ប្រការដែលគួរជៀសវាង ដើម្បីការពារបញ្ហាឆ្អឹងខ្នងរបស់អ្នកដែលមនុស្សគ្រប់គ្នាមើលរំលង

ឥរិយាបថប្រចាំថ្ងៃរបស់អ្នកអាចធ្វើអោយប៉ះពាល់ឆ្អឹងខ្នងរបស់អ្នក ដែលអ្នកគួរតែជៀសវាង ដើម្បីកុំអោយមានការឈឺចាប់ ឬ មានការខូចខាតឆ្អឹង ព្រោះតែពីមួយថ្ងៃ ទៅ មួយថ្ងៃ គឺមានអ្នកជម្ងឺច្រើនដែលមានបញ្ហាទៅនឹងឆ្អឹងខ្នង។ ដូច្នេះយើងនឹងធ្វើការបង្ហាញអំពីប្រការគួរចៀសវាងដូចខាងក្រោម៖

១. ជៀសវាង អង្គុយកោងខ្នង

អ្នកដែលអង្គុយ កោងខ្នង ជាប្រចាំដូចជា អង្គុយធ្វើការមុខកុំព្យូទ័រមួយថ្ងៃច្រើនម៉ោងរាល់ថ្ងៃនោះ ឆ្អឹងកងខ្នង នឹង ចាប់កោងខុសទ្រង់ទ្រាយបន្ទាប់ពីនោះ អាស៊ីត ឡាក់ទិក ក្នុងចរន្តឈាម និង ទៅត្រង់ផ្នែកកោងនៃឆ្អឹងនោះ ធ្វើឲ្យមានការឈឺឆ្អឹងខ្នងរ៉ាំរ៉ៃ នាពេលក្រោយ។

២. ជៀសវាងឈរកោងខ្នង

ឥរិយាបថឈរ ដែលល្អបំផុត គឺឈរត្រង់ខ្លួន ខ្នងត្រង់។ នឹងជួយរក្សាជួរឆ្អឹងកងខ្នង ប៉ែកខាងក្រោម មិនអោយ​កោងចេញ ដែលធ្វើមិនអោយឈឺខ្នង ថែមទាំងធ្វើអោយមើលទៅមានបុគ្គលិកលក្ខណៈល្អទៀតផង។

៣. ជៀសវាងអង្គុយពាក់កណ្ដាលគូថ

កៅអីនីមួយៗ បានរចនាម៉ូដ ដើម្បីអោយអង្គុយបាន ពេញគូថ ប៉ុន្តែបើអ្នកអង្គុយទំលើកៅអី ពាក់កណ្ដាលគូថទៅវិញនឹងធ្វើអោយសាច់ដុំ ឆ្អឹងខ្នង ត្រូវប្រឹងដើម្បីទទួលទម្ងន់ខ្លាំងជាងមុន ដែលបណ្ដាលអោយឈឺឆ្អឹងខ្នង ចុករោយ ឆ្អឹងខ្នង។

៤.  ជៀសវាង កើយខ្នើយ រឹង ឬ ទន់ពេក

កុំកើយខ្នើយដែលរឹង ឬ ទន់ពេក ព្រោះវាធ្វើអោយប៉ះពាល់ដល់ឆ្អឹងកង ក នឹង ខ្នង។​ក្រៅពីនេះគួររកខ្នើយស្ដើង​មកទ្រាប់ នៅខាងក្រោយចង្កេះ ដើម្បីបន្ថយភាពកោងនៃឆ្អឹងខ្នង បើគ្មានខ្នើយអាចប្រើវិធីគេងផ្អៀង ដោយគងជើងលើ ខ្នើយឳប ក៏អាចរក្សាលំនឹង​ អោយឆ្អឹងខ្នងបានដែរ។

៥. ជៀសវាង ប្រើស្បែកជើងកែងខ្ពស់

ប្រសិនបើអ្នកចង់លើកកម្ពស់ដោយសារការប្រើស្បែកជើងកែងចោទនោះ កម្ពស់កែងស្បែកជើងមិនគួរលើសពី ៥ ស.មនោះទេ។ ព្រោះបើពាក់ស្បែកជើងខ្ពស់ជាងនេះនឹងធ្វើអោយខ្នងប៉ែកខាងក្រោមអែនខ្លាំង បណ្ដាលឲ្យឈឺខ្នងបាន។

