ឧបទ្វីបកូរ៉េក្រោមការគ្រប់គ្រងរបស់ជប៉ុន (១៩១០-១៩៤៥)និងមូលហេតុកូរ៉េត្រូវបែងចែកជាពីរដល់សព្វថ្ងៃ

បច្ចុប្បន្នក្នុងសកលោក មនុស្សជាតិចងចាំមិនភ្លេចទេនូវឥទ្ធិពល និងមហិច្ឆតារបស់ប្រទេសជប៉ុន នៅអំឡុងសង្គ្រាមលោកលើកទី២។ ជាជាក់ស្តែង ឧបទ្វីបកូរ៉េ គឺជាទីតាំងដែលជប៉ុនធ្វើការជ្រៀតជ្រែកដំបូងគេ នេះក៏ដោយសារតែភូមិសាស្ត្រនៅជិតប្រទេសមួយនេះជាងគេផងដែរ។

ប៉ុន្តែបើសិក្សាលម្អិតទៅលើប្រវត្តិសាស្ត្រ ជប៉ុនធ្លាប់ធ្វើការឈ្លានពានលើមកក្នុងឧបទ្វីបកូរ៉េដំបូង តាំងពីឆ្នាំ១៥៩០ ម្តងរួចមកហើយ ប៉ុន្តែត្រូវបរាជ័យ។ ការចូលមកគ្រប់គ្រងដាក់អាណានិគមលើឧបទ្វីបកូរ៉េបានកើតឡើងសម្រេច នៅពេលដែលជប៉ុនបានក្លាយជាមហាអំណាចឈ្លានពាន នៅដើមសត្សវត្សរិ៍២០ ពោលពួកទាហានជប៉ុន បានចូលមកដល់ទឹកដីឧបទ្វីបកូរ៉េជាផ្លូវការនៅក្នុងឆ្នាំ១៩១០ ហើយពេលនោះក៏បានធ្វើការទម្លាក់ព្រះអង្គម្ចាស់ GoJong របស់ប្រទេសកូរ៉េថែមទៀតផង។

ដើមហេតុនៃវត្តមានរបស់កងទ័ពជប៉ុន លើទឹកដីឧបទ្វីបកូរ៉ នៅពេលដែលជប៉ុនបានច្បាំងឈ្នះលើពួកចិន និងពួករុស្សី ខណៈឯទឹកដីកូរ៉េគឺស្ថិតនៅទីតាំងកណ្តាលនៃប្រទេសទាំង៣ (ចិន/រុស្សី/ជប៉ុន) ផងនោះ ដូច្នេះគឺពិតជាពិបាកក្នុងការគេចផុតពីនឹមអាណានិគមមួយនេះណាស់។ ជប៉ុន មិនត្រឹមតែបញ្ជូនទាហានមកដល់ឧបទ្វីបកូរ៉េនោះទេ សូម្បីតែការគ្រប់គ្រងប្រទេស ផ្នែករដ្ឋបាល វប្បធម៌ ប្រពៃណី ការអប់រំ មន្ទីរពេទ្យ សេដ្ឋកិច្ចជាតិ… គឺត្រូវបានជនជាតិជប៉ុន ជាអ្នកក្តោបក្តាប់ទាំងស្រុង។

ដ្បិតមានពាក្យថា អាណាព្យាបាល តែជប៉ុនបានទាញយកផលប្រយោជន៍ជាច្រើនពីកូរ៉េ ជាពិសេសលើផ្នែកកសិផល និងជំនួញគ្រប់ខ្នាត។ ប្រជាពលរដ្ឋជប៉ុន ប្រមាណ ១០មុឺននាក់បានចូលមករស់នៅលើទឹកដីកូរ៉េ។ ចំណែកស្ថិតិរបស់ប្រជាពលរដ្ឋកូរ៉េវិញ ជាងប្រមាណ៧២មុឺននាក់ ត្រូវបានរាយការណ៍ថាជប៉ុន បានបញ្ជូនឲ្យធ្វើការជាកម្មករនៅប្រទេសជប៉ុន។ នៅក្នុងសម័យសង្គ្រាមលោកលើកទី២ នារីកូរ៉េ រាប់មុឺននាក់ ត្រូវបានចាប់បញ្ជូនទៅឲ្យទាហានជប៉ុន ក្នុងគោលដៅបម្រើដល់ផ្លូវភេទពួកគេ។

