ឆ្នាំ២០២០ ហើយ! កុំយកហេតុផល ៧នេះ សម្រេចចិត្តរៀបការទៀតអី

មនុស្សប្រុសស្រីមួយរយទាំងមួយរយមិនមាននរណាម្នាក់ចង់មានប្រវត្តិធ្លាប់លែងលះគ្នាក្រោយពេលសម្រេចចិត្តរៀបការឡើយ ប៉ុន្តែរឿងរ៉ាវនៃការលែងលះគ្នាគឺតែងតែមាន នៅក្នុងសង្គមមនុស្សជារឿយៗដោយចៀសមិនផុត។ ទន្ទឹមនឹងនេះដែរនាពេលបច្ចុប្បន្ន សម្រាប់ស្នេហាស្មោះស្ម័គ្រគ្នាដោយមួយទល់នឹងមួយគឺពិតជាពិបាកស្វែងរកខ្លាំងណាស់ វាប្រៀបដូចជាការរាវម្ចុលក្នុងបាតសមុទ្រអីចឹង។ ដោយឡែកខាងក្រោមក៏ជាហេតុផល មួយចំនួនដែលមនុស្សប្រុសស្រីតែងតែប្រកាន់យកដើម្បីសម្រេចចិត្តរៀបការទៅនឹងនរណាម្នាក់ បើទោះបីជាពួកគេមិនទាន់ប្រាកដចិត្តរវាងគ្នា ១០០ភាគរយ។

១. កុំរៀបការព្រោះខ្លាចថា នឹងមិនបានរៀបការ

មនុស្សប្រុសស្រីដែលមានអាយុកាន់ច្រើនតែងតែព្យាយាមខ្វល់ខ្វាយ និងព្រួយបារម្ភខ្លាចមិនអាចស្វែងរកឃើញមនុស្សក្នុងក្តីស្រមៃរបស់ខ្លួន។ ជាពិសេសទៅទៀតពួកគេកាន់តែមានការភ័យខ្លាចថា នៅពេលចាស់ឡើង ពួកគេនឹងអាចរស់នៅពោរពេញទៅដោយភាពឯកាតែម្នាក់ឯង។ ដូច្នោះហើយវាក៏ជាមូលហេតុដែលនាំឲ្យពួកគេត្រូវសម្រេចចិត្តរៀបការជាមួយនឹងនរណាម្នាក់ដែលពួកគេគិតថាជាគូព្រេងតែម្តង បើទោះបីជាមិនទាន់ដឹងចិត្តថ្លើមគ្នាច្បាស់ក៏ដោយ។

Screen Shot 2020 05 14 At 7.29.03 PM

២. កុំរៀបការព្រោះចង់បញ្ឈឺរចិត្តសង្សារចាស់របស់ខ្លួន

មូលហេតុមួយនេះគឺកំពុងតែពេញនិយមយ៉ាងខ្លាំងនៅក្នុងសម័យថ្មី ព្រោះថាមានមនុស្សប្រុសស្រីច្រើនណាស់ដែលមានការឈឺចាប់ដោយសារសង្សាររបស់ខ្លួនរហូតធ្វើឲ្យពួកគេសម្រេចចិត្តភ្លាមៗពេលកំពុងតែក្តៅក្រហាយចិត្តក្នុងការរៀបការជាមួយអ្នកផ្សេង។

៣. កុំរៀបការព្រោះលង់លើរូបសម្បត្តិរបស់គេតែម្យ៉ាង

នរណាក៏មានការស្រឡាញ់ចូលចិត្តជាមួយភាពស្រស់ស្អាត សង្ហារបស់មនុស្សនៅជុំវិញខ្លួនដែរ ប៉ុន្តែកត្តាបែបនេះតែម្យ៉ាងក៏មិនមានជាមូលហេតុគ្រប់គ្រាន់សម្រាប់យើងក្នុងការសម្រេចចិត្តនោះដែរ។ ដោយហេតុថាការរួមរស់នៅជាមួយគ្នាជាលក្ខណៈស្វាមីភរិយាបានយូរអង្វែង វាត្រូវពឹងផ្អែកទៅលើចរិយាសម្បត្តិ និងទ្រព្យសម្បត្តិជាច្រើនផ្សេងទៀតផងដែរ។

