មានគេសួរខ្ញុំថា  #យកបុគ្គលិកមកធ្វើអី បើខ្លួនឯងមិនចេះធ្វើថៅកែផង?​

មានគេសួរខ្ញុំថា #យកបុគ្គលិកមកធ្វើអី បើខ្លួនឯងមិនចេះធ្វើថៅកែផង?​

មានគេសួរខ្ញុំថា

#យកបុគ្គលិកមកធ្វើអីបើខ្លួនឯងមិនចេះធ្វើថៅកែផង?​

ខ្ញុំភ្ញាក់នឹងសំណួរហ្នឹង គាត់ថាឃើញម្ង៉ៃៗរៀបអីវ៉ាន់តែខ្លួនឯងតាំងពីព្រឹករហូត បាយហើយមិនទាន់រៀបតទៀត បើអីវ៉ាន់វិញនិយាយពីថាដូររាល់តែថ្ងៃគ្មានថ្ងៃណាទំនេរ ថ្ងៃខ្លះឮតែដាច់បាយដាច់ទឹកអស់ហើយ រៀបមិនទាន់រួចដៃផងរត់ទៅជិះម៉ូតូឌុបទិញអីវ៉ាន់កក្លាក់ៗម្នាក់ឯង។

ដឹងចម្លើយរបស់ខ្ញុំគឺអ្វីទេ?​

ក្នុងចិត្តរបស់ខ្ញុំកន្លែងអាជីវកម្មរបស់ខ្ញុំគ្រាន់តែជាថ្នាលមួយសម្រាប់ឲ្យខ្ញុំបណ្ដុះគ្រាប់ពូជតស៊ូយកឈ្នះខ្លួនឯងតែប៉ុណ្ណោះ ខ្ញុំមិនដែលគិតថាខ្លួនឯងជាថៅកែម្ដងណាឡើយ ។

គេថាខ្ញុំជាមនុស្សល្ងង់មានលុយជួលគេឲ្យធ្វើការហើយ នៅធ្វើការហត់ខ្លួនឯងដដែល គេថាខ្ញុំមិនចេះប្រើមនុស្ស មិនដែលថៅកែឯណាមកអង្គុយឃ្លានបាយខ្លួនឯងមកចាំបុគ្គលិកមកហូបបាយរាល់ថ្ងៃអ៊ីចឹងទេ។

កុំថាឡើយចាំ តែហូបបាយជាមួយបុគ្គលិកក៏គេមិនដែលធ្វើអ៊ីចឹងដែរ ។​

តាមពិតក្នុងតូបខ្ញុំគ្មានថៅកែទេ មានតែបុគ្គលិក ខ្ញុំក៏ជាបុគ្គលិកនៅទីនេះម្នាក់ដែរ ហើយខ្ញុំជាបុគ្គលិកដែល ទោះហត់នឿយនៅផ្ទះ ខ្ញុំពិបាកចិត្តមួរម៉ៅក្ដៅក្រហាយ អន់ចិត្ត ជួយរឿងរាប់លានរឿងច្រើនប៉ុនណាក៏មិនអាចមកយឺតម៉ោងបាន មិនអាចសុំច្បាប់បិទតូបសម្រាកនៅផ្ទះពេញមួយថ្ងៃបានទេ ខ្ញុំត្រូវទទួលខុសត្រូវការងារជាច្រើនដែលមនុស្សគ្រប់គ្នាមិនដឹង តែគ្រប់គ្នាតែងគិតថា គ្មានអីពិបាកផង មានកន្លែងខ្លួនឯង ចង់ឈប់ពេលណាក៏បាន អង្គុយចាំតែយកលុយ តែជាក់ស្ដែង ខ្ញុំធ្វើការគ្មានប្រាក់ខែ គ្មានថ្ងៃសម្រាកសៅរ៍អាទិត្យ ធ្វើការថែមម៉ោងក៏គ្មានប្រាក់ថែមម៉ោង គ្មានប្រាក់លើកទឹកចិត្ត ឈឺក៏មិនអាចសម្រាក ធុញថប់ឈឺក្បាលក៏មិនអាចផ្ដេកផ្ដួលរមួលសមគ្រិចបានទេ ព្រោះខ្ញុំនៅជំពាក់បំណុលជីវិតនេះច្រើនដែលគ្មានអ្នកណាអាចយល់ពីអារម្មណ៍មួយនេះបានឡើយ នៅមានមនុស្សជាច្រើនកំពុងសំលឹងនឹងចាំសើចចំអកនៅថ្ងៃដែលខ្ញុំដួលរលំ និងមានមនុស្សជាច្រើនទៀតរង់ចាំខ្ញុំទៅជួយពួកគាត់ ។

Loading...