លើសពីនេះទៀតសោត ជប៉ុន បានព្យាយាមលុបបំបាត់ប្រពៃណីទំនៀមទម្លាប់ផ្សេងៗ របស់កូរ៉េ ខណៈសូម្បីតែឈ្មោះដើមរបស់កូរ៉េ ក៏ត្រូវអាណាចក្រជប៉ុន បានដាក់ច្បាប់ឲ្យធ្វើការប្តូរឈ្មោះ និងត្រូវរៀនភាសាជប៉ុនរួមផង។ ចូលមកដល់កំឡុងទស្សវត្សរិ៍ឆ្នាំ ១៩៣០ ជប៉ុន បានចេញយុទ្ធសាស្ត្រថ្មី ដោយជ្រើសរើសទឹកដីឧបទ្វីបកូរ៉េ ជាទីតាំងសម្រាប់ផលិតផលឧស្សាហកម្មធុនធ្ងន់ ពីព្រោះងាយស្រួលដឹកយកទៅប្រើប្រាស់នៅជប៉ុន ព្រោះប្រទេសទាំង២ នៅជិតគ្នា។

តែយ៉ាងណាក្តី! ក្រោមរូបភាពនៃការគៀបសង្កត់កាន់តែខ្លាំងឡើងៗ ព្រមទាំងឥទ្ធិពលរបស់ជប៉ុនបានថយចុះម្តងបន្តិចៗ នៅលើឆាកអន្តរជាតិផងនោះ បានបង្ករឲ្យមានអ្នកជាតិនិយមកូរ៉េជាច្រើនរូប ប្រមូលផ្តុំគ្នាបង្កើតក្រុមបក្សពួកទាំងក្នុងប្រទេស និងទាំងក្រៅប្រទេស ដើម្បីផ្តុំគ្នាជាចលនាតស៊ូប្រឆាំងរដ្ឋការជប៉ុន លើទឹកដីពួកគេ។ តាមប្រវត្តិសាស្ត្រ រដ្ឋាភិបាលបណ្តោះអាសន្នមួយរបស់កូរ៉េ ក៏ធ្លាប់បានបង្កើតឡើងនៅក្នុងប្រទេសចិន និងទីក្រុងសៀងហៃ ផងដែរដ្បិតពុំសូវមានការទទួលស្គាល់ជាសកលក៏ដោយ។

នៅអំឡុងឆ្នាំចុងក្រោយ នៃការជិតឈានមកដល់នៃការបញ្ចប់សង្គ្រាមលោកលើកទី២ ពោលគឺពេលដែលមហាសម្ព័ន្ធមិត្ត សហរដ្ឋអាមេរិក សូវៀត អង់គ្លេស បានបើកការតតាំងជាមួយជប៉ុន បានជ្រើសរើសកូរ៉េគឺជាទីតាំងយុទ្ធសាស្ត្រសង្គ្រាមមុនគេសម្រាប់ធ្វើការប្រឆាំងតបទល់។ នៅពាក់កណ្តាលឆ្នាំ១៩៤៥ រុស្សី (សូវៀត) បានប្រកាស សង្គ្រាម និងបញ្ជូនយោធារបស់ខ្លួនមកដល់ឧបទ្វីបកូរ៉េ ទន្ទឹមនឹងនោះផងដែរ សហរដ្ឋអាមេរិក ក៏បានលូកដៃមកដល់ដំណើលគ្នា។

តែជាអកុសលសម្រាប់ជនជាតិកូរ៉េ ក្រោយការដកខ្លួនចេញពីអាណានិគមបានភ្លាម តែដោយសារតែមហិច្ឆតាមនោគមន៍វិជ្ជា ក៏បានធ្វើឲ្យពូជសាសន៍តែមួយ សាច់ឈាមមួយ ឃ្លាតឆ្ងាយពីគ្នា ត្រឹមកំណត់ព្រំដែនខ្សែស្របទី៣៨ ដោយភាគខាងត្បូង មានជំនួយពីសហរដ្ឋអាមេរិក ដែលក្នុងឆ្នាំនោះមានប្រជាជនប្រមាណ១៦លាននាក់ ខណៈភាគខាងជើងគ្រប់គ្រងដោយរុស្សី មានប្រជាជនប្រមាណ៩លាននាក់ ហើយក៏បានបែកចែកកូរ៉េជាពីរទល់សព្វថ្ងៃ៕

ក្នុងស្រុករក្សាសិទ្ធ