពិធីសែនទេវតាចង្រ្កាន ឬក៏ជា សៀវនាន (ឆ្នាំតូច) ។ ដោយសារតែប្រជាជនកាលបុរាណយល់ថា គ្រប់គេហដ្ឋានសុទ្ធតែមាន “អ្នកតាចង្រ្កាន” ស្ថិតនៅ ហើយគាត់ជាអ្នកមើលការខុសត្រូវគ្រប់ទង្វើ និងកិច្ចការគ្រប់បែបយ៉ាងរបស់មនុស្សដែលរស់នៅក្នុងផ្ទះនោះ ជាពិសេស នៅថ្ងៃដែលយើងសែនដកជើងធូបនោះ តួនាទីដ៏សំខាន់មួយទៀតរបស់ទេវតាចង្រ្កាន គឺត្រូវយករបាយការណ៍ពេញមួយឆ្នាំរបស់សមាជិកក្នុងគេហដ្ឋាននោះទៅទូលថ្វាយ ព្រះឥន្ធនៅឋានលើ បន្ទាប់ពីពិនិត្យរួចរាល់ទើបកំណត់អំពីរង្វាន់ និងពិន័យចំពោះគេហដ្ឋាននោះ។

ដូច្នេះ មនុស្សម្នានៅក្នុងថ្ងៃសែនដកជើងធូបនោះ តែងយកស្ករគ្រាប់ ដែលជានិមិត្តរូបតំណាងឱ្យភាពស្អិត ដើម្បីសូកប៉ាន់ “ទេវតាចង្ក្រាន” កុំឱ្យគាត់ឡើងទៅទូលថ្វាយរឿងអាក្រក់របស់គេហដ្ឋានខ្លួនទៅកាន់ព្រះឥន្ធ។

ដោយសារតែមានតំណាលតគ្នាបែបនេះហើយ ទើបប្រជាជនចិនបានប្រារព្ធពិធីមួយនេះតកូនតចៅរហូតមកដល់សព្វថ្ងៃ៕

អត្ថបទ​ ៖ ​Mythical Bird / Knongsrok