ពេលដែលខ្ញុំកំពុងឈរដល់ថ្ងៃនេះ បើខ្ញុំបណ្ដោយតាមតែការយល់ឃើញស្រាលៗរបស់មនុស្សជុំវិញខ្លួន អង្គុយគងទាក់ខ្លាចាំរាប់លុយចង្អុលបញ្ជាអ្នកដទៃនោះ ជីវិតខ្ញុំនឹងបាក់ផុយ ហើយនឹងក្លាយជាជីវិតមួយដែលគ្មានតម្លៃអ្វីបន្តិចណាសោះឡើយ ។ បើដើម្បីតែខ្លួនខ្ញុំម្នាក់ ត្រឹមតែបាយត្រសក់ចាវមួយដុំ សៀងតែមួយកូនចានគឺខ្ញុំអាចរស់បានហើយ មិនចាំបាច់លក់សុខភាពខ្លួនឯង ដេកមិនលក់បក់មិនល្ហើយ គិតសព្វបែបយ៉ាងគ្មានពេលសម្រាកបែបនេះក៏បានដែរ តែខ្ញុំដឹងថា ការបណ្ដោយឲ្យជីវិតនេះយករួចខ្លួនតែម្នាក់ឯង តើខ្ញុំមានតម្លៃសម្រាប់ឲ្យកើតមកក្នុងលោកនេះដើម្បីអ្វី ព្រោះថាជីវិតគ្រប់យ៉ាងនៅលើផែនដីនេះកើតមកគឺគង់តែវិនាសទៅវិញដោយខ្លួនឯងមិនខាន ។​

បើគ្រាន់តែកើតមកដើម្បីតែមើលថែខ្លួនឯងរង់ចាំសេចក្ដីស្លាប់ទៅវិញ តើចាំបាច់ហត់នឿយនឹងចលនាដកដង្ហើមនៅរង់ចាំសេចក្ដីស្លាប់ធ្វើអ្វី?​

ខ្ញុំជម្នះលើភាពទន់ខ្សោយនៃជីវិតរបស់ខ្ញុំ ខ្ញុំត្រូវផ្លាស់ប្ដូរជីវិតរបស់ខ្ញុំខ្លួនឯងឲ្យបានសិន បន្ទាប់មកទើបខ្ញុំអាចផ្លាស់ប្ដូរជីវិតរបស់មនុស្សក្បែរខ្លួនបាន!​

បើខ្លួនឯងមិនដឹងថាខ្លួនឯងត្រូវការអ្វីផង តើអ្នកនឹងក្លាយជាអ្នកផ្ដល់ការស្រឡាញ់ដល់អ្នកជុំវិញខ្លួនដោយរបៀបណា?​

ម៉ែខ្ញុំផ្ដាំថា "ការងារណាដែលកូនធ្វើបានកូនកុំពឹងអ្នកដទៃ កូនត្រូវស្មោះត្រង់នឹងខ្លួនឯងមុនគេ បន្ទាប់មកកូនត្រូវស្មោះត្រង់នឹងមនុស្សគ្រប់គ្នា"

"ចូរកូនកុំធ្វើទង្វើណាមួយដែលកូនមិនចង់ឲ្យអ្នកណាម្នាក់ធ្វើទង្វើនោះមកលើកូន"

"ភាពខ្ជិលច្រអូស១នាទី នឹងបំផ្លាញក្ដីសុខនិងតម្លៃជីវិតរបស់កូនយ៉ាងតិច១នាទី"

-អ្នកលក់ស្បែកជើង៕៚-

Credit ៖ ស្តេច ស្វា

Loading...