Screen Shot 2020 05 14 At 7.28.17 PM

៤. កុំរៀបការព្រោះចង់ចាកចេញពីគ្រួសាររបស់ខ្លួន

រឿងនេះតែងតែត្រូវបានមនុស្សប្រុសភាគច្រើននិយមចូលចិត្តគិតដូច្នោះ ព្រោះថាការរៀបការអាចជាមូលហេតុល្អបំផុតក្នុងការដែលឲ្យពួកគេចាកចេញពីគ្រួសារហើយទទួលបានឯករាជ្យពេញសិទ្ធិតែម្តង។ ប៉ុន្តែអ្នកក៏ភ្លេចគិតដែរថា ការរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធវាមិនមែនជារឿងងាយស្រួលនោះទេ។ ម្យ៉ាងវិញទៀតចំពោះមូលហេតុមួយនេះ ក៏មិនសាកសមសម្រាប់អ្នកក្នុងការសម្រេចចិត្តរៀបការជាមួយនរណាម្នាក់ឡើយ។

Screen Shot 2020 05 14 At 7.18.58 PM

៥. កុំរៀបការព្រោះអាណិតគេ

ពាក្យថាស្រឡាញ់ និងអាណិតមានអត្ថន័យខុសគ្នាឆ្ងាយណាស់ ប៉ុន្តែក៏មានមនុស្សមួយចំនួនធំតែងតែមានការយល់ច្រលំរវាងពាក្យទាំងពីរនេះ។ ហើយរហូតដល់ពេលខ្លះពួកគេក៏បានប្រើប្រាស់ពាក្យថា អាណិត ដើម្បីសម្រេចចិត្តចងសម្ព័ន្ធភាពជាមួយអ្នកផ្សេងដែលពួកគេមានអារម្មណ៍ចង់ជួយជាមួយផងដែរ។

Screen Shot 2020 05 14 At 7.19.40 PM

៦. កុំរៀបការព្រោះទ្រព្យសម្បត្តិ និងប្រាក់បញ្ជីរបស់គេ

ចំពោះមនុស្សស្រីការសម្រេចចិត្តរៀបការជាមួយនឹងអ្នកមានទ្រព្យសម្បត្តិច្រើនជាងខ្លួនតែងតែជាជម្រើសទី ១ ជានិច្ច។ ប៉ុន្តែក្នុងចំណោមមនុស្សស្រីជាច្រើនដែលបានសម្រេចចិត្តធ្វើដូច្នោះ ក៏តែងតែទទួលរងទឹកភ្នែកមកវិញ ព្រោះថាស្វាមីតែងតែលួចលាក់មានស្រីផ្សេង។ ក្នុងពេលនោះផងដែរទ្រព្យសម្បត្តិជាច្រើនក៏មិនអាចធ្វើឲ្យពួកគេមានអារម្មណ៍សប្បាយក្នុងចិត្តនោះទេ។ ហេតុនេះអ្នកមិនគួរធ្វើការសម្រេចចិត្តដោយពឹងផ្អែកទៅលើមូលហេតុមួយនេះជាធំឡើយ។

Screen Shot 2020 05 14 At 7.30.10 PM

៧. កុំរៀបការព្រោះភាពអផ្សុក

ពេលខ្លះការរស់នៅម្នាក់ឯងរយៈពេលយូរឆ្នាំតែងតែធ្វើឲ្យអ្នកមានអារម្មណ៍ថា ឯកា និងអផ្សុកយ៉ាងខ្លាំង ព្រោះថានៅពេលពិបាកចិត្ត ឬមានរឿងរ៉ាវតូចធំត្រូវពិភាក្សាគ្នា។ អ្នកក៏នៅតែធ្វើវាដោយម្នាក់ឯង និងជាពិសេសពេលទៅណាមកណាម្តងៗអ្នកតែង តែទៅម្នាក់ឯងគត់។ ជីវិតរបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃហាក់បីដូចជាកំសត់ខ្លាំងណាស់ហេតុដូច្នោះនៅពេលដែលមាននរណាម្នាក់ចូលមកក្នុងជីវិតរបស់អ្នកភ្លាម អ្នកក៏សម្រេចចិត្តរៀបការជាមួយគេម្នាក់នោះតែម្តង។

សរុបរួមមកវិញមិនថាក្នុងចំណោមហេតុផលមួយណានោះទេ មុនពេលអ្នកសម្រេចចិត្ត រៀបការជាមួយនឹងនរណាគេម្នាក់។ អ្នកគួរតែធ្វើការសាកសួរខ្លួនឯងឲ្យបានច្រើនដងថាអ្នកបានត្រៀមខ្លួនរួចរាល់ហើយឬនៅ ក្នុងការទទួលរងនូវបន្ទុក សម្ពាធ និងកាតព្វកិច្ចមួយចំនួនដែលខ្លួនត្រូវបានជួបក្រោយពេលរៀបការហើយ៕

ប្រភព: Foryoumarrige/ Best Life

អត្ថបទដោយ: ដាំ សុវណ្ណៈរ៉ា

ក្នុងស្រុករក្សាសិទ្ធ