ប្រវត្តិ និងជីវិតតស៊ូដ៏អស្ចារ្យ នៃក្រុមហ៊ុន ​Honda  រហូតកក្រើកពាសពេញពិភពលោក!

ប្រវត្តិ និងជីវិតតស៊ូដ៏អស្ចារ្យ នៃក្រុមហ៊ុន ​Honda រហូតកក្រើកពាសពេញពិភពលោក!

មនុស្សគ្រប់គ្នាដឹងហើយថា ​បើនិយាយអំពីបច្ចេកវិទ្យានៃការផលិតឡាន និងម៉ូតូ អ្នកពិតជាមិនអាចមើលរំលងនៃក្រុមហ៊ុនជប៉ុន ​Honda នោះទេ ​ព្រោះទាំងម៉ូតូ និងឡានល្បីៗគឺសុទ្ធតែឆ្លងកាត់ស្នាដៃនៃក្រុមហ៊ុនល្បីឈ្មោះនេះទាំងអស់។

ជាក់ស្តែងងបើនិយាយពីភាពជោគជ័យរបស់ក្រុមហ៊ុនមួយនេះ ​គឺស្ទើរពាសពេញពិភពលោក ​តែបើនិយាយពិប្រវត្តិនៃការកកើតក្រុមហ៊ុនមួយនេះ ប្រហែលជាមិនសូវមានអ្នកដឹងនោះទេ។

ដូច្នេះមកតាមដានប្រវត្តិ និងដំណើរដើមទងនៃក្រុមហ៊ុនជប៉ុន ​Honda  មួយនេះទាំងអស់គ្នាដូចខាងក្រោម៖ 

# ជីវិតក្នុងគ្រាដំបូង

លោក Soichiro Honda កើតនៅថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ១៩០៦ ក្នុងតំបន់ Iwata-gun ប្រទេសជប៉ុន លោកជាកូនច្បងក្នុងគ្រួសារ ហើយក្នុងឆ្នាំ១៩២២ លោកបានបញ្ចប់ថ្នាក់បឋមសិក្សាជាន់ខ្ពស់នៅសាលា Futamata។ Honda មានលទ្ធភាពបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ការសិក្សា ហើយគេព្យាយាមចាប់យកឱកាសទាំងអស់ដែលគេមាន ដើម្បីបានធ្វើការជាមួយជំនាញដែលគេស្រលាញ់ គឺជំនាញទាក់ទងនឹងគ្រឿងម៉ាស៊ីន។ ក្នុងមួយជីវិតរបស់លោក Honda គាត់មិនដែលភ្លេចពីអនុស្សាវរីយ៍នៅថ្ងៃដែលគាត់បានឃើញរថយន្តជាលើកដំបូងនោះទេ។

ក្រោយពីបញ្ចប់ការសិក្សាលោក Honda បានចាប់ផ្ដើម អាជីពជាកូនជាងជួសជុលគ្រឿងម៉ាស៊ីន ឲ្យហាងជួសជុលគ្រឿងយន្តមួយកន្លែងឈ្មោះ Arto Shokai។ ក្នុងឆ្នាំ១៩២៨ គាត់បានត្រលប់ទៅស្រុកកំណើតរបស់គាត់វិញ ហើយបានចាប់ផ្ដើមអាជីពថ្មីមួយ ដែលមានឋានៈជាមេជាង បន្ទាប់ពីនោះមួយរយៈ គាត់ក៏បានបើកសាខាហាង របស់សហគ្រាសមួយដែលមានមូលដ្ឋាននៅ Hamamatsu ប្រទេសជប៉ុន។

