Ads
ស្អាតខ្លាំងដឹងតែផ្អើលទៅលេងទៀតហើយ! ព្រៃកោងកាងទឹកសាបច្រើនហិកតា កំពុងតែលាក់ខ្លួននៅខេត្តសៀមរាប

ស្អាតខ្លាំងដឹងតែផ្អើលទៅលេងទៀតហើយ! ព្រៃកោងកាងទឹកសាបច្រើនហិកតា កំពុងតែលាក់ខ្លួននៅខេត្តសៀមរាប

ថ្មីៗនេះកំពុងតែផ្ទុះផ្អើលខ្លាំងថា ​នៅក្នុងខេត្តសៀមរាបយើង ​មានព្រៃកោងកាងទឹកសាបជាច្រើនហិចតាបានលាក់ខ្លួនបង្កប់សម្រស់ដ៏ស្រស់ស្អាត ​ដែលព័ត៌មាននេះត្រូវបានដកស្រង់ចេញពីគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia ដោយបានរៀបរាប់យ៉ាងក្បោះក្បាយថា៖

ប្រជាជនស្ទើរតែទាំងអស់ប្រាកដជាគិតថា ដើមកោងកាងមានដុះតែនៅតាមមាត់សមុទ្រប៉ុណ្ណោះ ដោយភាគច្រើនមិនបានដឹងថា ពពួករុក្ខជាតិទាំងនេះក៏មានដុះលូតលាស់ផងដែរនៅក្នុងខេត្តសៀមរាប ខណៈទឹកដីដ៏សំខាន់របស់កម្ពុជាមួយនេះ គ្មានទឹកប្រៃដូចនៅតំបន់ឆ្នេរសមុទ្រសូម្បីតែបន្តិច។

ស្ថិតក្នុងសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ឃុំខ្នារពោធិ៍ ភាគខាងជើងនៃស្រុកសូទ្រនិគម ដើមកោងកាងសំបកក្រហមទាំងនេះបានគ្របដណ្ដប់លើផ្ទៃដីប្រមាណជាង ៩០ ហិកតា ប៉ុន្តែបើនិយាយពីសហគមន៍អភិរក្សព្រៃឈើទាំងមូលវិញ គឺមានផ្ទៃដីរហូតដល់ ១,០២២ ហិកតា ដែលត្រូវបានអ្នកស្រុកចាត់ទុកជាតំបន់រងខ្សែទឹកក្រោមដី ហូរធ្លាក់ពីតំបន់ភ្នំគូលែនបរមបព៌តដ៏ពិសិដ្ឋរបស់អាណាចក្រខ្មែរ។

78192227_3010894152338710_8143792776773894144_o

101690002_3010894399005352_4613209967313289216_o

ដើម្បីដើរទស្សនាទេសភាពនៅតាមតំបន់ព្រៃកោងកាងនេះបាន ប្រជាសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ដែលជាអ្នកស្រលាញ់អភិរក្សធនធានធម្មជាតិនៅទីនោះ បានរួមសាមគ្គីគ្នាធ្វើស្ពានឈើជាច្រើនខ្សែ សម្រាប់ឱ្យភ្ញៀវទេសចរអាចដើរទស្សនាបានយ៉ាងងាយស្រួល និងសព្វទីកន្លែងនានាជុំវិញតំបន់ព្រៃកោងកាងនេះ។ នៅសងខាងស្ពាន ដើមកោងកាងដុះលូតលាស់ស្កេកស្កះ ឫសចាក់ច្រូងច្រាងប្រជ្រៀតគ្នាជាសហគមន៍ សំបកឆ្នូតៗក្រហមព្រឿងស្រោបដើមពីគល់រហូតដល់មែកដូចគេផាត់ពណ៌យ៉ាងស្រស់ឆើតឆាយល្អប្លែកនេត្រា ស្លឹកស្រួចត្រវែងពណ៌បៃតងចាស់ ប្រក់ពីលើដើមអាត្មាបានជាម្លក់ត្រឈឹងត្រឈៃ គួរជាទីរមណីយសម្រាប់ការដើរទស្សនារបស់ភ្ញៀវទេសចរ។

លោកអ្នកច្បាស់ជាឆ្ងល់ហើយថា តើដើមកោងកាងទឹកសាបនៅខេត្តសៀមរាបនេះ ខុសប្លែកគ្នាពីដើមកោងកាងនៅទឹកប្រៃយ៉ាងដូចម្ដេចខ្លះ? បើតាមអ្នកស្រុកចាស់ ព្រឹទ្ធចាស់ព្រេងបានតំណាលថា គេឃើញមានដើមកោងកាងដុះដាលជាកូនព្រៃតូចមួយនៅតាមអូរខ្នារពោធិ៍ដែលមានទឹកធ្លាក់ពីភ្នំគូលែន តាំងពីយូរយាណាស់មកហើយ ប៉ុន្តែមិនច្រើនដូចពេលបច្ចុប្បន្ននេះឡើយ។

លុះចំណេរកាលក្រោយមក ដើមកាងកាងនេះក៏បានបែកកូនពូនចៅដុះរាលជាគុម្ភៗកាន់តែច្រើនទៅៗ រហូតក្លាយជាព្រៃកោងកាងទឹកសាបដ៏ធំតែមួយគត់នៅកម្ពុជា។ អ្វីដែលជាភាពខុសប្លែកគ្នាទៅនឹងដើមកោងកាងទឹកប្រៃនោះ ត្រង់ថាដើមកោងកាងនៅសៀមរាបនេះមានកម្ពស់ចាប់ពី ៨-១០ម៉ែត្រ គឺខ្ពស់ជាងដើមកោងកាងនៅមាត់សមុទ្រ រីឯស្លឹកវិញក៏រាងត្រវែងជាងដើមកោងកាងនៅសមុទ្រដែរ ចំណែកឫសរបស់វានោះទៀតសោត ក៏ឃើញដុះចេញពីតួដើមខ្ពស់ជាង វែងជាង និងច្រើនជាងផងដែរ។ សម្បុរដើមក៏មានពណ៌ក្រហមព្រឿងខុសពីដើមកោងកាងនៅមាត់សមុទ្រ ដែលមានពណ៌សម្បុរសពព្រុសផ្អុចៗ។

