ខ្មោច​នាវា​ចម្បាំង​១គ្រឿង​ និង​គ្រាប់​យុទ្ធភ័ណ​​មិន​ទាន់​ផ្ទុះ​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ស្រុក​ស្រីសន្ធរ​ ខណៈ​អភិបាលខេត្តកំពង់ចាម​ ស្នើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​

កំពង់ចាម​៖ ខ្មោច​នាវា​ចម្បាំង​១គ្រឿង​ រួម​ជា​មួយ​គ្រាប់​យុទ្ធភ័ណ​មិន​ទាន់​ផ្ទុះ​ ចំនួន​៣ប្រភេទ​ ត្រូវ​បាន​គេ​រក​ឃើញ​នៅក្នុង​ទឹក​ទន្លេមេគង្គ​ ស្ថិត​ក្នុង​ភូមិវាល​ ឃុំមានជ័យ​ ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាម​ ដែល​គេ​សង្ស័យ​ថា​ជា​សំណល់​ពី​សម័យសង្គ្រាម​ ។

បន្ទាប់​ពី​ទទួល​បាន​សេចក្ដី​រាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ កាលព្រឹក​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០២០​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ អមដំណើរ​ដោយ​អភិបាល​រង​ខេត្ត​ និង​មន្ត្រី​ពាក់ព័ន្ធ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ខ្មោច​នាវា​លិច​ទឹក​ខាងលើ​ ដើម្បី​រៀបចំ​ឲ្យ​មាន​កម្លាំង​សមត្ថកិច្ច​ប្រចាំ​ការ​នៅ​តំបន់​នោះ​ រហូត​គ្រាប់​យុទ្ធភ័ណ​ទាំងអស់​ ត្រូវ​បាន​យក​ចេញ​ដោយ​សុវត្ថិភាព​។

ជាមួយគ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ កុំ​ឲ្យ​ចូល​ទៅ​ធ្វើការ​នេសាទ​ក្នុង​តំបន់​ហាមឃាត់​នោះ​ជាដាច់ខាត​ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ ​ដល់​អាយុជីវិត​បាន​គ្រប់​ពេល​ ដូច្នេះ​ត្រូវ​រង់ចាំ​រហូត​មន្ត្រី​​ជំនាញ​ មក​ធ្វើការ​បោសសម្អាត​ ​​គ្រាប់​យុទ្ធភ័ណ​ទាំងនោះ​ ​រួចរាល់​ហើយ​ទេីប​យេីង​ចូល​ទៅ​បាន។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ មាន​ក្រុម​ហ៊ុនសហគ្រាសសុភារ័ត្នអភិវឌ្ឍន៍​ ​បាន​បូមយក​ខ្សាច់​នៅ​តំបន់​នោះ​ ហើយ​ដឹក​យក​ទៅ​ដល់​រាជធានី​ភ្នំពេញ​ ទេីប​ប្រទះ​ឃើញ​គ្រាប់​ ចំនួន​៣ប្រភេទ​ គឺមាន​ ១-គ្រាប់AK57​ចំនួន៣គីឡូក្រាម​ ២-គ្រាប់៦០មីលីម៉ែត្រ​ ចំនួន១៦គ្រាប់​ និងគ្រាប់៨០មីលីម៉ែត្រ​ ចំនួន១គ្រាប់​ ។

ហើយ​អាជ្ញាធរមូលដ្ឋាន​ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ដែល​មាន​មន្ត្រីស៊ីម៉ាក់​ និង​ក្រុមជំនាញមុជទឹក​ ដែលមានទីស្នាក់ការនៅខេត្តកំពង់ឆ្នាំង​ មកមុជទឹកពិនិត្យទីតាំងបូមខ្សច់​នោះ​ លទ្ធផល មុជទឹកជម្រៅ១៩ម៉ែត្រ ក្រុមជំនាញបានពិនិត្យឃើញទ្រង់ទ្រាយជា ម៉ារីន (នាវា​ចម្បាំង​)​ មួយគ្រឿង​ ផងដែរ​ ៕(ប្រភពពី លីម ប៉ៃលិន)

១

២

៣

៤

៥

ប្រភពផេក៖​ ទិដ្ឋភាពខេត្តកំពង់ចាម