សង្គ្រាមជប៉ុន-ចិន-រុស្សី លើទឹកដីឧបទ្វីបកូរ៉េ (ឆ្នាំ១៨៩៤-១៨៩៥) ដង្ហើមដំបូងនៃចលនាអំណាចអាណានិគមនិយមរបស់ជប៉ុន

សង្គ្រាមជប៉ុន-ចិន-រុស្សី នាចុងសតវត្សរិ៍ទី១៩ នេះបានត្រូវគេហៅថា The First Sino-Japanese War គឺជាចលនាដង្ហើមដំបូងនៃការឈ្លានពានរបស់ពួកជប៉ុន មុនចូលទៅកាន់កាប់ប្រទេសចិន បន្តចូលមកដាក់អាណានិគមដល់តំបន់អាស៊ីអាគ្នេយ៍ទៀតនោះ។

ជារួមទៅ! ទិសដៅតែមួយនៃការឈ្លានពានរបស់ជប៉ុន មកឧបទ្វីបកូរ៉េ នាពេលនោះព្រោះបើគិតតាមភូមិសាស្ត្រ ឧបទ្វីបកូរ៉េ គឺនៅទីតាំងជិតប្រទេសជប៉ុនជាងគេ។ ដើមហេតុដំបូងនាអំឡុងឆ្នាំ១៨៧៦ ជប៉ុនបានបង្ខំឲ្យមេដឹកនាំឧបទ្វីបកូរ៉េ ចុះហត្ថលេខាឲ្យជប៉ុនមានឳកាសបញ្ជូនទ័ពពួកគេ ចូលមកទឹកដីឧបទ្វីបកូរ៉េ ដោយក្នុងគោលដៅធ្វើសកម្មភាពជួយរំដោះជាតិកូរ៉េ ឲ្យគេចផុតពីការឈ្លានពានរបស់ពួកចិន។

ជាក់ស្តែងប្រាកដមែន នាអំឡុងដើមឆ្នាំ១៨៩០ ចលនារំដោះជាតិរបស់កូរ៉េ បានកើតឡើងងើបបះបោរប្រឆាំងនឹងពួកចិន ដែលជារឿយៗ តែងតែមកជ្រៀតជ្រែក ព្យាបាទលើទឹកដីពួកគេ ប៉ុន្តែការបះបោរអំឡុងពេលនោះ តែងតែត្រូវកងទ័ពចិនបង្ក្រាបបានជានិច្ច។ ឃើញឳកាសល្អបែបនេះ ជប៉ុន បានយកលេសចូលរួមជួយកូរ៉េក្នុងចលនារំដោះជាតិនោះ ដោយបានបញ្ជូនទ័ពរបស់ពួកគេមកទាំងកងពលៗ តែម្តង ក្នុងឆ្នាំ១៨៩៤។

ដោយសារអំណាចនៃកងទ័ពជប៉ុនខ្លាំងក្លា ខណៈចិនកំពុងមានសង្គ្រាមស៊ីវិល ប្រឆាំងរបបរាជានិយមម៉ាន់ជូរីស្រាប់ផង  សង្គ្រាមរវាងកងទ័ពជប៉ុន និងកងទ័ពចិន បានប្រព្រឹត្តឡើងលើទឹកដីឧបទ្វីបកូរ៉េ មិនដល់១ឆ្នាំពេញលេញផង ចិនក៏យល់ព្រមលើកទង់ជ័យស ចុះចាញ់សង្គ្រាម ដោយបានចុះហត្ថលេខាសន្តិភាពមួយនាទីក្រុង ស៊ីម៉ូណូសេគី ប្រទេសជប៉ុន ដោយប្រទែសចិនយល់ព្រមទទួលស្គាល់ឯករាជ្យភាពរបស់ឧបទ្វីបកូរ៉េ ព្រមទាំងបានប្រគល់កោះតៃវ៉ាន់ និងទីប្រជុំកោះមួយចំនួនទៀត ឲ្យទៅជប៉ុនគ្រប់គ្រង ហើយថែមទាំងយល់ព្រមសងប្រាក់ថ្លៃសង្គ្រាមទៀត។

តាមពិតទៅ ដ្បិតចិនបានដាក់ទទួលស្គាល់ឯករាជ្យភាពរបស់ឧបទ្វីបកូរ៉េ ក៏ដោយក្តី តែធាតុពិត គ្រាន់តែជាការប្រគល់ឧបទ្វីបកូរ៉េ រុញទៅឲ្យជប៉ុន ឈ្លានពាន និងត្រួតត្រាវិញតែប៉ុណ្ណោះ បើទោះបីជាពេលនោះជប៉ុន មិនទាន់ថាខ្លួនចូលមកគ្រប់គ្រងដាក់អាណានិគមជាផ្លូវការក៏ដោយ (ជប៉ុន ដាក់អាណានិគមលើកូរ៉ឆ្នាំ១៩១០)។

ការឈ្លានពានរបស់ជប៉ុន លើទឹកដីឧបទ្វីបកូរ៉េ និងតំបន់ម៉ាន់ជូរី ក៏បង្ករឲ្យរុស្សី លូកដៃចូលផងដែរ ពីព្រោះរុស្សីក៏មានការព្រួយបារម្ភចំពោះចេតនារបស់ជប៉ុន នៅជិតព្រំដែនពួកគេ។ សង្គ្រាមចាប់ផ្តើមផ្ទុះរវាងជប៉ុន និងរុស្សី បានកើតឡើងដោយសារតែ ចិន និងរុស្សី កំពុងតែសាងសង់ផ្លូវរថភ្លើងពីតំបន់ភាគខាងកើតរុស្សី មកកាន់ប្រទេសចិន កាត់តាមតំបន់ម៉ាន់ជូរី ប៉ុន្តែស្រាប់តែជប៉ុនចូលមកត្រួតត្រាតំបន់នោះ ធ្វើឲ្យដំណើរការសាងសង់ត្រូវបានផ្អាកពាក់កណ្តាលទី។

រុស្សី ពុំទាន់នឹងរៀបចំខ្លួនស្រួលបួលផង ស្រាប់តែជប៉ុន បានធ្វើការវាយលុកលើកំពង់ផែ២កន្លែង របស់រុស្សី នៅអំឡុងខែសីហា ឆ្នាំ១៩០៤ ទៅហើយ។ ដើមហេតុនៃ សកម្មភាពទាំងនេះ បានធ្វើឲ្យជប៉ុន ចេះតែបានចិត្តម្តងបន្តិចៗ រហូតដល់ការត្រួតត្រាបានសម្រេចលើឧបទ្វីបកូរ៉េ ហើយបន្តជំរុញចិត្តឲ្យពួកគេ បានអនុវត្តន៍របបយោធានិយម ធ្វើការឈ្លានពានចូលចុះមកភាគខាងត្បូង រហូតដល់គ្រប់គ្រងបានស្ទើរតែទាំងស្រុងក្នុងតំបន់អាស៊ីអាគ្នេយ៍ មុនបញ្ជប់សង្គ្រាមលោកលើកទី២៕

ក្នុងស្រុករក្សាសិទ្ធ