មនុស្សស្មោះចំពោះស្នេហា មិនប្រាកដថា អាចបានជួបស្នេហ៍ពិត សមតាមបំណងនោះឡើយ

គេថាសម័យនេះ មនុស្សស្មោះងាប់បាត់អស់ហើយ តែការពិត មនុស្សស្មោះគឺនៅតែមាន គ្រាន់តែអ្នកខ្លះស្មោះចំពោះមនុស្សក្បត់ ចំណែកអ្នកខ្លះទៀត គ្មានសំណាងបានជួបមនុស្សស្មោះតែប៉ុណ្ណោះ។

មនុស្សមួយចំនួននិយាយថា ចិត្តស្មោះស៊ីមិនបានទេ សម័យនេះ គេលែងធ្វើមនុស្សស្មោះហើយ ជាការពិត ព្រោះតែគេមិនឱ្យតម្លៃ លើភាពស្មោះត្រង់ និងស្នេហាពិតតែប៉ុណ្ណោះ។ មួយវិញទៀត វាក៏ជាការពិតដែរ មនុស្សស្មោះ មិនមែនសុទ្ធតែអាចបានជួបមនុស្សស្មោះទេ ពេលខ្លះ ស្នេហាគេ មិនសមបំណងឡើយ ដូចគេថា​មនុស្សល្អ មនុស្សស្មោះ ច្រើនតែត្រូវគេក្បត់ គេធ្វើបាប។

ប៉ុន្តែ យ៉ាងណាមិញ មនុស្សល្អ មនុស្សស្មោះ គឺនៅតែមាន គ្រាន់តែមិនច្រើនតែប៉ុណ្ណោះ ព្រោះមនុស្សក្បត់មួយចំនួន គឺកើតពីមនុស្សស្មោះ ដែលត្រូវរងគ្រោះ ឈឺចាប់ ទើបប្រែក្លាយជាមនុស្សក្បត់ មនុស្សសាវា មនុស្សអាក្រក់បែបហ្នឹង។

ពេលខ្លះ ធ្វើជាមនុស្សស្មោះ មនុស្សល្អ ក៏មានអារម្មណ៍ថា ខ្លួនឯងនេះ ចាញ់ប្រៀបគេណាស់ តែពេលខ្លះទៀត សារជាតិមនុស្សស្មោះ មនុស្សល្អ វាក៏មិនអាចកែប្រែបាន ទោះត្រូវគេក្បត់ គេធ្វើបាប ក៏បានត្រឹមតែនិយាយថា " ធ្វើម៉េច! បើវាជាកម្មយើង " ។ តែបើឱ្យទៅធ្វើអាក្រក់ ធ្វើបាបចិត្តគេ វារឹតតែមិនអាចធ្វើបាន វាពិបាកធ្វើជាង ឱ្យទៅទ្រាំគេធ្វើបាបចិត្តទៅទៀត។

ដូច្នេះហើយ ទើបមនុស្សល្អ មនុស្សស្មោះ ក៏នៅតែជាជនរងគ្រោះ ត្រូវគេបោកប្រាស់ ត្រូវគេធ្វើបាប ត្រូវកេក្បត់ ដើរខ្សែលើ តែបើឱ្យធ្វើរឿងដូចកេធ្វើដាក់ខ្លួននោះ គឺធ្វើមិនបាន មានអារម្មណ៍ថា វាក្បត់មនសិការខ្លួនឯង វាមិនមែនជាខ្លួនឯងទៅវិញ អ៊ីចឹង មានតែទ្រាំ ហើយនិយាយពាក្យថា កម្មយើង យើងជំពាក់គេ គេទារអ៊ីចឹងហើយ៕

67494526_696206764153357_5956718124534333440_n

69584867_2469601039937915_2402006420733034496_n

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