Ads
ស្ទើរតែបាត់បង់ទៅហើយ!  តោះ មកដឹងពី ប្រវត្តិកំណើតនៃសិល្បៈល្ខោននិយាយខ្មែរ

ស្ទើរតែបាត់បង់ទៅហើយ! តោះ មកដឹងពី ប្រវត្តិកំណើតនៃសិល្បៈល្ខោននិយាយខ្មែរ

បើយើងសាកល្បងពឹងផ្អែក ឬយោងលើការនិទានរឿង ពិសេសរឿងរាមកេរ្តិ៍ ដែលជាប្រភេទទេវកថារៀបរាប់អំពីមហិទ្ធិឫទ្ធិព្រះរាម អវតារ ព្រះនារាយណ៍ ដែលសិល្បករតែម្នាក់សម្តែងជាពាក្យសម្តីធ្វើត្រាប់ជំនួសឱ្យតួអង្គជាច្រើនក្នុងសាច់រឿង… ឬយោងទៅលើព្រះធម៌ទេសនា ឬយោងទៅលើទម្រង់សិល្បៈស្បែកតូចហៅអាយ៉ង ដែលក្រៅពីបទភ្លេង និងទំនុកច្រៀងនៅមានពាក្យសម្តីនិយាយឆ្លើយឆ្លងគ្នាយ៉ាងច្រើនក្នុងពេលសម្តែង ម្តងៗនោះ យើងអាចសន្និដ្ឋានបានថា ទម្រង់ល្ខោននិយាយមានដើមកំណើតពីយូរលង់ណាស់មកហើយនៅប្រទេសកម្ពុជា ប៉ុន្តែទម្រង់នេះមិនសូវបានរីកចម្រើនឡើយ ។

រហូតមកដល់អំឡុងឆ្នាំ១៩៤៩ សាស្ត្រាចារ្យជនជាតិបារាំង ដែលបង្រៀនអក្សរសិល្បិ៍បារាំងនៅវិទ្យាល័យស៊ីសុវត្ថិក្រុងភ្នំពេញ ពិសេសគឺសាស្ត្រាចារ្យ ហ្គី ប៉ូរ៉េ (Gui Poreé) បាននាំសិស្សសម្តែងអន្លើនានានៃរឿងទាំងឡាយ ដែលគាត់បង្រៀន ឬក៏នាំសិស្សដំឡើងរឿង ខ្លីៗ (Scénette) មានពាក្យសម្តីនិយាយឆ្លងឆ្លើយគ្នាគួរឱ្យចាប់អារម្មណ៍ ព្រមដោយមានការដឹកនាំរឿងត្រឹមត្រូវផង ហើយរឿងទាំងនេះច្រើនតែត្រូវបានគេជ្រើសរើសយកទៅសម្តែងក្នុងពិធីបុណ្យបញ្ចប់ឆ្នាំសិក្សា នីមួយៗ ដែលមានពិធីចែករង្វាន់ដ៏អធិកអធមផងនោះ ធ្វើឱ្យទស្សនិកជនខ្មែរដែលបានចូលរួមមើលការសម្តែង និងសិស្សានុសិស្សចាប់អារម្មណ៍យ៉ាងខ្លាំង ។

ដោយយោងទៅលើទម្រង់ល្ខោនថ្មីនេះ យកការនិយាយ គឺការប្រើពាក្យសម្តីនិយាយជាធំនោះ ទើបទស្សនិកជនទាំងអស់ សន្មតហៅឈ្មោះទម្រង់ល្ខោននេះថា ជាល្ខោននិយាយតាំងពីពេលនោះមក ។ ស្របពេលជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្តើមបញ្ជូននិស្សិតខ្មែរឱ្យទៅរៀនមុខវិជា្ជល្ខោន នៅប្រទេសបារាំង និងប្រទេសដទៃទៀត…។

1545675_582418828506963_1494176414_n

ក្រោយពេលនោះបន្តិច ប្រមាណដល់ឆ្នាំ១៩៥៦ ក្រសួងសិក្សាធិការជាតិ បានប្រមូលគរុសិស្សនៃវិទ្យាស្ថានជាតិគរុកោសល្យមួយចំនួនឱ្យហាត់មុខវិជ្ជាល្ខោននិយាយនេះជាផ្លូវការឡើង ។ រហូតមកដល់អំឡុងឆ្នាំ១៩៥៩ ទើបក្រសួងសិក្សាធិការជាតិ ចាប់ផ្តើមបើកសាលាជាតិផ្នែកល្ខោន (សាលាល្ខោនជាតិ) ដែលមានទីតាំងដំបូងនៅម្តុំវត្តភ្នំ ? រួចមកនៅសាលារចនា ? រាជធានីភ្នំពេញ ក្នុងគោលបំណងជំរុញមុខជំនាញល្ខោននិយាយនេះឱ្យរីកចម្រើនឡើង ព្រមគ្នាជាមួយសាលាជាតិផ្នែកតូរ្យតន្ត្រី ។

