វត្ថុសិល្បៈចំនួន ៧១១ បំណែក បានចុះបញ្ជីសារពើភណ្ឌ និង៥៣១បំណែកកំពុងដំណើរការចុះបញ្ជីដើម្បីសម្គាល់អត្តសញ្ញាណ

ក្រុមការងារចុះបញ្ជីបេតិកភណ្ឌរូបីនៃអាជ្ញាធរជាតិអប្សរា សម្រេចចុះបញ្ជីវត្ថុសិល្បៈបានចំនួន៧១១បំណែក ដែលប្រមូលបានពីប្រជាជននិងនៅតាមប្រាសាទទាំង៩១ក្នុងរមណីយដ្ឋានអង្គរ ឱ្យមានសុវត្ថិភាពនិងមានអត្តសញ្ញាណត្រឹមត្រូវ សម្រាប់ជាប្រយោជន៍ប្រើប្រាស់ទៅថ្ងៃក្រោយ។

លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការឱ្យដឹងថា បំណែកវត្ថុសិល្បៈទាំង៧១១បំណែកដែលក្រុមការងារបានចុះបញ្ជីសារពើភណ្ឌរួចរាល់នោះ គឺភាគច្រើនជាចម្លាក់ធ្វើពីថ្មភក់ មាន៖ សិលាចារឹក ចម្លាក់ទេវរូប បល្ល័ង្គឬជើងទម្រ បំណែកផ្តែរ បំណែកហោជាង បំណែកសសរពេជ្រ បំណែកក្បាច់លម្អផ្សេងៗ កុលភាជន៍ និងវត្ថុធ្វើពីលោហៈមួយចំនួនទៀត។ ក្រៅពីការចុះបញ្ជីវត្ថុសិល្បៈដែលបានទទួលពីប្រជាជន និងកំណាយស្រាវជ្រាវផ្សេងៗខាងលើ ក្រុមចុះបញ្ជីក៏បានចុះបញ្ជីវត្ថុសិល្បៈដែលនៅជុំវិញបរិវេណប្រាសាទទាំង៩១បានមួយចំនួនដែរ។

76984245_1494260784114178_5382599752904867840_o

ការចុះបញ្ជីវត្ថុសិល្បៈដែលនៅតាមប្រាសាទទាំង៩១នេះ គឺមានគោលបំណងចងក្រងឯកសារ កំណត់អត្តសញ្ញាណវត្ថុសិល្បៈទាំងនោះដើម្បីចូលរួមទប់ស្កាត់ការចល័តឬបាត់បង់ដោយប្រការណាមួយជាយថាហេតុ។ នៅក្នុងទម្រង់នៃការកំណត់អត្តសញ្ញាណនេះ គឺបានផ្តល់ព័ត៌មានយ៉ាងជាក់លាក់អំពីប្រភេទចម្លាក់ ប្រភព វត្ថុធាតុ ទំហំ ទីតាំង កាលបរិច្ឆេទ ថតរូប និងការពិពណ៌នាផ្សេងៗ ហើយព័ត៌មានទាំងនេះឯងដែលអាចជួយសម្រួលដល់ការងារជួសជុល និងការទាមទារត្រឡប់មកវិញក្នុងករណីបាត់បង់ណាមួយ។

លោក សុម៉ាឡា បន្តទៀតថា ការងារចុះបញ្ជីពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរក្សាកេរមរតកបេតិកភណ្ឌ ត្បិតអតីតរាជធានីនៃចក្រភពអង្គរ មានវិសាលភាពធំធេងណាស់ ហើយនៅមានវត្ថុសិល្បៈជាច្រើនទៀតដែលកំពុងនៅរាយប៉ាយលើដីនិងក្រោមដី ដែលត្រូវបន្តចុះបញ្ជីកំណត់អត្តសញ្ញាណវត្ថុទាំងនោះជាបន្តបន្ទាប់។

តួយ៉ាងដូចជាថ្មីៗនេះ ក្រុមការងារចុះបញ្ជីសារពើភណ្ឌបានប្រមូលចម្លាក់ព្រះពុទ្ធបដិមានិងវត្ថុសិល្បៈផ្សេងទៀតដែលមានចំនួន៥៣១បំណែកពីរោងឆ្មាំខាងត្បូងប្រាសាទអង្គរវត្ត យកមករក្សាទុកនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការសិក្សាបន្ថែមរង់ចាំការងារជួសជុលនាពេលខាងមុខ។ កិច្ចការចុះបញ្ជីវត្ថុសិល្បៈបេតិកភណ្ឌរូបីនៅក្នុងរមណីយដ្ឋានអង្គរនៅតែបន្តជាប្រចាំ ដើម្បីចូលរួមថែរក្សា និងការពារវត្ថុសិល្បៈនានានៅតាមប្រាសាទទាំង៩១ ឱ្យមានអត្តសញ្ញាណច្បាស់លាស់ ទប់ស្កាត់ការចល័តនិងការបាត់បង់៕

78482973_1494260640780859_3331617543235305472_o

90950822_1494260754114181_7336327925714649088_o

100088858_1494260534114203_1566834082812264448_o

100639118_1494260577447532_5392936356206870528_o

100659225_1494260510780872_2120002312641445888_o

101086492_1494260557447534_5684732826524581888_o

101197175_1494260704114186_1523382615938170880_o

101447702_1494260624114194_1734215873234731008_o

101510111_1494260687447521_1949060900568694784_o

101679981_1494260674114189_1935419538975752192_o

101686305_1494260730780850_9043404201253666816_o

101870202_1494260774114179_1572050810219528192_o

101891494_1494260594114197_6797771750152077312_o

ប្រភព ៖ អាជ្ញាធរជាតិអប្សរា Apsara Authority

អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន

រូបភាព៖ លោក ឈូក សុម៉ាឡា/ លោក ហ៊ុំ រិទ្ធី