101667742_3010895069005285_8127387088329900032_o


100925899_3010894839005308_8252838689294516224_o

នៅពេលអ្នកដើរចូលទៅក្នុងបន្តិច អ្នកប្រហែលជាគិតថាដើមកោងកាងទាំង នោះដុះដូចគេដាំយ៉ាងអញ្ចឹង ព្រោះឃើញការដុះលូតលាស់របស់ពួកវា គឺមានសភាពត្រង់ស្រលូនទៅលើ និងភាគច្រើនមានរបៀបរៀបរយល្អ ប៉ុន្តែពួកវានេះមិនត្រូវបានគេដាំពីមុននោះឡើយ។ ថ្វីដ្បិតដើមកោងកាងទាំងនេះមិនធ្លាប់មានគេដាំពីមុនមកមែន ប៉ុន្តែប្រជាសហគមន៍បច្ចុប្បន្ននេះបាននិងកំពុងរៀបចំថ្នាលបណ្ដុះកូនកោងកាងជាបន្តបន្ទាប់ ដើម្បីរួមគ្នាដាំដុះបន្តឱ្យកាន់តែច្រើនទៀត ហើយក៏ទុកសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិពីចម្ងាយចូលរួមដាំដុះទុកជាអនុស្សាវរីយ៍ផងដែរ។

លោក ឌឿម ឌុន ប្រធានសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ បានឱ្យដឹងថា សហគមន៍នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ ស្ថិតក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលសមាជិកសហគមន៍មានចំនួន ១,០០០គ្រួសារ ហើយបានបញ្ចូលសេវាកម្មទេសចរណ៍នៅដើមឆ្នាំ២០២០ ថ្មីៗនេះទេ ដោយទទួលបានការជួយជ្រោមជ្រែងពីមន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏ដូចជាការបង្ហាត់បង្ហាញពីការរៀបចំ ការផ្ដល់សេវាកម្មទេសចរណ៍ជូនភ្ញៀវផងដែរ ខណៈបច្ចុប្បន្នសហគមន៍បានរៀបចំជាស្ពានដើរទស្សនា តូបសម្រាប់អង្គុយសម្រាកកម្សាន្ត ជីកស្រះចញ្ចឹមត្រី និងទស្សនាកម្សាន្ត។ ក្រៅពីនោះ ក៏មានអាហារដ្ឋាន និងតូបលក់កសិផល អនុផលព្រៃឈើជាដើមផងដែរ។

នៅរដូវវស្សាមានទឹកជំនន់ជន់ហូរកាត់តំបន់ព្រៃអភិរក្សនេះ ពិសេសគឺចំតំបន់ដែលមានព្រៃកោងកាងនេះតែម្ដង នៅរដូវប្រាំងវិញ ដីនៅមានសភាពសើមដែលអាចឱ្យព្រៃឈើបន្តការលូតលាស់ល្អបាន ក្នុងនោះមានដើមឈើចម្រុះជាច្រើនរយប្រភេទ ដែលមានទាំងដើមឈើដុះនៅលើគោក និងដើមឈើទឹក ហើយលក្ខណៈពិសេសរបស់ដើមឈើទឹកនេះ ភាគច្រើនគឺដុះចែកតំបន់ចែកពួករៀងៗខ្លួន ដូចជា ភ្ញៀវទឹក ព្រីង ផ្អុង ស្មាច់ កោងកាងនេះជាដើម។

លោក ឌឿម ឌុន បានអះអាងថា ក្នុងព្រៃសហគមន៍បច្ចុប្បន្ននៅមានជ្រូកព្រៃ ឈ្នូស ក្ដាន់ញែង ស្វា ទោច មាន់ព្រៃ អូត ទីទុយ ក្លែងស្រាក ពស់ និងប្រភេទសត្វចតុបាទ ល្មូន និងសត្វស្លាបជាច្រើនប្រភេទទៀត ខណៈមកដល់បច្ចុប្បន្នប្រជាពលរដ្ឋលែងចូលបរបាញ់សត្វ ដាក់អន្ទាក់ ឬកាប់បំផ្លាញព្រៃឈើទៀតហើយ ដោយពួកគាត់កាន់តែមានការយល់ដឹងពីសារប្រយោជន៍របស់ព្រៃឈើ សត្វព្រៃ។ ពួកគាត់គ្រានតែទាញយកអនុផលព្រៃឈើខ្លះៗ ដូចជា បេះគុយ រំដួល ព្រីង ឬបេះផ្សិតជាដើម ខណៈបច្ចុប្បន្នសហគមន៍ក៏មានបញ្ចូលសេវាកម្មទេសចររណ៍ និងទទួលបានភ្ញៀវទេសចរទៀតនោះ ក៏រឹតតែលើកទឹកចិត្តឱ្យពួកគាត់ចូលរួមអភិរក្សកាន់តែខ្លាំង៕

ប្រភពពី៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

83330168_3010894575672001_7680498597334351872_o

101697648_3010894009005391_6788473622697607168_o

101819515_3010894249005367_1049148656579510272_o