ប្រវត្តិនៃការដាក់ឈ្មោះ បុរីជូឡុង ឬទីក្រុងគិរីរម្យ ដែលគ្រប់គ្នាមិនធ្លាប់បានដឹង!

បទចំរៀង «បុរីជូឡុង» ដែលច្រៀងដោយ លោកស្រី ហួយ មាស នៅចុងទសវត្សរ៍៦០ គឺជាបទចំរៀងបែបមនោសញ្ចេតនា ដ៏ផ្អែមល្ហែមមួយរវាងបុរសវ័យចំណាស់ជាមួយនារីដ៏ស្រស់ស្អាតមួយរូបនៅឯបុរីគិរីរម្យមានឈ្មៅះថា ​«បុរីជូឡុង ​» ។ បើទោះបីជាបទចំរៀងនេះមានអាយុកាលជិត ៦០ឆ្នាំក្តី ក៏អត្ថន័យនិងសូរសៀងនូវតែដក់ជាប់ក្នុងដួងចិត្ត និងធ្វើឲ្យអ្នកស្តាប់តែងនឹកដល់ទឹកជ្រោះ និងព្រៃធម្មជាតិខ្ពស់ៗ និង​​ធំៗលាយឡំដោយសំលេងរៃយំ និងខ្យល់ត្រជាក់រសៀកៗ នៅរមនីយដ្ឋានដើមស្រល់ និងចុងស្រល់ ដែលរេរាតាមវាយោ មិនថាពេលរាត្រីឬពេលថ្ងៃអស្តង្គតឡើយ ។

ដោយសារតែទេសភាពនៃបុរីនេះមានភាពស្រស់ស្អាតខ្លាំង ​និងល្បីខ្ទរខ្ទារតាមរយៈបទចម្រៀងស្តាប់មិនចេះជីនណាយច្រើនជំនាន់នោះ រហូតគ្រប់គ្នាមានចម្ងល់ថា ​តើឈ្មោះ បុរីជូឡុង កើតចេញពីណា ​ហើយមានប្រវត្តិដើមទងយ៉ាងម៉េចនោះ?

37

10610495_751376421650890_2619175371133025168_n

ដូច្នេះថ្ងៃនេះ « ក្នុងស្រុក ​» ​សូមបង្ហើបពីសាច់រឿង ​និងប្រវត្តិនៃការដាក់ឈ្មោះ  «បុរីជូឡុង ​» ​ដោយដកស្រង់ទាំងស្រុងពីគណណីហ្វេសប៊ុកផេក មរតកកម្ពុជា ដូចខាងក្រោមនេះ៖

បុរីជូឡុង ឬទីក្រុងគីរីរម្យ គឺដាក់តាមឈ្មោះរបស់លោក ញឹក ជូឡុង ឬសម្តេចចក្រីតេជោធិបតី ញឹក ជូឡុង។ លោក ញឹក ជូឡុង គឺជាបុគ្គលជាន់ខ្ពស់ម្នាក់នៅក្នុងប្រទេសកម្ពុជាក្នុងចំណោមបុគ្គលល្បីៗដែលមានឥទ្ធិពលបំផុតនាសម័យសង្គមរាស្ត្រនិយម និងជាអ្នកមានភក្តីភាពស្មោះស្ម័គ្រដង្ហែតាមព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីអាណានិគមបារាំង និងក្នុងសម័យសង្គមរាស្ត្រនិយម។

លោក ញឹក ជូឡុង កើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩០៨ (ឯកសារខ្លះថា ឆ្នាំ១៩១០) នៅក្រុងភ្នំពេញ ក្នុងត្រកូលអ្នកជំនួញខ្មែរកាត់ចិន ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងព្រះបរមរាជវាំងខ្មែរ។ លោក ញឹក ជូឡុង គឺជាបុត្ររបស់ឧកញ៉ា ញឹក អតីតអភិបាលខេត្តជើងព្រៃ និងនាង អុីង សាឡែត។

លោក ញឹក ជូឡុង រៀបការលើកទីមួយ និងមានបុត្រចំនួនពីរនាក់គឺ៖ ១-ជូឡុង ប៉ូលីន (ស្រី) និង២-ជូឡុង បូរាមី (ប្រុស) ។រៀបអាពាហ៍ពិពាហ៍លើកទីពីរជាមួយ អ្នកស្រី មាសកេត និងមានបុត្រចំនូន ៧នាក់ គឺ៖ ១-ជូឡុង សូមួរ៉ា ភរិយាលោក សម រង្ស៊ី។ ២-ជូឡុង រង្ស៊ី (០៣ ធ្នូ ១៩៤៤–៣១ មេសា ១៩៧៦) ស្វាមី លឹមគី ម៉ារី។ ៣-ជូឡុង វិសាខា ភរិយាលោក Barbolosi។៤-ជូឡុង សុផន ស្វាមី លោក ផល្គុណ។៥-ជូឡុង ឃេតធី (០៥ សីហា ១៩៥១) មហេសី សម្ដេច នរោត្ដម ចក្រពង្ស។ ៦-ជូឡុង តារា។ ៧-ជូឡុង អង់តូញ៉ា។