៦. ជៀសវាងស្ពាយកាបូបតែស្មាម្ខាង

បើទម្ងន់ស្ពាយ ផ្អៀងទៅតែស្មាម្ខាង នឹង ធ្វើអ្វើអោយទ្រងទ្រាយរបស់ឆ្អឹងខ្នងមានការប្រែប្រួល ធ្វើអោយឆ្អឹងកងខ្នងអាចកោងបាន។ ដូច្នេះអ្នកគូរស្ពាយកាបូប លើស្មាទាំងសងខាង ឆ្លាស់គ្នាទៅមក ដើម្បីរក្សាតុល្យភាពរបស់ឆ្អឹងកងខ្នង។

៧. ជៀសវាងគេងរួញខ្លួន អង្កុញជើង

ក្នុងមួយយប់ៗ អ្នកប្រើពេលគេងសម្រាកមិនតិចជាង៦ម៉ោងទេ ហើយប្រសិនបើអ្នកគេង ដែលមានឥរិយាបថរួញខ្លួនពេញមួយយប់ មិនយូរប៉ុន្មាន ឆ្អឹងកងខ្នង នឹងចាប់ផ្ដើម វៀចកោង នឹងមានការឈឺខ្នងនាពេលបន្ទាប់។ ឥរិយាបថគេង​ដែលល្អបំផុត គឺគេងផ្ងារ សណ្ដូកខ្លួនអោយត្រង់ ដើម្បីអោយឆ្អឹងខ្នង នឹង ក អោយស្ថិតនៅលើបន្ទាត់តែមួយ។

៨. ជៀសវាងអង្គុយឳបដៃ

បើក្រៅពី ឥរិយាបថនេះ មិនគួរមានផលប៉ះពាល់អ្វីទេ ប៉ុន្តែតាមពិត នៅពេលដែលអ្នកឳបដៃ ឆ្អឹងខ្នង​ប៉ែកខាងលើ ត្រង់ស្លាបប្រចៀវ នឹង ​ស្មា នឹង ត្រូវកម្លាំងទាញឲ្យកោងចូលរកគ្នា ចំណែកឆ្អឹងកង​ ក នឹង ហុចទៅខាងមុខ ជាឥរិយាបថដែលប៉ះពាល់ដល់ឈាមរត់មិនល្អ ត្រង់បរិមាណនោះ ធ្វើអោយដៃខ្សោយកម្លាំង ឬ ស្ពឹកស្រពន់បាន។

៩. ជៀសវាងដាក់ទម្ងន់ខ្លួន ទៅលើជើងម្ខាងៗ

ការឈរជើងម្ខាង នឹង ធ្វើអោយឆ្អឹងកង ក មួយចំហៀងនោះ (ស្ដាំ ឬ ឆ្វេង) ត្រូវធ្វើការខ្លាំងជាង ធម្មតាធ្វើអោយមានផលអាក្រក់ដល់ឆ្អឹងកងខ្នង ឬ ឆ្អឹងសន្លាក់ដែលនៅជុំវិញបរិវេណនោះ។

១០. ជៀសវាងអង្គុយគងអន្ទាក់ខ្លា

ទៅបីជាការអង្គុយទៅធ្វើឲ្យអ្នកមានអារម្មណ៍ថាឡួយ ឬ ស្រួលខ្លួនក្ដី ប៉ុន្តែផលវិបាកនៃការគងអន្ទាក់ខ្លា ក៏មិនតិចដែរព្រោះនៅក្នុងពេលអ្នក អង្គុយបែបនេះឆ្អឹង ត្រូវទាញឲ្យកោង ហើយទម្ងន់ខ្លួននឹងទៅផ្គុំទៅលើឆ្អឹងត្រគាក តែម្ខាងយូរៗទៅ អាចបណ្ដាលឲ្យឆ្អឹងវៀចបាន។