# ដំណាក់កាលបង្កើតអាណាចក្រ Honda

លោក Honda បានចូលរួមទស្សនាការប្រណាំងឡានជាញឹកញាប់ ដែលបណ្ដាលឲ្យលោក មានចំណាប់អារម្មណ៍ជាខ្លាំងជាមួយរថយន្ត និងម៉ូតូ។ បន្ទាប់មកលោកបានចាប់ផ្ដើមធ្វើការពិសោធន៍ជាមួយគ្រឿងម៉ាស៊ីន ហើយក្នុងឆ្នាំ១៩២៨ គាត់បានរៀបចំក្រុមហ៊ុន Tohai Seiki ឡើង ដែលក្រុមហ៊ុននេះមានមុខងារផលិតក្រវាត់ពីស្តុង ហើយផលិតផលដែលផលិតបានមួយចំនួនធំ ត្រូវបានលក់ទៅឲ្យក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំជាងគេនៅជប៉ុន។

រូបលោក មានបំណងចង់បើកជំនួញទាក់ទងនឹងម៉ាស៊ីនជាលើកដំបូង ក្នុងអំឡុងពេលពាក់កណ្ដាលទសវត្សឆ្នាំ១៩៤០ គឺនៅពេលដែលគាត់បានរចនាម៉ូដ និងផលិតម៉ាស៊ីនដែលមានរាងតូច អាចភ្ជាប់ជាមួយកង់ ដើម្បីធ្វើឲ្យក្លាយជាម៉ូតូបាន ហើយការប្រថុយប្រថាននេះ ក៏ទទួលបានជោគជ័យជាស្ថាពរផងដែរ។

DO1ukHPWkAA1 Ob

ភាពជោគជ័យនៅក្នុងពេលនោះ បានជំរុញឲ្យគាត់ព្យាយាមបន្តទៀត គឺនៅឆ្នាំ១៩៤៨ គាត់បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយ ដោយមានឈ្មោះថា Honda Motor Company។ ក្នុងឆ្នាំបន្ទាប់ ក្រុមហ៊ុនរបស់លោកបានផលិតម៉ូតូមានរាងតូចមួយ ដែលមានឈ្មោះថា“Dream D” ហើយវាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារ តាមរយៈការផ្សាយពាណិជ្ជកម្មដ៏មានឥទ្ធិពលជាច្រើន។

Loading...

ក្នុងរយៈពេលមិនបានមួយទសវត្សផង ក្រុមហ៊ុន Honda បានក្លាយជាក្រុមហ៊ុនផលិតម៉ូតូដ៏ធំជាងគេក្នុងលោក ហើយជាក្រុមហ៊ុនដែលមានចំណែកក្នុងទីផ្សារលក់ម៉ូតូ ក្នុងសហរដ្ឋអាមេរិកច្រើនជាងចំណែកទីផ្សារលក់រថយន្តរបស់ក្រុមហ៊ុន Toyota និង Nissan ទៀតផង។

ចាប់តាំងពីលោក Soichiro Honda ទទួលបានភាពជោគជ័យខ្លាំងមក ឈ្មោះរបស់លោកបានទាក់ទាញអ្នកសារព័ត៌មានជាច្រើនមកធ្វើបទសម្ភាសន៍ ហើយលោកក៏ចូលចិត្តវាផងដែរ ដែលនេះខុសពីទម្លាប់របស់អ្នកជំនួញធំៗឯទៀតៗ ដែលពួកគេមិនចូលចិត្តសារព័ត៌មាន។

Soichiro_Honda_02_l

# ជំហានចូលប្រឡូកក្នុងវិស័យផលិតរថយន្ត

នេះជាពេលវេលាមួយដែលក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម បានព្យាយាមរួបរួមក្រុមហ៊ុនតូចៗមួយចំនួនឲ្យក្លាយជាក្រុមហ៊ុនធំលំដាប់ទីបីក្នុងប្រទេស ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Toyota និង Nissan តែមន្ទីរដឹកជញ្ជូន និងក្រសួងមួយនេះ បានព្យាយាមបំបាក់ទឹកចិត្តលោក Honda ពីការបញ្ចូលក្រុមហ៊ុនលោកទៅក្នុងក្រុមហ៊ុនទាំងនោះ តែទោះបីជាយ៉ាងនេះក្ដី លោកនៅតែព្យាយាមរហូតបានឈ្នះចិត្តក្រសួងនេះ ដោយការបញ្ចេញរថយន្តប្រភេទ Sports ម៉ូដែល S 500 ដែលមានតម្លៃទាប និងមានលក្ខណៈខុសពីរថយន្តប្រភេទ Sports ដែលផលិតដោយក្រុមហ៊ុនផ្សេងៗទៀត។

