E-commerce ក្តីស្រមៃដ៏សែនឆ្ងាយ … សម្រាប់កម្ពុជា

ដូចយើងសង្កេតឃើញហើយថា វិស័យបច្ចេកវិទ្យាកំពុងរីកចំរើនយ៉ាងខ្លាំងខ្លាគួរអោយកត់សម្គាល់នៅក្នុងរយៈពេលថ្មីៗនេះ។ បើផ្អែកតាមរបាយការណ៍ Hootsuite កាលពីខែ មករា ឆ្នាំ ២០១៩ កម្ពុជាមានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រហែល ១២,៥ លានអ្នក ដែលនេះគឺជាសក្តានុពលដ៏ធំសម្រាប់វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) ទិញដោះដូរទំនិញតាមអនឡាញ។

ថ្មីៗនេះ ក្រុមការងារក្នុងស្រុក (Knongsrok) បានសំភាសជាមួយលោក ប្លង់ ផល្លា ជាសហស្ថាបនិក បាយឡូយ (Buyloy.com) ដើម្បីស្វែងយល់ពីនិន្នាការវិស័យ E-commerce នៅកម្ពុជា។ 

Image1

បាយឡូយត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ដែលជាទីផ្សារលក់ទំនិញតាមអនឡាញដ៏ទុកចិត្តមួយនៅកម្ពុជា និងមានសេវាដឹកជញ្ជូនផលិតផលដល់អតិថិជន គ្របដណ្តប់ ២៥ ខេត្តក្រុងទូទាំងប្រទេស។ 

Image2

បច្ចុប្បន្ន បាយឡូយមានលក់ទំនិញមិនតិចជាង ១០០០​ មុខ ដូចជាសៀវភៅ សម្ភារះផ្ទះបាយ អេឡិចត្រូនិក គ្រឿងសំអាង និងផលិតផលផ្សេងៗ ហើយពួកគេនឹងបន្ថែមផលិតផលជាច្រើនទៀត ជាបន្តបន្ទាប់។​ 

Unnamed

តើបាយឡូយមានសកម្មភាពអ្វីខ្លះ? ចុះវិស័យ E-commerce នៅកម្ពុជាដើរដល់ណាហើយ? តោះមកស្តាប់ការសំភាសន៍របស់ក្រុមការងារក្នុងស្រុក ជាមួយ លោក ផល្លា ទាំងអស់គ្នា៖

១ - តើអ្វីជាបញ្ហាប្រឈមមុខចម្បងក្នុងវិស័យ E-commerce នៅកម្ពុជា?

បញ្ហាពិតមានជាច្រើនរាប់មិនអស់ ដោយសារវិស័យនេះគឺថ្មីសម្រាប់កម្ពុជា ខណះប្រទេសគេដូចជាប្រទេសថៃជិតខាងយើង គេដើរទៅមុខយើងមិនតិចជាង ១០ឆ្នាំទេ ប៉ុន្តែនៅមិនទាន់រីកសុះសាយខ្លាំង។​ ហើយបើយើងក្រលេកមើលប្រទេសជឿនលឿនដូចជាសហរដ្ឋអាមេរិច គេចាប់ផ្តើមរៀបចំបញ្ជូនមនុស្សទៅភពព្រះអង្គារ រួចទៅហើយ។

បញ្ហាចម្បង គឺប្រជាជនយើងមិនទាន់ត្រៀមខ្លួន ឬយល់ច្បាស់ពីបច្ចេកវិទ្យាបញ្ជាទិញទំនិញតាមគេហទំព័រ ឬកម្មវិធីទូរស័ព្ទ (Mobile App) ដោយសារពួកគាត់ភាគច្រើននៅតែមានទម្លាប់ទៅទិញផ្ទាល់នៅហាងដែលអាចមើលផ្ទាល់នឹងភ្នែក និងជឿទុកចិត្តជាង។​

២ - តើបាយឡូយបានធ្វើអ្វីខ្លះ ដើម្បីជួយដោះស្រាយបញ្ហាខាងលើនេះ?

ចំនុចសំខាន់មួយចំនួនដែលយើងកំពុងតែធ្វើ គឺបង្កើនទំនុកចិត្តដល់អតិថិជនឲ្យកាន់តែច្រើនជាងមុន តាមរយៈការជ្រើសរើសដៃគូផ្គត់ផ្គង់ទំនិញដែលទុកចិត្ត ​ពិនិត្យមើលគុណភាពទំនិញមុននឹងអាចដាក់លក់នៅលើគេហទំព័របាយឡូយ ហើយអតិថិជនអាចប្រគល់ទំនិញត្រលប់មកវិញ បើពួកគេមិនពេញចិត្ត (នូវអ្វីដែលមើលតាមអនឡាញ និងទំនិញដឹកដល់ដៃជាក់ស្តែង)។​

មិនត្រឹមតែបាយឡូយទេដែលកំពុងចូលរួមដោះស្រាយបញ្ហា E-commerce នេះ ប៉ុន្តែក៏មានក្រុមហ៊ុនផ្សេងៗ ក្រសួងពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាលជាច្រើនទៀត ។ ពួកយើងបន្តធ្វើ បន្តដោះស្រាយ ដើម្បីជួយបង្តើនសេដ្ឋកិច្ចឌីជីថលកម្ពុជាឲ្យកាន់តែលឿន ងាយស្រួល និងទុកចិត្តជាងមុន។​ឧទាហរណ៍៖ ថ្មីៗកម្ពុជាទើបមានច្បាប់ជាផ្លូវការស្តីពី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក” ។​

Unnamed (1)

ទាយឯកសារច្បាប់ (ទាញយក ទីនេះ)៖ 

បើពួកយើងទាំងអស់ រួមគ្នាធ្វើបានជោគជ័យ នោះយើងមិនត្រឹមតែអាចជួយលក់ទំនិញក្នុងទីផ្សារកម្ពុជានោះទេ ប៉ុន្តែថែមទាំងជួយលក់ផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិបានទូលំទូលាយផងដែរ។​ 

៣ - តើលោកមានអ្វីចង់ចែករំលែកទៅកាន់អ្នកចង់រកស៊ីក្នុងវិស័យ E-Commerce នេះ?

វាពិតជាមានហានិភ័យខ្ពស់ ប៉ុន្តែនៅពេលអនាគត (ក្នុងរយៈពេលវែង) លទ្ធផលជាផ្លែផ្កាគឺនឹងធំធេង។ អ្នកចង់ចូលនៅក្នុងវិស័យនេះ ត្រូវតែមានចក្ខុវិស័យច្បាស់លាស់និងវែងឆ្ងាយ មានភាពអំណត់ខ្ពស់បំផុតពីព្រោះនៅក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំ ប្រហែលជាមិនទាន់ជោគជ័យជាធំដុំកំភួននៅឡើយទេ ហើយត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ដើម្បីបង្កើតផលិតផលបច្ចេកវិទ្យាថ្មីៗបំពេញតម្រូវការអតិថិជនទាន់ពេលវេលា ពីព្រោះបច្ចេកវិទ្យារត់ទៅមុខលឿនបំផុត។

គួរគត់សំគាល់ផងដែរថា ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ឡាយព្រះហត្ថខា នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ថ្មីៗនេះ។