លោក ញឹក ជូឡុង បានចូលបម្រើរាជការ ក្នុងឋានៈជា អនុមន្ត្រី នាឆ្នាំ១៩៣២។ បន្ទាប់មកលោកបានធ្វើជាភូឈួយខេត្តព្រៃវែង, ចៅហ្វាយស្រុកបាភ្នំ, ភូឈួយខេត្តតាកែវ។ នៅឆ្នាំ១៩៣៧ បានឡើងជាចៅហ្វាយខេត្តពោធិសាត់ និងពីឆ្នាំ១៩៣៩ ដល់ ១៩៤៤ ធ្វើជាចៅហ្វាយខេត្តកំពង់ចាម។

បន្ទាប់ពីកងទ័ពជប៉ុនចូលកាន់កាន់កាប់កម្ពុជា លោក ញឹក ជូឡុង ត្រូវបានតែងតាំងជាអភិបាលក្រុងភ្នំពេញ។ នៅ១៩៤៥ លោកបានចូលរួមនៅក្នុងគណៈរដ្ឋមន្ត្រីទី២របស់លោក សឺុង ង៉ុកថាញ់ ដោយធ្វើជារដ្ឋមន្ត្រីក្រសួងសិក្សាធិការជាតិ (១៤ សីហា ដល់ ១៦ តុលា ១៩៤៥)។

បន្ទាប់ពីបារាំងចាប់ខ្លួនលោក សុឺង ង៉ុកថាញ់ លោក ញឹក ជូឡុង នៅបន្តក្នុងគណៈរដ្ឋមន្ត្រីរបស់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត (១៧ តុលា ១៩៤៥ ដល់ ១៤ ធ្នូ ១៩៤៦) ដោយបានក្លាយជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។

លោក ញឹក ជូឡុង បានរួមដំណើរជាមួយព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ក្នុងព្រះរាជទស្សនកិច្ចទៅប្រទេសបារាំងពីខែ មេសា ដល់ មិថុនា ១៩៤៦ ផងដែរ។ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៤៦ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ បានតែងតាំងលោកធ្វើជាតំណាងព្រះមហាក្ស័ត្រិយ៍ ទៅរួមក្នុងពិធីប្រគល់ខេត្តបាត់ដំបងមកក្រុងកម្ពុជាវិញ បន្ទាប់ពីប្រទេសស្យាម កាន់កាប់ដោយខុសច្បាប់អស់រយៈពេល៥ឆ្នាំ។

លោកបានចូលរួមក្នុងពិធីចាកចេញរបស់មន្ត្រីសៀម និងបានដាក់ឲ្យមន្ត្រីខ្មែរជំនួសវិញ។ ការតែងតាំងលោកនេះ គឺជាមហាកិត្តិយសសម្រាប់ប្រវត្តិសាស្ត្រនៃគ្រួសារ ញឹក ដែលមានចំពោះខេត្តបាត់ដំបងនេះ។

នាមេសា ឆ្នាំ១៩៤៨ លោក ញឹក ជូឡុង ត្រូវបានតែងតាំងជាតំណាងរដ្ឋាភិបាលប្រទេសកម្ពុជា ជាមួយនឹងឧត្ដមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិរបស់ប្រទេសបារាំងឥណ្ឌូចិន។ បន្ទាប់មកនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៤៩ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ បានតែងតាំងលោកជាមេបញ្ជាការកងទ័ពខេមរភូមិន្ទ។ នៅចុងខែធ្នូ ឆ្នាំ១៩៤៩ លោកបានលាចេញពីតំណែងនេះ ដោយសារលោកបានតែងតាំងម្ដងទៀតឲ្យធ្វើជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ប្រចាំឧត្ដមស្នងការ នៅសាធារណរដ្ឋបារាំង ជំនួសលោក ទ្រឿង កាង។

នៅខែឧសភា ឆ្នាំ១៩៥០ លោក ញឹក ជូឡុង ត្រូវបានតែងតាំងជាតំណាងព្រះមហាក្ស័ត្រិយ៍ (អភិបាលខេត្ត) ប្រចាំខេត្តបាត់ដំបង មានឋានៈស្មើរដ្ឋមន្ត្រី។

