ទាំងនេះ ជាទង្វើដែលអ្នកគួរធ្វើជាចាំបាច់ ពេលដែលមិត្តប្រុសខឹងនឹងខ្លួន

មិនថាសម្ព័ន្ធភាពល្អប៉ុនណានោះទេ អ្នកតែងតែមានការឈ្លោះប្រកែកគ្នា និងទាស់សម្តីជាមួយនឹងដៃគូជាញឹកញាប់។ ហើយជាទូទៅការឈ្លោះប្រកែកគ្នាតែងតែធ្វើឲ្យទំនាក់ទំនងរបស់អ្នកទាំងពីរកាន់តែមិនល្អរវាងគ្នានឹងគ្នា។ ជាមួយគ្នានោះដែរដើម្បីអាចឲ្យស្ថានភាពនៃការខឹងសម្បារគ្នាទៅវិញទៅមករបស់ភាគីខាងប្រុសមានការថយចុះ តើក្នុងនាមអ្នកជាមិត្តស្រីគួរចាំបាច់ត្រូវធ្វើអ្វីខ្លះអំឡុងពេលនោះ?

១. រក្សាភាពស្ងៀមស្ងាត់ឲ្យគាត់

និស្ស័យរបស់មនុស្សប្រុសគឺមិនសូវចូលចិត្តនិយាយស្តីច្រើន ឬជជែកវេកញែកពីរឿងរ៉ាវដែលខ្លួនបានធ្វើខុសនោះឡើយ។ ហេតុដូច្នោះហើយការទុកពេលវេលាឲ្យគ្នាទៅវិញទៅមកអំឡុងពេលដែលម្នាក់ៗសុទ្ធតែខឹងគ្នាទៅវិញទៅមក គឺជាការល្អដើម្បីឲ្យទាំងសងខាងអាចរំងាប់អារម្មណ៍ និងធ្វើការសម្រេចចិត្តឲ្យបានច្បាស់លាស់ថាគួរធ្វើយ៉ាងណាបន្តទៅទៀតជាមួយនឹងបញ្ហានោះ។

Screen Shot 2020 05 17 At 1.41.06 PM

២. ចំណាយពេលមើលថែខ្លួនឯង

ខណៈពេលដែលអ្នក និងមិត្តប្រុសកំពុងតែខឹងព្រមទាំងមិនចង់និយាយរកគ្នា អ្នកគួរតែយកពេលវេលានោះដើម្បីមើលថែទាំខ្លួនឯងឲ្យបានច្រើនដូចជាសុខភាព រូបសម្រស់ និងរូបរាងរបស់ខ្លួនជាដើម។ ដោយហេតុថាពេលវេលានោះ គឺពិតជាសាកសមខ្លាំង ណាស់សម្រាប់អ្នកខ្លួនឯងក្នុងការព្យាបាល ក៏ដូចជាខ្វល់ខ្វាយពីរឿងរ៉ាវរបស់ខ្លួន។ ជាពិសេសទៅទៀតនោះក៏ជាការបង្ហាញឲ្យឃើញពីការចេះស្រឡាញ់ខ្លួនឯងឲ្យមិត្តប្រុសជាទីស្រឡាញ់បានឃើញផងដែរ។

Screen Shot 2020 05 17 At 1.38.49 PM

៣. អានសៀវភៅ

ការអានសៀវភៅគឺជារឿងល្អបំផុតដែលអ្នកគួរតែធ្វើក្នុងពេលមានបញ្ហាឈ្លោះប្រកែកគ្នាជាមួយនឹងមិត្តប្រុស ព្រោះថាសៀវភៅនឹងជួយធ្វើឲ្យផ្លូវចិត្តរបស់អ្នកមានសេចក្តីស្ងប់សុខ។ ទន្ទឹមនឹងនេះដែរប្រសិនបើអ្នកមិនចូលចិត្តអានសៀវភៅនោះទេ អ្នកក៏អាចបើកស្តាប់វីដេអូអប់រំផ្សេងៗដែលមាននៅក្នុងបណ្តេញសង្គមផងដែរ។

៤. កុំព្យាយាមបង្ហាញអារម្មណ៍តាមបណ្តេញសង្គម

រឿងនេះជាអ្វីដែលមនុស្សប្រុសមិនចូលចិត្តបំផុត ព្រោះថាវាជារឿងឯកជនហើយក៏ជាការខូចចិត្តបន្តិចបន្តួចតែប៉ុណ្ណោះ។ ហេតុដូច្នោះអ្នកមិនគួរចំណាយពេលវេលាទៅផុស ឬសែកពីរឿងរ៉ាវកើតទុក្ខដែលខ្លួនបានជួបប្រទះខណៈពេលដែលម្នាក់ៗកំពុងតែមិនសប្បាយចិត្តឡើយ។ ហើយការធ្វើដូច្នេះ វាក៏មិនបានជួយឲ្យស្ថានការណ៍មានភាពល្អប្រសើរផងដែរ។


