ទោះមិនបានជាជំនួយ សុំត្រឹមស៊ែរចែករំលែក! លោក ស្រេន ​វុធថា ចំណាយពេលការងារសិល្បៈផ្ទាល់ខ្លួន មកជួយសង្គមគួរឱ្យសរសើរខ្លាំង!

ភ្នំពេញ៖ លោក ស្រេន វុធថា ត្រូវបានគេគ្រប់គ្នាស្គាល់ថា ជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូប ដែលមានអតីតភាពជាហ្វ្រេសស៊ីប៊យមួយរូប រហូតឈានបោះជំហានក្នុងវិស័យសិល្បៈ ថែមទាំងបានពុះពារឆ្លងកាត់ឧបសគ្គជាច្រើនពីការងារសម្តែងតូចៗ រហូតដល់បានតួលេចធ្លោនាពេលបច្ចុប្បន្ន។

បើទោះបីជាមានឈ្មោះបោះសម្លេង និងមានការមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈយ៉ាងណាក្តី លោក ស្រេន វុធថា ជារឿយៗត្រូវបានគេឃើញថាជាតារាមួយរូប ដែលមិនប្រកាន់ខ្លួននោះទេ ដោយលោកបានចូលរួមការងារសង្គមជាញឹកញាប់ ជាពិសេសគឺការជួយប្រមូលសំរាមនៅតំបន់ប្រឡាយទឹកស្អុយបឹងត្របែកថ្មីៗនេះ រួមទាំងការងារសង្គមចុះជួយជនចាស់ជរា និងជនទីទាល់ក្រលំបាកជាច្រើនយ៉ាងគួរឱ្យសរសើរ។

F 2 25

71942842_2565699553519420_2853710776953208832_o

តាមរយៈការផ្តល់បទសម្ភាសជាមួយ « ក្នុងស្រុក » លោក ស្រេន វុធថា បានរៀបរាប់យ៉ាងលម្អិតថា លោកពេញចិត្តនឹងការងារក្នុងសង្គម ជាពិសេសគឺការជួយចាស់ជរា ដោយសារតែលោកមើលឃើញចាស់ជរាជាច្រើនសុទ្ធតែគ្មានទីពឹង គ្មានកូនចៅ លំបាកវេទនាខ្វះមុខខ្វះក្រោយ និងគ្មានកូនចៅថែរក្សា ហើយការជួយនេះទោះបីជាតិចតួចក្តី វាក៏អាចជួយឱ្យពួកគាត់អាចចិញ្ចឹមជីវិត និងដោះស្រាយជីវភាពបានមួយគ្រាដែរ ដោយនេះជាទឹកចិត្តនឹកអាណិតរបស់លោកផ្ទាល់។

ដោយសារតែហេតុផលបែបនេះហើយ លោក ស្រេន វុធថា បានសម្រេចចិត្តប្រមូលគ្នាជាក្រុម ៣ ទៅ ៤ នាក់ធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីស្វែងរកជំនួយពីសប្បុរសជននានា ដែលមានទឹកចិត្ត និងធនធានជួយតែគ្មានពេលវេលាគ្រប់គ្រាន់។ ​ពោលក្រៅពីចង់ជួយដលជនដែលខ្វះខាត ​ក្រុមលោកគឺជាអ្នកជួយសម្រួល ដល់អ្នកដែលមានចិត្តចង់ជួយតែគ្មានពេលវេលានឹងចុះជួយដោយផ្ទាល់ ​ដោយលោកនឹងជួយនាំយកជំនួយដោយផ្ទាល់ទៅដល់ទីតាំង ទោះបីជានៅទីជិតក្តី ​ឆ្ងាយក្តីយ៉ាងណាក៏ដោយ។

ចំពោះព័ត៌មាននៃការផ្សព្វផ្សាយនៃការស្វែងរកជំនួយ និងជនដែលខ្វះខាត លោក ស្រេន វុធថា បានរៀបរាប់បន្តថា លោកមានបណ្តាញ និងបងប្អូនមួយចំនួននៅតាមភូមិឃុំនានា ដែលជួយផ្តល់រូបភាព និងព័ត៌មានានាមកកាន់លោក ដើម្បីបង្ហោះផ្សព្វផ្សាយ ហើយពេលដែលទទួលបានជំនួយហើយលោកនឹងទាក់ទងទៅភូមិឃុំនោះ និងចុះយកជំនួយដោយផ្ទាល់ដោយមិនបាត់ទឹកចិត្តរបសម្ចាស់ជំនួយសូម្បីតែមួយកាក់មួយសេននោះទេ។

ជាចុងក្រោយ លោក ស្រេន វុធថា បានសំណូមពរឱ្យអ្នកលេងបណ្តាញសង្គម និងបងប្អូនទាំងអស់ សូមជួយចែករំលែកក្តីស្រលាញ់ និងជួយដល់ជនដែលខ្វះខាតទុរគតផង ទោះមិនបានជួយជាធនធាន ឬថវិកាក្តី តែសូមត្រឹមជួយស៊ែរជាដំណឹងដល់អ្នកដទៃដែលមានធនធាន អាចផ្តល់ជាជំនួយដល់ពួកគាត់ក៏បានដែរ។

គួរឱ្យដឹងផងដែរថា លោក ស្រេន វុធថា តែងតែបង្ហោះនូវព័ត៌មានអំពីជនដែលខ្វះខាត និងត្រូវការជំនួយផ្សេងៗទៅលើគណនីហ្វេសប៊ុករបស់លោកផ្ទាល់ឈ្មោះ  ស្រេន វុធថា និងផេកហ្វេសប៊ុក ស្រេន វុធថា -Actor". ដូច្នេះ ប្រសិនជាមានសប្បុរសជនណាដែលមានទឹកចិត្ត និងចង់ផ្តល់ជំនួយដល់ជនចាស់ជរាទីទាល់ក្រ លំបាក និងវេទនាគ្មានទីពឹង លោកអ្នកអាចធ្វើការទាក់ទងទៅគណនីហ្វេសប៊ុក និងហ្វេសប៊ុកផេក របស់លោក ស្រេន វុធថា ផ្ទាល់ ឬក៏អាចផ្ញើការបរិច្ចាកតាមរយៈគណនីធនាគារ ABA: SREN VUTHA 001107217 ឬតាមរយៈលេខទូរស័ព្ទ 081 60 68 68 ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

72752406_2478788085684176_1944868647415578624_o

74503146_2500305583532426_5792528182007562240_o

74481895_2640618039360904_1859319160941576192_o

75435887_2640535626035812_7045441782305259520_o

73482765_2630857673670274_2579845747851657216_o

4

3

2

1