តើថ្ងៃសុក្រ​ ទី១៣ ​ជាថ្ងៃអ្វី បានជាមនុស្សភាគច្រើនខ្លាចរអារ និងហៅថាជាថ្ងៃអថ័ន?

តើថ្ងៃសុក្រ​ ទី១៣ ​ជាថ្ងៃអ្វី បានជាមនុស្សភាគច្រើនខ្លាចរអារ និងហៅថាជាថ្ងៃអថ័ន?

ថ្ងៃ​សុក្រ​ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ត្រូវបានបណ្តា​ប្រទេស​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​ទាំង​អស់មានជំនឿពី​មាត់​មួយ​ទៅមាត់​មួយ​ ថាវាជា​ថ្ងៃ​មិន​ល្អ ជួបរឿងស៊យ ជា​ប្រផ្នូល​​​អាក្រក់​ និង​ជា​ថ្ងៃ​​ដែលមាន​​ខ្មោចដើរ​​ចេញ​មក​រាត​ត្បាត​លង​បន្លាច​មនុស្ស​លោក​ ​ ​។ មិន​តែ​ប៉ុណ្ណោះ​ អគារ​​​ធំៗ​ខ្ពស់​ៗ​ជា​ច្រើន​កន្លែង​​​នៅលើ​ពិភព​លោក​​បែរ​ជា​មិនសូវ​មាន​​​ជាន់​ទី១៣​​​​ គឺ​មាន​ត្រឹម​​ជាន់​ទី១២​ ហើយ​ក៏​រំលងទៅ​ដល់​ជាន់​ទី១៤​តែ​ម្តង​ ​ឬក៏យកអក្សរ​ F  ជាតំណាងជាន់ទី១៣ទៅវិញ។ ទោះជាយ៉ាងនេះក្តី ​មនុស្ស​ភាគ​តិច​ណាស់​ដែល​បាន​ដឹង​ពី​ហេតុ​ផល​នៃ​រឿង​នេះ​ ហើយ​ក៏​មិន​សូ​វ​មាន​នរណា​ដឹង​ពី​អត្ថន័យ​ពិត​របស់​ថ្ងៃ​សុក្រ​ទី១៣ដែរ ថា​វា​​ជា​ថ្ងៃ​អ្វី ហេតុអ្វីបានជាវាគួរឱ្យខ្លាចបែបនេះ?

ទាក់ទងនឹងថ្ងៃ​សុក្រ​ទី១៣​នេះ មានរឿងដំណាលមួយត្រូវបានគេនិយាយតៗគ្នាថា អាចទាក់​ទង​ទៅ​នឹង​ជំនឿ​មួយនៃសាសនាគ្រឹស្ត ដោយសារតែ​ព្រះយេស៊ូគ្រឹស្ត ទ្រង់បានទទួលទានអាហារពេលយប់ ចុងក្រោយជាមួយនឹងសាវ័ករបស់ទ្រង់១៣នាក់ បន្ទាប់មកទ្រង់ក៏​ត្រូវ​បានគេចាប់​ខ្លួន​ទៅ​ចង​នៅ​លើ​​ឈើ​ឆ្កាង​​ចំ​​ថ្ងៃ​សុក្រតែម្តង។ ​ ចាប់តាំង​ពី​ពេល​នោះ​​មក​ថា គេជឿថាថ្ងៃ​ណា​ក៏​ដោយ​ឲ្យ​តែ​មាន​មនុស្ស​១៣​នាក់​បរិភោគ​អាហារ​រួម​​តុ​គ្នា​ ​អ្នក​ដែល​ក្រោក​​ចេញ​មុន​គេ​នោះ គឺ​ជា​មនុស្ស​ដំបូង​ដែល​ត្រូវ​ស្លាប់​។ តែទោះជាយ៉ាងនេះក្តី វាមិនសមហេតុផលនោះទេ ដែលមនុស្សជាច្រើនជឿថាវាជាថ្ងៃដែលមានខ្មោច មកអុកឡុត ​រាតត្បាត ​និងឆក់យកជីវិតមនុស្សនោះ។ ​ជាពិសេស ​ អ្នកវិទ្យាសាស្ត្របានរកឃើញថា ​ដោយសារតែអបិយជំនឿគួរឱ្យខ្លាចនេះតែម្តងដែលបានធ្វើឱ្យមនុស្សគិតច្រើន ​មានអារម្មណ៍ភ័យខ្លាច ​មិនហ៊ានដើរចេញទៅណា និងស្រមើស្រមៃច្រើនផ្តេសផ្តាស ហើយធ្វើឱ្យបែកសតិអារម្មណ៍​បណ្តាល ឱ្យមនុស្សជាច្រើនជួបរឿងមិនល្អ ​និងមានគ្រោះថ្នាក់ផ្សេងៗនោះ ដែលបង្កមកពីខ្លួនឯងផ្ទាល់។  ​បែបនេះគេហៅថាបំភ័យខ្លួនឯង ​ឬភាពភ័យខ្លាចអាចនឹងធ្វើបាបខ្លួនមនុស្សយើងពិតមែន។

ប៉ុន្តែ លេខ​១៣ មិន​មែន​​​សុទ្ធ​តែ​ជា​គ្រោះអាក្រក់​សម្រាប់​ជន​ជាតិទាំង​អស់​​នៅ​លើ​ពិភព​លោក​នោះទេ​ ព្រោះ​​​មានជំនឿជាច្រើនយល់ថាវាជារឿងល្អទៅវិញ ដោយសារតែមានរឿងហេតុមួយចំនួនដូចជា៖

-ជនជាតិ​អេស៊ីប​ជឿ​ថា​ លេខ​​១៣​ជា​លេខ​​នាំ​លាភ​​សំណាង ដោយសារតែ​ក្នុង​សម័យព្រះចៅ​​ផារ៉ាអុង បានចែងថាជីវិត ​និងវិញ្ញាណ​មាន​​បែង​ចែក​ជា​​១២​ថ្នាក់ ហើយថ្នាក់​ទី១៣​ជា​ជីវិត​អមតៈ​​ក្រោយ​ពេល​ស្លាប់។ ​​​ជំនឿ​នេះ​​បានធ្វើឱ្យប្រជាជនអេហ្ស៊ីបជឿថា លេខ១៣ជាលេខល្អ ​ហើយក៏មិនមានអារម្មណ៍ភ័យខ្លាចនឹងសេចក្តីស្លាប់នោះឡើយ ​ព្រោះពួកគេជឿថា ក្រោយពីស្លាប់​គេនឹងមានជីវិតថ្មីល្អជាងនេះ ​គឺជីវិតអមតៈ។

Loading...

-នៅបណ្តាប្រទេសដទៃដូចជាប្រស៊ីល និងប្រទេសថៃ បានយកថ្ងៃទី ១៣ ឬសុក្រទី១៣  ជាថ្ងៃរៀបចំកម្មវិធីសប្បាយៗអ្វីមួយ ​ឬកម្មវិធីជប់លៀងផ្សេងៗទៀត។

-នៅក្នុងកំណត់ត្រា ​CNN ថ្ងៃសុក្រទី១៣ ​ធ្លាប់មានគូស្នេហ៍ជនជាតិអង់គ្លេសមួយគូ បានឈ្នះរង្វាន់ឆ្នោតជាតិដល់ទៅ ​១៧លានដុល្លាឯណោះ។

-ហើយសម្រាប់ថ្ងៃសុក្រ ​ទី ​១៣ ​ខែកញ្ញា ​ឆ្នាំ ​២០១៩នេះ ​គឺចំថ្ងៃសែនព្រះខែ ​គឺជាថ្ងៃល្អជួបជុំគ្រួសារកាត់ខ្សែចិន ​រួមទាំងប្រទេសដែលប្រើប្រាស់ភាសាចិនចូលរួមអបអរសាទរថ្ងៃព្រះចន្ទពេញវង់ទាំងអស់គ្នា។

ដូច្នេះសរុបចុងក្រោយ លេខ​១៣​ គឺជា​លេខ​អថ័នដែលផ្តល់សំណាងអាក្រក់មែន​ ឬ​មិន​មែន​នោះ គ្មាន​នរណា​អាច​ពិសោធ​បាន​ទេថាវាជាការពិត ឬក៏អត់ ​ព្រោះវាអាស្រ័យលើជំនឿ និងការគិតរបស់មនុស្ស ម្នាក់ៗ ជឿ ឬមិនជឿលោកអ្នកអាចពិចារណាបានដោយខ្លួនឯង៕

ប្រភព៖ ​ពោតផ្ទុះ-PopcornKH (Admin_Scarlet W.)

Loading...