តាំងពីពេលដែលសាលាជាតិផ្នែកល្ខោនបានកើតឡើង (១៩៥៩) រហូតដល់ពេលបង្កើតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (១៩៦៤) មកទល់មុនពេលដែលរបបប្រល័យពូជសាសន៍ដណ្តើមឡើងកាន់អំណាចបាននៅខែមេសា ឆ្នាំ១៩៧៥…យើងសង្កេតឃើញថា ទម្រង់ល្ខោននិយាយនៅប្រទេសកម្ពុជាទាំងល្ខោននិយាយលើឆាក ទាំងល្ខោននិយាយតាមវិទ្យុ ទាំងល្ខោននិយាយតាមទូរទស្សន៍ បានរីកចម្រើនយ៉ាងខ្លាំងក្លា ។ ក្នុងរយៈពេលនោះ យើងមានអ្នកនិពន្ធ និងអ្នកដឹកនាំរឿងល្ខោនយ៉ាង ចំណានៗដូចជា លោកហង្ស ធុនហាក់, លោកពៅ យូឡេង, លោកអ៊ុំ ឈឺន, លោកមាស គក, លោកឆេង ផុន, លោកហង់ ជួន, លោកនួន កន, លោកលី គឹមអួង, លោកហួត គឹមលាង, លោកហ៊ីង ប៊ុនថុន, លោកប៉ុល សំអឿន, លោកផឹក សំផេន, អ្នកស្រីអ៊ូ ចាន់ថន ជាដើម ព្រមទាំងបណ្តុះបណ្តាលបានអ្នកនិពន្ធ និងអ្នកដឹកនាំរឿងល្ខោនជំនាន់ក្រោយជាច្រើននាក់ទៀតផង ដែលអាចនិពន្ធល្ខោននិយាយសម្រាប់សម្តែងលើឆាក ល្ខោននិយាយសម្រាប់ទូរទស្សន៍ និងល្ខោននិយាយសម្រាប់វិទ្យុទៀតផង ។


1551769_582418855173627_773814863_n

ក្នុងដំណាក់កាលរីកចម្រើនរបស់ទម្រង់ល្ខោននិយាយនៅប្រទេសកម្ពុជានេះ សិល្បករល្ខោននិយាយទាំងអស់បានដំឡើងរឿងជាច្រើនដូចជា រឿងធ្លករក្សាជាតិ, ចិញ្ចៀនបញ្ចាំចិត្ត, ល្បិចស្នេហាស្រុកស្រែ, ថៅកែចិត្តចោរ, ពុទ្ធប្រវត្តិ, វង្សត្រកូលកម្សត់, ពុទ្ធិសែនកង្រី, ព្រះវេស្សន្តរ, កុលាបប៉ៃលិន, សុវណ្ណសាម, លោហិតតែមួយ, ប្រាង្គសិលាកញ្ញាអង្គរ, ស្ទឹងកំចាយមារ, ថ្មរាំ, ព្រះគោព្រះកែវ, សោភ័ណរាត្រី, កូនអ្នកណា ?, សព្វសិទ្ធិ, ផ្កាស្រពោន និងរឿង រៀមច្បងយើង ជាដើម ។ ហើយបានធ្វើកម្មវិធីដើរសម្តែងជូនសិស្សានុសិស្ស និងសាធារណជនជាទូទៅតាមទីក្រុង ខេត្ត ស្រុក នៅទូទាំងប្រទេសរៀងរាល់ឆ្នាំជាទៀងទាត់ផង ។

មិនត្រឹមតែរឿងខ្មែរប៉ុណ្ណោះទេ ក្រុមសិល្បករ និងសិល្បការិនីផ្នែកល្ខោននិយាយរបស់ខ្មែរ ក៏មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដំឡើង និងសម្តែងរឿងបរទេស ពិសេសគឺស្នាដៃរបស់អ្នកនិពន្ធ ធំៗ និងល្បីល្បាញក្នុងពិភពលោក មានលោកសេក ស្ពៀរ (Shakespeare), លោកម៉ូលីយ៉ែរ (Moliére) និងអ្នកនិពន្ធបរទេសដទៃទៀតជាច្រើនផង ។ ជាក់ស្តែងក្រុមនេះបានសម្តែងរឿងបាល័យទយា (Shakespeare), ជនកំណាញ់ក្រៅតម្រា (Moliére), រ៉ូម៉េអូ សូលីយ៉េត (Shakespeare), ហ្សកដង់ដាំង (Moliére), សុបិននិម្មិត នាវស្សន្តរដូវ (Shakespeare), អ្នកស្រីដែលមានកូនឆ្កែ, ស្គរធំ ជាដើម ។ ប៉ុន្តែជាប្រការគួរឱ្យសោកស្តាយពន់ពេកណាស់…ទម្រង់ល្ខោន ក៏ដូចទម្រង់សិល្បៈខ្មែរដទៃទៀតដែរ ត្រូវបានរបបប្រល័យពូជសាសន៍រំលាយខ្ទេចដោយសម្លាប់អ្នកនិពន្ធ អ្នកដឹកនាំរឿង និងសិល្បករល្ខោននិយាយ ទាំងស្រីទាំងប្រុសស្ទើរអស់គ្មានសល់…។

ក្រោយពីរបបប្រល័យពូជសាសន៍ដួលរលំទៅនៅឆ្នាំ១៩៧៩ សិល្បករផ្នែកនេះ (ភាគតិចបំផុត) ដែលឆ្លងរួចពីការកាប់សម្លាប់ បាននាំគ្នាខំប្រឹងប្រែងធ្វើឱ្យទម្រង់ល្ខោននិយាយបានរស់រានមានជីវិតឡើងវិញ ។ ប៉ុន្តែតាំងពីឆ្នាំ១៩៧៩ រហូតមកដល់ពេលដែលយើងចងក្រងអត្ថបទនេះ (១៩៩៩) ? ទម្រង់ល្ខោននិយាយនៅប្រទេសកម្ពុជា នៅតែមិនទាន់មានកម្រិត រីកចម្រើន ដូចពេលមុនសង្គ្រាមឆ្នាំ១៩៧០នៅឡើយ ៕

ប្រភព៖ ពិភពនៃបទចម្រៀងពីដើមៗ

1560530_582418801840299_1406229030_n