លោកបានចូលរួមក្នុងគណៈរដ្ឋមន្ត្រីទី១៣ របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីពង្ស (០១ មករា ដល់ ០២ មីនា ១៩៥១) ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងបន្តតំណែងនេះដដែលនៅក្នុងគណៈរដ្ឋមន្ត្រីទី១៤ របស់លោក អ៊ុម ឈាងស៊ុន (០៣ មីនា ដល់ ១៣ ឧសភា ១៩៥១)។ នៅក្នុងគណៈរដ្ឋមន្ត្រីទី១៥ របស់លោក អ៊ុម ឈាងស៊ុន (១៤ ឧសភា ដល់ ១២ តុលា ១៩៥១) លោកគឺជារដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មាន។

នៅក្នុងគណៈរដ្ឋមន្ត្រីទី១៩ របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ (២៩ កក្កដា ដល់ ២២ វិច្ឆិកា ១៩៥៣) លោកបានធ្វើជារដ្ឋមន្ត្រីក្រសួងសាធារណការ និងទូរគមនាគមន៍។ បន្ទាប់មកលោកត្រូវបានតែងតាំងជាអភិបាលក្រុងភ្នំពេញម្ដងទៀត និងបានចូលរួមនៅក្នុងការចរចាជាមួយបារាំងនៅក្នុងការផ្ទេរអំណាចមកឲ្យរាជរដ្ឋាភិបាលកម្ពុជាវិញ (ចុងខែធ្នូ ដើមឆ្នាំ១៩៥៤)។

នៅក្នុងគណៈរដ្ឋមន្ត្រីទី២១ របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ (០៧ មេសា ដល់ ១៧ មេសា ១៩៥៤) លោកធ្វើជារដ្ឋមន្ត្រី ទទួលបន្ទុក ការបរទេស និងសន្និសីទ (សម្រាប់សន្និសីទទីក្រុងស៊ឺណែវ)។

នៅក្នុងគណៈរដ្ឋមន្ត្រីទី២២ របស់សម្ដេច ប៉ែន នុត (១៨ មេសា ដល់ ៣១ កក្កដា ១៩៥៤) លោកធ្វើជារដ្ឋមន្ត្រីទទួលបន្ទុកការពារជាតិ។ លោកត្រូវបានតែងតាំងជាតំណាងឧត្ដមសេនីយយោធានៃប្រទេសកម្ពុជា នៅក្នុងកិច្ចព្រមព្រៀងទីក្រុងស៊ឺណែវ។ លោកជាអ្នកចុះហត្ថលេខាបទឈប់បាញ់ជាមួយឧត្ដមសេនីយវៀតណាម TA QUANG BUU។

នៅខែឧសភា ឆ្នាំ១៩៥៥ លោកត្រូវបានតែងតាំងជាឯកអគ្គរាជទូតព្រះរាជអាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន និងនៅឆ្នាំ១៩៥៧ ប្រចាំសហភាពសូវៀត, ប៉ូឡូញ និងឆេកូស្លូវ៉ាគី។ ត្រឡប់មកប្រទេសកម្ពុជាវិញ នៅឆ្នាំ១៩៥៨។

នៅខែឧសភា ឆ្នាំ១៩៥៥ លោកត្រូវបានតែងតាំងជាឯកអគ្គរាជទូតព្រះរាជអាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន និងនៅឆ្នាំ១៩៥៧ ប្រចាំសហភាពសូវៀត, ប៉ូឡូញ និងឆេកូស្លូវ៉ាគី។ ត្រឡប់មកប្រទេសកម្ពុជាវិញ នៅឆ្នាំ១៩៥៨ គណៈរដ្ឋមន្ត្រីពីឆ្នាំ១៩៥៨ ដល់ ១៩៦២។

នៅក្នុងគណៈរដ្ឋមន្ត្រីទី១០ របស់សម្ដេច ប៉ែន នុត នៃសង្គមរាស្ត្រនិយម (២២ មករា ដល់ ២៩ មេសា ១៩៥៨) លោកគឺជារដ្ឋមន្ត្រីទទួលបន្ទុកមហាផ្ទៃ, សន្តិសុខជាតិ និងព័ត៌មាន។

