ពេលខ្លះស្នាមញញឹមដែលគេមើលឃើញ មិនមែនសុទ្ធតែជាក្ដីសុខពិតប្រាកដឡើយ

ពេលខ្លះស្នាមញញឹម ដែលអ្នកដទៃមើលមក ហាក់ដូចជាមានក្ដីសុខខ្លាំងណាស់ តែតាមការពិត វាមិនដូចការគិត និងការមើលឃើញរបស់គ្រប់គ្នាឡើយ។

មិនមែនគ្រប់អារម្មណ៍ សុទ្ធតែអាចបញ្ចេញឱ្យគ្រប់គ្នាបានឃើញ មិនមែនគ្រប់រឿងដែលចង់និយាយ សុទ្ធតែអាចនិយាយប្រាប់គ្រប់គ្នា ទៅតាមអារម្មណ៍ ដែលចង់បញ្ចេញនោះទេ។ ពេលខ្លះ រឿងខ្លះ បញ្ហាខ្លះ អារម្មណ៍ខ្លះ គឺបានត្រឹមតែលាក់ទុកតែម្នាក់ឯង ក្រោមស្នាមញញឹមក្លែងក្លាយតែប៉ុណ្ណោះ។

គ្មានអ្វីដែលពិបាកជាងការដែលត្រូវលាក់បាំងនូវអារម្មណ៍តែម្នាក់ឯងនោះឡើយ ពេលខ្លះ គឺត្រូវបង្ខំចិត្តឱ្យញញឹម ទាំងដឹងថាខ្លួនឯងកំពុងតែពិបាកក្នុងចិត្ត។ ពិបាកបំផុត ពេលដែលពិបាក ហើយត្រូវប្រាប់គេថា មិនអីទេ បញ្ជាមាត់ឱ្យញញឹម បង្ខំមាត់ឱ្យបិទ ប្រឹងលាក់ការពិតដែលខ្លួនកំពុងតែជួបប្រទះ ដឹងទេថាវាពិបាកណាស់ គឺពិបាកទ្រាំ ពិបាកទប់ទឹកភ្នែកកុំឱ្យហូរ នៅចំពោះមុខគេ ព្យាយាមធ្វើជាមនុស្សរឹងមាំ ទាំងដែលខ្លួនឯងកំពុងតែដុនដាប ... ។

អារម្មណ៍មួយនេះ ទោះប្រឹងនិយាយប្រាប់គេបែបណា ពន្យល់គេបែបណា ក៏នៅតែមិនអាចឱ្យគេយល់បានដែរ ព្រោះគេមិនមែនយើង​ មានតែមនុស្សដែលធ្លាប់ឆ្លងកាត់ ឬស្ថិតក្នុងដំណាក់កាលនេះទេ ទើបដឹងថា វាលំបាកប៉ុនណា វាពិបាកលាក់បាំងកម្រិតណា៕

993008_045

Hqdefault

អត្ថបទ​ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