Screen Shot 2020 05 17 At 1.39.49 PM

៥. ដើរលេងលំហែខួរក្បាល

នៅពេលដែលមិត្តប្រុសរបស់អ្នកកំពុងតែខឹង និងមិនសប្បាយចិត្តជាមួយអ្នក អ្នកគួរតែយកពេលវេលានោះធ្វើការដើរលេងកម្សាន្ត ឬជួបជុំជាមួយនឹងមិត្តភក្តិចាស់ៗដើម្បីជជែកពិភាក្សាគ្នា។ ហើយទាំងអស់នោះក៏ជាផ្នែកដែលធ្វើឲ្យអ្នកមិនសូវមានការគិតច្រើនឬនៅតែព្រួយបារម្ភពីមិត្តប្រុសរបស់ខ្លួនឡើយ។

៦. ការប្រើពាក្យ “សូមទោស”

ប្រសិនបើអ្នកជាដើមហេតុនៃបញ្ហានាំឲ្យឈ្លោះប្រកែកគ្នា អ្នកគួរតែហ៊ាននិយាយពាក្យ “សូមទោស” ទៅកាន់មិត្តប្រុសរបស់ខ្លួន ព្រោះថាការនិយាយពាក្យមួយម៉ាត់នេះក៏ជាផ្នែកមួយដែលអាចធ្វើឲ្យអារម្មណ៍របស់គាត់មានការសប្បាយរីករាយ និងការលើកលែងទោសមកកាន់អ្នកវិញផងដែរ។

Screen Shot 2020 05 17 At 1.42.29 PM

៧. កុំព្យាយាមបង្ខំគាត់ឲ្យនិយាយពេលខឹងគ្នា

នរណាក៏ដឹងដែរថា នៅពេលដែលមនុស្សកំពុងខឹង គឺតែងតែបាត់បង់សតិក្នុងការគ្រប់គ្រងអារម្មណ៍ឆេវឆាវរបស់ខ្លួន។ ហេតុដូច្នោះប្រសិនបើអ្នកសង្កេតឃើញថា គាត់នៅតែខឹងជាមួយនឹងអ្នកដដែល អ្នកមិនគួរព្យាយាមសុំ ឬបង្ខំឲ្យគាត់និយាយរឿងមិនសប្បាយចិត្តចេញមកឡើយ។ ដោយហេតុថាការធ្វើបែបនេះអាចនាំមកតែរឿងឈ្លោះប្រកែកគ្នា ជាមាត់ធំមាត់តូចលើសដើមនោះទេ។

សរុបរួមមកវិញចំណុចសំខាន់ៗទាំង ៧ ខាងលើនេះសុទ្ធសឹងតែជាអ្វីដែលក្នុងនាមយើងជាមិត្តស្រីចាំបាច់ត្រូវធ្វើនៅពេលដែលឃើញមិត្តប្រុសរបស់ខ្លួនកំពុងតែខឹងសម្បារ ឬអារម្មណ៍មិនល្អ។ ប្រសិនបើអំឡុងពេលដែលអ្នកបានធ្វើនូវសកម្មភាពទាំងអស់ខាងលើហើយគាត់បានត្រឡប់មករកអ្នកវិញ អ្នកក៏គួរតែធ្វើចិត្តឲ្យត្រជាក់ចំពោះគាត់ និងព្យាយាមថែរក្សាទំនាក់ទំនងរបស់ខ្លួនឡើយវិញម្តងទៀត។ ប៉ុន្តែប្រសិនបើក្នុងអំឡុងពេលនោះគាត់បែរជាមានទំនាក់ទំនងជាមួយអ្នកថ្មី អ្នកក៏គួរតែអនុញ្ញាត្តឲ្យគាត់ចាកចេញទៅផងដែរ ព្រោះថាបើទោះបីជាត្រឡប់មកវិញក៏គាត់មិនបានមានទឹកចិត្តឲ្យអ្នកទៀតឡើយ៕

ប្រភព: Lovedevani // Inspiringtips

អត្ថបទដោយ: ដាំ សុវណ្ណៈរ៉ា

ក្នុងស្រុករក្សាសិទ្ធ