មានរឿងច្រើនណាស់ ទោះយើងព្យាយាមប្រាប់អ្នកដទៃ ក៏គេគ្មានថ្ងៃយល់ដែរ ព្រោះតែគេមិនមែនជាយើង

ជីវិតមនុស្សម្នាក់ៗ មានបញ្ហា មានការលំបាកផ្សេងៗគ្នា មានរឿងខ្លះ ទោះយើងព្យាយាមប្រាប់គេ ពន្យល់គេយ៉ាងណា ក៏គេនៅតែមិនអាចយល់ពីទំហំនៃបញ្ហា ការលំបាក ដែលយើងបានជួបប្រទះ គ្រប់យ៉ាងព្រោះតែពាក្យថា គេមិនមែនជាយើង។

មានរឿងជាច្រើន ដែលយើងមិនអាចនិយាយចេញទៅបាន ព្រោះមិនដឹងថា ត្រូវនិយាយបែបណា? ចាប់ផ្ដើមពីត្រង់ណា? ហើយគួរប្រាប់អ្នកណា? ចុងក្រោយគឺ បានត្រឹមតែលាក់ទុកតែម្នាក់ឯង សម្ងំកើតទុក្ខ ឈឺចាប់តែម្នាក់ឯងប៉ុណ្ណោះ។

មានមនុស្សខ្លះ គេគិតថា បញ្ហាដែលយើងបានជួប ឬទុក្ខលំបាករបស់យើង វាជារឿងតូចតាចប៉ុណ្ណ្ណោះ គេមិនដឹង គេរឹតតែមិនអាចយល់ ហើយក៏គេមិនខ្វល់ដែរ ព្រោះតែមិនមែនជារឿងរបស់គេ។ ដូច្នេះហើយ ជីវិតនេះ មិនថាមានរឿងអ្វីក៏ដោយ ជួបបញ្ហាបែបណាក៏ដោយ គឺខ្លួនឯង ត្រូវតែជាអ្នកនៅក្បែរ មើលថែ និងប្រឈមមុខ រ៉ាប់រងដោយខ្លួនឯង កុំរំពឹងអ្នកណា កុំចាំឱ្យអ្នកណាមកជួយ ព្រោះគ្មានអ្នកណាអាចជួយយើងអស់ពីចិត្ត ឬជួយយើងបានរហូត ដូចយើងខ្លួនឯងនោះទេ។ មួយវិញទៀត មនុស្សខ្លះ ពេលគេឃើញយើងមានបញ្ហា ជួបទុក្ខលំបាកបែបហ្នឹង​ គេមានតែសប្បាយចិត្តទៅវិញ ក៏មានអ្នកខ្លះទៀត មាត់និយាយថា អាណិតយើង បារម្ភយើង តែចិត្តគំនិតគេ កំពុងតែបន់ឱ្យយើងកាន់តែដុនដាបតែប៉ុណ្ណោះ ម្ល៉ោះហើយ! កុំសូវពឹង ឬទុកចិត្តអ្នកណាពេក គេមិនដូចយើងទេ ចាំទុក។

ទម្ពក់មិនដូចដៃ ពឹងអ្នកដទៃ មិនដូចពឹងខ្លួនឯងទេ ខ្លួនទីពឹងខ្លួន ចូរចងចាំពាក្យនេះឱ្យច្បាស់ ហើយត្រូវដាស់តឿនខ្លួនឯងរៀងរាល់ថ្ងៃ៕

66386284_344727273127609_8677274843613233152_n

67753136_451754015555445_9074731263213961216_n

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