ក្រុមហ៊ុន Honda បានបន្តចេញរថយន្តម៉ូដែលថ្មីៗបន្តបន្ទាប់ទៀត តែក្រុមហ៊ុនមួយនេះនៅមានទំហំតូចនៅឡើយ គឺអាចផលិតរថយន្តបានត្រឹមតែ៣០០០គ្រឿងតែប៉ុណ្ណោះក្នុងឆ្នាំ១៩៦៦ ដែលចំនួននេះមិនបានពាក់កណ្ដាលចំនួនរថយន្តដែលក្រុមហ៊ុន Toyota ផលិតក្នុងមួយសប្ដាហ៍ផង។

ក្នុងឆ្នាំ១៩៧២ Honda បានផលិតដ៏ល្បីមួយឈ្មោះ Civic ហើយក្នុងឆ្នាំ១៩៨០ ក្រុមហ៊ុននេះលក់រថយន្តបានចំនួន៣៧៥០០០គ្រឿងក្នុងទីផ្សារអាមេរិក គឺមានចំនួនច្រើនជាងបីដង បើប្រៀបជាមួយក្រុមហ៊ុន Subaru និងច្រើនជាងពីរដង បើប្រៀបជាមួយក្រុមហ៊ុន Mazda តែក្រុមហ៊ុននេះនៅតែស្ថិតនៅក្រោយក្រុមហ៊ុន Toyota និង Nissan ដដែល។

70 Soichiro Honda Quotes

# ដំណាក់កាលនៃការផ្លាស់ប្ដូរមុខមាត់របស់ក្រុមហ៊ុន Honda

នៅចុងទសវត្សឆ្នាំ១៩៧០ និងដើមទសវត្សឆ្នាំ១៩៨០ លោក Honda បានពង្រីកក្រុមហ៊ុនរបស់លោករហូតដល់ឯនាយសមុទ្រ គឺនៅក្នុងឆ្នាំ១៩៧៩ គាត់បានបើករោងចក្រផលិតម៉ូតូមួយនៅជិតទីក្រុង Columbus រដ្ឋ Ohio បន្ទាប់មកលោកក៏បានបើករោងចក្រផលិតរថយន្តមួយទៀតនៅទីនោះ ហើយគាត់ក៏បានជំរុញឲ្យក្រុមហ៊ុនជប៉ុនមួយចំនួនទៀតឲ្យធ្វើតាមគាត់។

លោក Soichiro Honda បានចូលនិវត្តន៍ក្នុងឆ្នាំ១៩៧៣ ប៉ុន្តែគាត់បានបន្តធ្វើជាទីប្រឹក្សាជាន់ខ្ពស់បំផុត ក្នុងក្រុមហ៊ុន ហើយនៅក្នុងឆ្នាំ ១៩៨៨ គាត់បានក្លាយជាអ្នកបង្កើតរថយន្តដំបូងគេបង្អស់ក្នុងប្រទេសជប៉ុន ដែលបានបញ្ចូលឈ្មោះទៅក្នុងសាលកិត្តិនាម។ លោក Honda បានស្លាប់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៩១ នៅមន្ទីរពេទ្យមួយក្នុងទីក្រុងតូក្យូ តែទោះបីជាគាត់បានស្លាប់ទៅហើយក្ដី ក៏គាត់នៅតែជាអ្នកជំនួញដ៏មានឥទ្ធិពលមួយរូបប្រចាំសតវត្សទី២០ដែរ៕

ប្រភព៖ គ្រប់គ្រងពាណិជ្ជ Khmer Camping

Loading...