នៅក្នុងគណៈរដ្ឋមន្ត្រីទី១១ របស់លោក ស៊ឹម វ៉ា នៃសង្គមរាស្ត្រនិយម (៣០ មេសា ដល់ ១០ កក្កដា ១៩៥៨) លោកគឺជាទេសរដ្ឋមន្ត្រី, អនុប្រធានក្រុមប្រឹក្សា, រដ្ឋមន្ត្រីក្រសួងផែនការ, ផលិតកម្ម និងកិច្ចការសេដ្ឋកិច្ច, រដ្ឋមន្ត្រីក្រសួងការងារសាធារណៈ, ទូរគមនាគមន៍ និងទេសចរណ៍។

Untitled 1 57

នៅក្នុងគណៈរដ្ឋមន្ត្រីទី១៣ របស់សម្ដេច នរោត្ដម សីហនុ នៃសង្គមរាស្ត្រនិយម (១៨ កុម្ភៈ ដល់ ១៣ មិថុនា ១៩៥៩), លោកគឺជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, យុត្តិធម៌, ព័ត៌មាន, ផែនការ និងអនាម័យទូទៅ។

នៅក្នុងគណៈរដ្ឋមន្ត្រីទី១៤ របស់សម្ដេច នរោត្ដម សីហនុ នៃសង្គមរាស្ត្រនិយម (១៤ មិថុនា ១៩៥៩ ដល់ ១៩ មេសា ១៩៦០) លោកគឺជារដ្ឋមន្ត្រីក្រសួងសិក្សាធិការ, ផែនការ និងទេសចរណ៍។

នៅក្នុងគណៈរដ្ឋមន្ត្រីទី១៥ របស់លោក ផូ ព្រឿង នៃសង្គមរាស្ត្រនិយម (២០ មេសា ១៩៦០ ដល់ ២៨ មករា ១៩៦១) លោកគឺជារដ្ឋមន្ត្រីក្រសួងផែនការ, ទេសចរណ៍, ផលិតកម្ម, ការងារសាធារណៈ និងទូរគមនាគមន៍។

នៅក្នុងគណៈរដ្ឋមន្ត្រីទី១៦ របស់សម្ដេច ប៉ែន នុត នៃសង្គមរាស្ត្រនិយម (២៩ មករា ១៩៦១ ដល់ ០៦ សីហា ១៩៦២) លោកគឺជារដ្ឋមន្ត្រីក្រសួងរដ្ឋសម្រាប់កិច្ចការបរទេស និងទេសចរណ៍។

នៅខែតុលា ឆ្នាំ១៩៦៦ លោក ញឹក ជូឡុងជំនួស លោក លន់ ណុល ជាប្រមុខកងទ័ព។ នៅឆ្នាំ១៩៦៩ លោកបានចូលនិវត្តន៍ នៅប្រទេសបារាំង និងបានចូលសញ្ជាតិបារាំង។ ក្រោយឆ្នាំ១៩៧០ លោកបានចូលរួមក្នុងចលនាហ្វុនស៊ិនប៉ិច។ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៩៣ លោកត្រូវបានតែងតាំងជាទីប្រឹក្សាព្រះមហាក្ស័ត្រិយ៍។ ហើយនៅក្នុងឆ្នាំ១៩៦៩ លោក ញឹក ជូឡុង បានទទួលគោរម្យងារជា «សម្ដេចចក្រីតេជោធិបតី»។

10620596_751376408317558_6176980881134637409_n

ដោយសារវីរភាពស្មោះស្ម័គ្ររបស់សម្ដេចចក្រីតេជោធិបតី ញឹក ជូឡុង មានចំពោះជាតិ សាសនា មាតុភូមិ និងព្រះមហាក្សត្រនៅឆ្នាំ១៩៦២ តំបន់គិរីរម្យ ត្រូវបានកសាងឡើងជាក្រុងទេសចរណ៍ដោយដាក់ឈ្មោះថា “ក្រុងជូឡុង” ឬហៅថា “បុរីជូឡុង” ដើម្បីផ្ដល់ជាកិត្តិយសដល់លោក ញឹក ជូឡុង។ មូលហេតុដែលក្រុងនេះត្រូវបានកំណត់ឈ្មោះថា ក្រុងជូឡុង ព្រោះលោក ញឹក ជូឡុង នៅពេលនោះគីជាសកម្មជនម្នាក់ដ៏សំខាន់ក្នុងការរួមវិភាគទាន និងចលនាប្រជាជន ដើម្បីស្ថាបនាទីក្រុងទេសចរណ៍ដ៏ប្រណិតនេះឡើង។

គួរឱ្យដឹងផងដែរថា លោក ញឹក ជូឡុង ទទួលមរណភាពនៅទីក្រុងហុងកុង នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ១៩៩៦៕

ប្រភពអត្ថបទ៖ មរតកកម្ពុជា

៧ Copy

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក